ពេលមានជំងឺត្រូវរត់រកពេទ្យ ហើយថ្នាំគឺជាឱសថដែលត្រូវការយកមកលេប ចាក់ ឬប្រើប្រាស់តាមរបៀបផ្សេងៗពីគ្នា ដើម្បីព្យាបាលជំងឺជារឿងធម្មតាដែលមិនអាចចៀសផុតទៅហើយ។ ទោះជាយ៉ាងនេះក្តី ថ្នាំពេទ្យទាំងអស់សុទ្ធតែមានតម្លៃខុសៗគ្នាទៅតាមគុណភាព ក្រុមហ៊ុនដែលផលិត រួមទាំងប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ ដែលពេលខ្លះក៏មានអ្នកជំងឺខ្លះមិនហ៊ានចំណាយ ឬស្តាយក្នុងការទិញថ្នាំព្យាបាលក៏មាន តែជំងឺខ្លះត្រូវតែទិញមកព្យាបាលជាចាំបាច់។

តែលោកអ្នកជឿទេថា នៅលើលោកយើងនេះថ្នាំពេទ្យមួយចំនួនខ្លះ មានតម្លៃថ្លៃខ្លាំងណាស់ ស្ទើរតែរកលុយមួយជីវិតទិញប្រើប្រាស់មិនបានផង។

ចង់ដឹងថាថ្លៃនោះមានអ្វីខ្លះ សម្រាប់ព្យាបាលជំងឺអ្វី សូមមកតាមដានទាំងអស់គ្នា៖

១០.ថ្នាំ Invokana

ថ្នាំ Invokana ត្រូវបានផលិត និងចេញលក់នៅក្នុងឆ្នាំ ២០១៤ ជាថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលត្រូវប្រើជាមួយនឹងថ្នាំ Metformin ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ ទោះជាយ៉ាងនេះក្តី ថ្នាំនេះពិតមានតម្លៃថ្លៃណាស់ ដែលខ្ទង់ចំណាយមួយខែៗទៅលើថ្នាំមួយប្រភេទនេះអស់ទៅដល់ជាង ៥៣២ដុល្លារ ឯណោះ។ ថ្នាំនេះគឺ ជាថ្នាំពេទ្យដែលមានគុណភាពពិសេសមួយ (Tier 2) តែមិនទាន់មានអ្នកជំងឺណាម្នាក់ហ៊ានប្រើ ឬដឹងពីប្រសិទ្ធភាពថ្នាំនេះនៅឡើយទេដោយសារតែតម្លៃរបស់វា។

រូបតំណាងថ្នាំ Invokana

៩. ថ្នាំ Advair

Advair គឺជាថ្នាំព្យាបាលជំងឺប្រព័ន្ធដង្ហើម និងជំងឺហឺត ដែលផ្សំពីសារធាតុពិសេសៗដូចជា Corticosteroid (fluticasone) និង Beta-agonist (salmeterol) ដើម្បីជួយសម្រួលដល់បញ្ហារលាកសួត និងបញ្ហាផ្លូវដង្ហើមធ្វើឱ្យដកដង្ហើមបានស្រួលជាងមុនផងដែរ។ បើទោះបីជាថ្នាំនេះមានប្រសិទ្ធភាពពូកែស័ក្តិសិទ្ធយ៉ាងណាកដោយ តែវាមានតម្លៃខ្លាំងណាស់ ដោយមួយបំពង់បឺតមានតម្លៃដល់ទៅជាង ៥៨៨ដុល្លារ

រូបតំណាងថ្នាំ Advair

៨.ថ្នាំ Restasis

Restasis គឺជាទឹកថ្នាំបន្តក់ភ្នែក ដែលអាចជួយព្យាបាលជំងឺភ្នែកស្ងួតបាន តែវាក៏ជាថ្នាំដែលថ្លៃខ្លាំងណាស់ដែរ គឺមានតម្លៃរហូតដល់ទៅ ៥៨៨ដុល្លារ ក្នុងមួយកូនដបតូចចំណុះ ០.៤មីលីលីត្រ និងអាចប្រើប្រាស់បានចំនួន៣០ដំណក់។ ទោះជាយ៉ាងនេះក្តី មុននឹងប្រើប្រាស់គួរតែធ្វើការពិនិត្យ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន។

