ស៊ុយអ៊ែត៖ រថយន្តរាប់សិបគ្រឿងត្រូវបានដុត ហើយប៉ូលិសត្រូវបានគប់នឹងដុំថ្ម ខណៈយុវជនទំនើងជាច្រើនក្រុម ដែលមិនដឹងជាកម្រោលចូលរឿងអីទើបនាំគ្នាបង្កសកម្មភាពបំផ្លាញទូទាំងប្រទេសស៊ុយអ៊ែត កាលពីល្ងាចម្សិលមិញ។

រថយន្តរាប់សិបគ្រឿងត្រូវបានដុតនៅស៊ុយអ៊ែត

ករណីភ្លើងឆេះត្រូវបានរាយការណ៍នៅក្រុងម៉ាលម៉ូ ក្រុងហ្គូថិនប៊ើក និង ហ៊ែលស៊ីនប៊ើក ខណៈវីដេអូឃ្លីបបានបង្ហាញពីក្រុមយុវជនឈាមរាវ នាំគ្នាកម្ទេចឡានជាច្រើនក្នុងផ្សារទំនើបមួយកន្លែង និងចំណតឡានរបស់មន្ទីរពេទ្យនៅក្រុងហ្វ្រូលុនដាថក ប៉ែកខាងលិចនៃប្រទេសអឺរ៉ុបមួយនេះ។  

ក្រោយហេតុការណ៍នេះផ្ទុះឡើង ប៉ូលិសបានបើកការស៊ើបអង្កេតកាលពីយប់មិញ ថាតើករណីភ្លើងឆេះនៅច្រើនកន្លែងខាងលើមានជាប់ពាក់ព័ន្ធគ្នាឬអត់ ដោយក្រុមធំបំផុតដែលមានគ្នាប្រមាណ ៤០ នាក់បានប្រមូលផ្តុំគ្នា រួចធ្វើសកម្មភាពគប់ដុំថ្ម និងដុតភ្លើងឱ្យឆេះផ្អើលតែម្តង នៅក្រុងត្រូលហាថាន់ ប៉ែកខាងជើងក្រុងហ្គូថិនប៊ើក។

រថយន្តរាប់សិបគ្រឿងត្រូវបានដុតនៅស៊ុយអ៊ែត

បើតាមវីដេអូដែលគេថតបាន រថយន្តជាច្រើនគ្រឿងកំពុងឆេះយ៉ាងសន្ធោរសន្ធៅ ក្នុងចំណតរថយន្តដ៏ធំមួយនៅក្រុងហ្វ្រូលុនដាថក ដែលមានទាំងមន្ទីរពេទ្យឯកទេសមួយកន្លែង និងផ្សារទំនើបមួយទីតាំងផងដែរ។

របាយការណ៍អំពីយុវជនដុតឡានរួមមាន ក្នុងក្រុងហ៊ែលបូ ប៉ែកឥសាននៃក្រុងហ្គូថិនប៊ើក ក្នុងក្រុងម៉ាលម៉ូ ដែលស្ថិតនៅចុងខាងជើងនៃប្រទេស និងក្នុងក្រុងហ៊ែលស៊ីនបក។

បើតាមការបញ្ជាក់ពីមន្ត្រីប៉ូលិស ភ្នាក់ងារបង្ក្រាបបញ្ហាអាសន្នបានទប់ទល់ជាមួយអំពើហិង្សាដែលបានផ្ទុះឡើងនេះ ប៉ុន្តែគ្មានរបាយការណ៍ថាមានអ្នករបួសឡើយ។ ទោះយ៉ាងណា ភ្លើងត្រូវបានពន្លត់នៅត្រឹមពាក់កណ្តាលយប់ ហើយប៉ូលិសកំពុងវែកមុខយុវជនទាំងនោះ ថ្វីបើគេមិនទាន់ច្បាស់ថាមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងហើយឬនៅ។

“ខណៈភ្លើងឆេះភាគច្រើនកើតឡើងក្នុងរយៈពេលខ្លី ប៉ុន្តែគេមិនអាចដកការសន្និដ្ឋានថា វាជាប់ពាក់ព័ន្ធជាមួយគ្នាឬអត់នោះទេ ហើយករណីនេះនឹងត្រូវស៊ើបអង្កេត។” ប៉ូលិសបានឱ្យដឹងដូច្នេះ។  

រថយន្តរាប់សិបគ្រឿងត្រូវបានដុតនៅស៊ុយអ៊ែត

បើតាមវិទ្យុជាតិស៊ុយអ៊ែត ភ្នាក់ងារពន្លត់អគ្គិភ័យ ៤០ នាក់បានចុះទៅពន្លត់នៅច្រើនទីតាំងខុសៗគ្នា ហើយយានជំនិះសរុបប្រមាណ ៨០ គ្រឿងត្រូវបានកម្ទេច ដែលមានទាំងផ្ទះចល័តលើរថយន្ត ៣ គ្រឿង ព្រមទាំងឡានដឹកទំនិញមួយគ្រឿងផងដែរ ខណៈសាក្សីដែលឃើញហេតុការណ៍នេះបានរៀបរាប់ភិនភាគរបស់ក្មេងជំទង់ៗទាំងនោះថាជាក្រុម “សក់ខ្មៅ”។

គួរបញ្ជាក់ថា អំពើហិង្សានេះបានកើតឡើងមុនពេលអ្នកបោះឆ្នោតស៊ុយអ៊ែត ត្រូវធ្វើប្រជាមតិក្នុងព្រឹត្តការណ៍បោះឆ្នោតថ្នាក់ជាតិមួយត្រឹម ៣ សប្តាហ៍ទៀតប៉ុណ្ណោះ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]