ជំងឺបាក់ទឹកចិត្ត ជាជំងឺដ៏កាចសាហាវមួយ ដែលអាចសម្លាប់មនុស្សបាន លឿនជាងជំងឺមហារីកទៅទៀត។ វាធ្វើឲ្យមនុស្សចាប់ផ្ដើម បាត់បង់ការគ្រប់គ្រងលើខ្លួនឯង ក្លាយទៅជាមនុស្សដែលឯកា មើលលែងឃើញពីតម្លៃរបស់ខ្លួនឯង ចាប់ផ្ដើមឃុំខ្លួនឯងជាមួយនឹងកំហុស ដែលបានសាងក្នុងអតីតកាល។ ដំណាក់កាលធ្ងន់ធ្ងរបំផុត គឺដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯងតែម្ដង។

អ្នកវិភាគផ្នែកចិត្តសាស្រ្ត បានរកឃើញថា វិធីដែលអាចព្យាបាលបញ្ហាទាំងអស់នេះបាន គឺការលើកទឹកចិត្តឲ្យអ្នកជំងឺ ចេះស្រលាញ់ខ្លួនឯង បង្កើតទំនុកចិត្តឲ្យខ្លួនឯង ស្គាល់ពីខ្លួនឯង ចេះសម្របខ្លួន ជាមួយនឹងបរិយាកាស ដែលខ្លួនកំពុងរស់នៅ។

ប្រសិនបើអ្នកកំពុងតែប្រឈមមុខ ជាមួយនឹងជំងឺនេះ សូមសាកល្បងអនុវត្តន៍វិធីខាងក្រោម៖

១ អភ័យទោសឲ្យខ្លួនឯងចំពោះកំហុសរបស់អ្នក

ការគិតពីកំហុសរបស់ខ្លួនឯង អាចធ្វើឲ្យអ្នក មើលពីជម្រើសមិនល្អមួយចំនួន ដែលអ្នកបានធ្វើ ហើយទទួលភាពបរាជ័យ។ វាគ្រាន់តែជាបទពិសោធន៍ ក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ដូច្នេះសូមអភ័យទោសខ្លួនឯងហើយចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី។  

រូបភាព តំណាង

២ ផ្តល់ឱកាសឲ្យខ្លួនអ្នកបានសម្រាក

គ្មាននរណាម្នាក់ ដែលល្អឥតខ្ចោះនោះទេ ហើយអ្នកក៏មិនចាំបាច់រំពឹងថា ខ្លួនអ្នកត្រូវតែ ជាមនុស្សអស្ចារ្យម្នាក់នោះដែរ។ ពេលខ្លះ អ្នកត្រូវធ្វើអ្វីជាច្រើនយ៉ាងពេកហើយ ដើម្បីផ្គាប់ចិត្តអ្នកដទៃ ដើម្បីគ្រាន់តែចង់ឲ្យអ្នកដទៃ មានមោទនភាពលើខ្លួនអ្នក។ ដូច្នេះសូមសម្រាកពីរឿងអស់នោះទៅ។ ក្នុងនោះផងដែរ អ្នកគួរតែ ព្យាយាមទុកពេល ១ម៉ោង ឬ ៣០នាទីដើម្បីសម្រាក។ 

ជាការសម្រាកពីភាពច្របូកច្របល់នៃជីវិត អាចជាការមុជទឹកជាមួយពពុះសាប៊ូ ការអានសៀវភៅ ឬការតាំងសមាធិជាដើម។ ការធ្វើសមាធិ គឺជាវិធីដ៏ល្អមួយដើម្បីសម្រាកចិត្ត និង ខួរក្បាល។ 

រូបភាព តំណាង

៣ ព្យាយាមរីករាយដោយខ្លួនឯង

វាជារឿងល្អ ប្រសិនបើអ្នកអាចចំណាយពេលវេលា ២ ឬ៣ថ្ងៃ ដើម្បីធ្វើអ្វីមួយដែលដែលចង់ធ្វើ សម្រាប់ខ្លួនអ្នក។ ការធ្វើដូច្នេះ អាចបង្រៀនឲ្យអ្នក រីករាយជាមួយនឹងខ្លួនឯង ហើយមានទំនុកចិត្តច្រើនជាងមុន។

លើសពីនេះទៅទៀត ការចេញទៅខាងក្រៅ ជាមួយនឹងការតុបតែងខ្លួនបានស្រស់ស្អាត វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្រស់ស្រាយ។ អ្នកអាចទៅមើលកុន ឬស្វែងរកអ្វីដែលថ្មីដើម្បីសាកល្បង អ្នកនឹងទទួលអារម្មណ៍ថា ពិភពលោកនេះ មានរឿងសប្បាយៗជាច្រើន ដែលអ្នកមិនទាន់បានសាកល្បង។ 

រូបភាព តំណាង

៤ ធ្វើបញ្ជីមួយរៀបរាប់ពី សមិទ្ធផលរបស់អ្នក

ការបង្កើតបញ្ជី ពីអ្វីដែលអ្នកធ្វើបានសម្រេច គឺជាវិធីដ៏ល្អ ដើម្បីឲ្យអ្នកអាចមើលឃើញពី ចំណុចល្អរបស់ខ្លួនឯង។ ជួនកាល អ្នកអាចផ្តោតអារម្មណ៍ ទៅលើតែភាពអវិជ្ជមាន រហូតភ្លេចគិតពី ភាពវិជ្ជមានរបស់ខ្លួនឯង ដូច្នេះនេះគឺជាវិធីដ៏ល្អមួយដើម្បីរំលឹកខ្លួនឯង ថាអ្នកមិនមែនបរាជ័យគ្រប់រឿងនោះទេ។ 