រូបតំណាងថ្នាំ Restasis

៧. ថ្នាំ Novolog

Novolog គឺជាប្រភេទទឹកថ្នាំអរម៉ូនអាំងស៊ុយលីនដែលចាក់ចូលទៅក្នុងរាងកាយដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២។ ពីមួយឆ្នាំទៅមួយឆ្នាំ ថ្នាំមួយនេះចេះតែឡើងថ្លៃជាបន្តបន្ទាប់ ដោយនៅក្នុងបច្ចុប្បន្ននេះ ការប្រើប្រាស់ថ្នាំចាក់នេះក្នុងមួយខែៗ មានតម្លៃដល់ទៅជាង ៦៣៣ដុល្លារ។ បើទោះបីជាមានក្រុមហ៊ុនជាច្រើនបានផលិតថ្នាំនេះឡើងក៏ដោយ តែវានៅតែមានតម្លៃថ្លៃដដែល។

រូបតំណាងថ្នាំ Novolog

៦. ថ្នាំ Truvada

ថ្នាំ Truvada គឺហៅម្យ៉ាងទៀតថា PrEP ត្រូវបានគេប្រើប្រាស់សម្រាប់ការពារការឆ្លងមេរោគ HIV (អេដស៍)។ តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពដល់ទៅ ៩០ ទៅ ៩៦% តែត្រូវប្រើជាប្រចាំក្នុងមួយអាទិត្យ៤ដង។ ដោយសារតែវាជាថ្នាំដែលមានគុណភាព និងប្រសិទ្ធភាពបែបនេះហើយ សូម្បីតែតម្លៃក៏មិនណយដែរ ដោយក្នុងមួយខែៗយ៉ាងហោចណាស់ក៏ត្រូវចំណាយលុយដល់ទៅជាង ១ ៩៧៨ដុល្លារ ឯណោះ។

រូបតំណាងថ្នាំ Truvada

៥. ថ្នាំ Humira

Humira គឺជាថ្នាំដែលអាចជួយព្យាបាលជំងឺសន្លាក់ឆ្អឹង (Rheumatoid arthritis) និងជំងឺ Crohn (ជាជំងឺដែលប៉ះពាល់ដល់ផ្នែកណាមួយនៃក្រពះពោះវៀនរហូតដល់រន្ធគូទ)។ ប៉ុន្តែថ្នាំមួយប្រភេទនេះពិតជាមានតម្លៃថ្លៃខ្លាំងណាស់ គ្រាន់តែប្រើប្រាស់ចំនួន ៣០ថ្ងៃ ត្រូវចំណាយប្រាក់ដល់ទៅ ៧ ៧១៩ ដុល្លារ ដោយតម្លៃថ្នាំនេះតែងតែកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

រូបតំណាងថ្នាំ Humira

៤.ថ្នាំ Myozyme

Myozyme គឺជាថ្នាំសម្រាប់ព្យាបាលជំងឺកម្រដ៏គ្រោះថ្នាក់មួយមានឈ្មោះថា Pompe ដែលជារោគសញ្ញាបំផ្លាញសាច់ដុំគ្រោងឆ្អឹង និងបេះដូង ហើយប្រសិនជាមិនបានទទួលការព្យាបាលឱ្យទាន់ពេលវេលាទេ អ្នកជំងឺអាចប្រឈមនឹងសេចក្តីស្លាប់បានក្នុងរយៈពេល ១ឆ្នាំ។ ទោះជាយ៉ាងនេះក្តីថ្នាំ Myozyme នេះមានតម្លៃថ្លៃខ្លាំងណាស់ ដែលអ្នកត្រូវចំណាយប្រាក់ចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ ដល់ទៅ ៣០ម៉ឺនដុល្លារឯណោះ។

រូបតំណាងថ្នាំ Myozyme

៣.ថ្នាំ Acthar

Acthar គឺជាថ្នាំដែលណែនាំដោយគ្រូពេទ្យដើម្បីព្យាបាលជំងឺប្រកាច់ ឬកន្ត្រាក់សាច់ដុំ ដែលភាគច្រើនអាចព្យាបាលលើកុមារដែលមានអាយុ ៤ខែ ទៅ១១ខែឱ្យជាសះស្បើយ និងអាចព្យាបាលទៅលើកុមារមានអាយុចាប់ពី២ឆ្នាំឡើងទៅនៅក្នុងលក្ខខណ្ឌមួយចំនួន។ ក្រៅពីអាចព្យាបាលទៅលើទារក ថ្នាំមួយនេះក៏អាចប្រើប្រើប្រាស់សម្រាប់មនុស្សធំផងដែរ ក្នុងការព្យាបាលជំងឺក្រិនលើផ្នែកមួយចំនួននៃរាងកាយ។ ប៉ុន្តែថ្នាំមួយនេះមានតម្លៃថ្លៃខ្លាំងណាស់ សម្រាប់ការចំណាយលើថ្លៃថ្នាំនេះក្នុងមួយឆ្នាំ អស់ដល់ទៅជាង ២០ម៉ឺនដុល្លារ។ ទោះជាយ៉ាងនេះក្តី តាមរយៈការសិក្សាបានបង្ហាញថា ថ្នាំនេះអាចមានប្រសិទ្ធភាពខ្លាំងក៏ពិតមែន តែពេលខ្លះថ្នាំតម្លៃថោកជាងនេះក៏អាចព្យាបាល និងមានប្រសិទ្ធភាពសម្រាប់ជំងឺទាំងនេះជាងថ្នាំតម្លៃថ្លៃផងដែរ។

រូបតំណាងថ្នាំ Acthar

២. ថ្នាំ Soliris

Soliris គឺជាថ្នាំដែលមានប្រសិទ្ធភាពនៅក្នុងការព្យាបាលជំងឺ Paroxysmal nocturnal hemoglobinuria ដែលជាជំងឺដ៏កម្រមួយកើតឡើងលើមនុស្សម្នាក់ក្នុងចំណោម ៨០០០នាក់ប៉ុណ្ណោះ។ ជំងឺមួយនេះនឹងបំផ្លាញកោសិកាឈាមក្រហម ធ្វើឱ្យអ្នកជំងឺមានអាការស្លេកស្លាំង កកឈាម និងឆ្លងជំងឺផ្សេងៗយ៉ាងងាយ។ ថ្នាំ Soliris អាចជួយព្យាបាលជំងឺនេះបាន តែវាមនតម្លៃថ្លៃខ្លាំងណាស់ ក្នុងមួយឆ្នាំៗត្រូវចំណាយដល់ទៅជាង ៧០ម៉ឺនដុល្លារ

រូបតំណាង ថ្នាំ Soliris

១. ថ្នាំ Glybera

Glybera គឺជាថ្នាំដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើលោកសម្រាប់ព្យាបាលជំងឺដ៏កម្រមួយមានឈ្មោះថា Familial lipoprotein lipase deficiency ជាជំងឺកង្វះជាតិខ្លាញ់ក្រពេញប្រូហ្វីស៊ីអ៊ីដ (ធ្វើឱ្យអ្នកជំងឺលើសជាតិខ្លាញ់មួយចំនួន ហើយធ្វើឱ្យប៉ះពាល់ដល់លំពែង បង្កជាជំងឺរ៉ាំរ៉ៃ) ដែលជាជំងឺកម្របំផុតលើផែនដី ដោយក្នុងទ្វីបអឺរ៉ុបអ្នកកើតជំងឺនេះមានចំនួនត្រឹមតែ ១២០០នាក់ ហើយនៅលើពីភពលោកមានអ្នកជំងឺនេះត្រឹមតែ ១លាននាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីថ្នាំនេះមិនត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់ឡើយនៅសហរដ្ឋអាមេរិក ហើយវាមានតម្លៃថ្លៃខ្លាំងណាស់ដោយក្នុងមួយឆ្នាំត្រូវចំណាយលើថ្នាំដល់ទៅ ១.២លានដុល្លារ

រូបតំណាងថ្នាំ Glybera

ចំណាំ៖ 

មិនថាថ្នាំទាំងនោះមានតម្លៃថ្លៃ ​និងមានប្រសិទ្ធភាពយ៉ាងណានោះទេ អ្នក​ត្រូវតែពិភាក្សា និងទទួលបានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតជំនាញជាមុនសិន មុននឹងធ្វើការប្រើប្រាស់!៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]