រូបភាព តំណាង

៥ មើលថែខ្លួនឯង

ប្រសិនបើ មានអ្វីម្យ៉ាងប៉ះទង្គិចចិត្តអ្នក ឬធ្វើឲ្យអ្នកខឹង ចូរអ្នកគិតពីវា។ គិតពីមូលហេតុ ដែលនាំឲ្យអ្នកខឹងក្រោធ។ និយាយវាចេញមក តាមសម្រួល រួចពិភាក្សា ដើម្បីរកវិធីដោះស្រាយ។ ប្រសិនបើអ្នកលាក់វាទុកក្នុងចិត្ត វានឹងក្លាយទៅជាសម្ពាធ ព្រោះមនុស្សជាច្រើន ដែលកើតជំងឺបាក់ទឹកចិត្ត គឺដោយសារតែពួកគេ ព្យាយាមបិទបាំងអារម្មណ៍នៃកំហឹងរបស់ខ្លួនឯង។

ការខឹងអាចជាការពិបាក ក្នុងការទទួលយក។ វាដូចជាមនុស្សដែលមានវ័យក្មេង មិនអាចគ្រប់គ្រងលើកំហឹងរបស់ខ្លួនឯងបាន។ ប៉ុន្តែប្រសិនបើ អ្នកទទួលរងនូវការរំលោភបំពាន ឬជួបរឿងអយុត្តិធម៌ អ្នកត្រូវតែទទួលស្គាល់ថា អារម្មណ៍ខឹង គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្ស ដែលត្រូវជួបប្រទះ។ 

រូបភាព តំណាង

៦ កុំផ្តាច់ខ្លួនអ្នកពីមនុស្សជុំវិញខ្លួន នៅពេលដែលអ្នកក្រៀមក្រំ

នៅពេលដែលអ្នកពិបាកចិត្ត អ្នកប្រហែលជាគិតដល់ ការនៅស្ងៀមៗម្នាក់ឯង ព្រោះមិនចង់ឲ្យអ្នកដទៃបារម្ភជាមួយបញ្ហារបស់អ្នក ពេលខ្លះអ្នកអាចនឹងគិតថា ប្រាប់ទៅក៏គ្មានអ្នកណាអាចជួយអ្នកបាន។

នៅពេលអ្នកមានអារម្មណ៍មិនល្អ អ្នកគួរតែ និយាយវាចេញមកជាមួយ មិត្តភក្តិជិតស្និទណាម្នាក់ ជាពិសេសគឺ គ្រួសាររបស់អ្នក ព្រោះពួកគាត់ជាមនុស្សដែល យកចិត្តទុកដាក់នឹងអ្នកបំផុត ហើយពេញចិត្តក្នុងការទទួលស្ដាប់ ពីអ្វីដែលកំពុងកើតឡើងចំពោះអ្នក។ ហើយអ្នកនឹងទទួលអារម្មណ៍ថា កក់ក្ដៅ មានសុវត្ថិភាព បន្ទាប់ពីទទួលបានការលួងលោម និង ដំណោះស្រាយពីពួកគេ។ 

រូបភាព តំណាង

៧ ធ្វើអ្វីដែលអ្នកធ្លាប់ចូលចិត្តធ្វើ ... ទោះបីជាអ្នកមិនមានអារម្មណ៍បែបនេះក៏ដោយ

ជំងឺធ្លាក់ទឹកចិត្ត គឺជាស្ថានភាពអារម្មណ៍មួយ ដែលពិបាកបំផុតក្នុងការស៊ូទ្រាំ ព្រោះវាអាចបំផ្លាញឆន្ទៈ និងថាមពលរបស់អ្នក ក្នុងការចូលរួមសកម្មភាព ដែលអ្នកធ្លាប់ចូលចិត្តធ្វើ។ ប្រសិនបើអ្នក បណ្ដោយតាមវា នោះបានន័យថាអ្នកនឹងបាត់បង់ ការគ្រប់គ្រងលើខ្លួនឯងហើយ។ 

រូបភាព តំណាង

៨ មើលកម្មវិធីទូរទស្សន៍ ឬភាពយន្តកំប្លែង

វាហាក់ដូចជារឿងសាមញ្ញពេក ប៉ុន្តែអ្វីដែលធ្វើអោយអ្នកអាចសើច ឬញញឹមអាច ចូរអ្នកបន្តធ្វើវា។ ព្រោះវាអាចជួយ បញ្ចុះបញ្ចូលខួរក្បាលរបស់អ្នក ឱ្យសប្បាយរីករាយបាន។  

រូបភាព តំណាង

៩ លើកទឹកចិត្តខ្លួនឯង

ចូរផ្ដល់ឲ្យខ្លួនអ្នក នូវអ្វីដែលល្អបំផុត ដូចជាការ បរិភោគអាហារដែលល្អ សម្រាប់សុខភាព។ កុំខកខានឪកាសទៅដំណើរកំសាន្ត។ រៀនស្វែងយល់ពីជីវិតអ្នកដទៃ ដែលមានភាពលំបាកជាងអ្នក ដូចជា មានជីវភាពក្រក្សត់ជាងអ្នក មានអវយវមិនគ្រប់គ្រាន់ដូចអ្នក។ ចូរក្រឡេកមើលទៅពួកគេ ហើយមើលមកខ្លួនអ្នក ថាតើអ្នកមានសំណាងជាពួកគេប៉ុណ្ណាហើយ ដូច្នេះអ្នកគួរតែត្រេកអរ ជាមួយនឹងភាពល្អដែលអ្នកទទួលបានពីធម្មជាតិនេះ៕  

រូបភាព តំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]