ស្នេហាប្រៀបបានទៅជាហ្គេមកម្សាន្តមួយ បើលេងត្រូវក្បួនអ្នកនឹងឈ្នះ ហើយបើលេងខុសក្បួនអ្នកនឹងចាញ់ រីឯស្នេហាវិញ បើជ្រើសរើសមនុស្សខុសអ្នកនឹងស្គាល់តែភាពឈឺចាប់ និងការខូចចិត្តតែប៉ុណ្ណោះ តែប្រសិនបើជ្រើសរើសមនុស្សត្រូវ អ្នកនឹងទទួលបានតែស្នាមញញឹមដ៏មានសុភមង្គល និងភាពរីករាយពីបុគ្គលម្នាក់នោះថែមទៀតផង។

តែយ៉ាងណាមិញ គ្មាននរណាម្នាក់អាចដឹងច្បាស់បានទេថា តើបុគ្គលម្នាក់ណាល្អ បុគ្គលម្នាក់ណាអាក្រក់ ហើយបុគ្គលណាមានភាពស្មោះត្រង់ និងបុគ្គលណាគ្មានភាពស្មោះត្រង់នោះឡើយ ប្រសិនបើអ្នកមិនបានសាកស្វែងយល់ ពីបុគ្គលម្នាក់នោះ។

ជាក់ស្ដែងស្របពេលដែលសាកល្បង ក្នុងការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកនេះដែរ យើងក៏ជឿជាក់ថា អ្នកនឹងទទួលបានចម្លើយមួយ ក្នុងចំណោមចម្លើយវិជ្ជមាន និងអវិជ្ជមាន ដោយនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត និងលទ្ធផលខកចិត្តផងដែរ។

ទន្ទឹមជាមួយគ្នានេះដែរ ដោយសង្កេតឃើញថាភាគច្រើននារីៗ ត្រូវបានជួបប្រទះហេតុការណ៍យ៉ាងដូច្នេះជាញឹកញាប់ជាងបុរស ទើបថ្មីៗតាមប្រភពសារព័ត៌មានបរទេសមួយ បានលើកជាចំណុចមួយចំនួន ដើម្បីជាជំនួយ និងជាការដាស់តឿនមួយដល់មិត្តនារីៗ ប្រសិនបើមិនចង់ខូចចិត្តធ្ងន់ធ្ងរ ដោយក្នុងនោះមានដូចជា៖ 

រូបតំណាង
រូបតំណាង

១.កុំសម្លឹងឃើញអ្វីសុទ្ធសឹងតែល្អ

អាចនិយាយបានថា នារីៗខ្លះជាបុគ្គលដែលមានចិត្តទន់ជ្រាយ ហើយជាពិសេសចូលចិត្តមើលអ្វីគ្រប់យ៉ាងគឺនៅក្នុងផ្លូវល្អ តែចំណុចមួយនេះគឺវាមិនបានន័យថា អាក្រក់ទាំងអស់នោះទេ ប៉ុន្តែគួរគប្បីបែងចែកឲ្យដាច់ពីភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវ កុំបណ្ដោយឲ្យក្ដីស្រលាញ់ខ្លាំងពេករបស់អ្នក ធ្វើជាអ្នកកាត់សេចក្ដី។ 

រូបតំណាង

២.ហាមដាច់ខាតចំពោះការលង់នឹងរូបសម្បត្តិរបស់គេ

ជាការពិតណាស់ ចំណុចដំបូងបង្អស់ ដែលនារីៗនឹងចាប់អាម្មណ៍សម្លឹងមើលនោះគឺ រូបរាង និងភាពទាក់ទាញរបស់បុរសៗ តែរូបរាង និងភាពទាក់ទាញទាំងនោះ នឹងប្រែប្រួល នៅក្នុងថ្ងៃណាមួយជាមិនខាន មានតែចិត្ត និងគំនិតរបស់គេទេ ដែលវានឹងជារៀងរហូត ដូច្នេះអ្នកគួរតែជ្រើសរើសឲ្យច្បាស់ មុនសម្រេចចិត្ត។ 

រូបតំណាង

៣.ចិត្តល្អខ្លាំងពេក

ចំពោះទឹកចិត្តល្អវាគឺជារឿងដ៏ល្អមួយហើយ ប៉ុន្តែមិនមែនធ្វើល្អសម្រាប់គេគ្រប់រឿង រហូតភ្លេចធ្វើអ្វីល្អៗសម្រាប់ខ្លួនឯងខ្លះនោះទេ ព្រោះថាមានតែអ្នកខ្លួនឯងទេ ដែលស្គាល់ពីខ្លួនឯង និងដឹងពីតម្រូវការរបស់ខ្លួនឯងច្បាស់។ 

រូបតំណាង

៤. ស្មោះត្រង់ និងងប់ងល់ជ្រុលពេក

ចំណុចមួយនេះគឺជាចំណុចមួយដ៏សំខាន់ សម្រាប់ប្រិយមិត្តនារីៗ គួរតែចៀសវាងប្រសិនបើជាអាច ព្រោះថាចំណុចមួយនេះដែរ អាចនឹងធ្វើឲ្យអ្នកលង់ខ្លួនចូលទៅក្នុងវិបត្តិស្នេហ៍ដោយមិនដឹងខ្លួន ដោយនេះប្រៀបបាននឹងកាំបិតមុខពីរ ដែលអាចនឹងធ្វើឲ្យអ្នកខកចិត្ត ឫក៏អាចឲ្យគេឃើញ ពីភាពស្មោះត្រង់របស់អ្នកជាដើម។ 

រូបតំណាង

៥.ប្រុងប្រយ័ត្នចំពោះពាក្យសម្ដីផ្អែមល្ហែម

ជាការពិតណាស់ ពាក្យសម្ដីផ្អែមល្ហែមគឺជាអ្វីដែលនារីៗ តែងតែចង់បានពីមនុស្សដែលខ្លួនស្រលាញ់ តែត្រូវចាំថា ប្រសិនបើបុគ្គលរូបនោះប្រើប្រាស់សម្ដីកាន់តែផ្អែម អ្នកគួរគប្បីប្រយ័ត្នខ្លួនឯងឲ្យកាន់តែខ្លាំង ព្រោះនេះជាជំនាញដ៏ស្ទាត់មួយរបស់បុគ្គលខិលខូច ផងដែរ។ 

រូបតំណាង

៦.ពាក្យសន្យាដែលថាធ្វើដើម្បីអ្នក

ត្រូវចងចាំថា ពាក្យសន្យាគឺជាពាក្យមួយឃ្លា ដែលនិយាយចេញពីមាត់រួចហើយ ប៉ុន្តែមិនទាន់បានលេចជារូបរាង ឲ្យយើងបានឃើញពីលទ្ធផលរបស់វានៅឡើយនោះទេ ដូច្នេះហើយអ្នកគួរគប្បីតែត្រៀមចិត្ត និងកុំរំពឹងខ្ពស់ខ្លាំងពេក សម្រាប់ពាក្យសន្យាដៃគូរបស់អ្នក ដែលបាននិយាយទៅកាន់រូបអ្នក។  

រូបតំណាង

៧.ការអត់ទោសឲ្យចំពោះរឿងដដែលៗ

ការអត់ទោសសម្រាប់បុគ្គលណាម្នាក់ ដែលចេះដឹងខ្លួនខុស វាក៏ជារឿងមួយដ៏ល្អប្រសើរ ប៉ុន្តែប្រសិនបើចំពោះបុគ្គលម្នាក់នោះ នៅតែព្យាយាមប្រព្រឹត្តអំពើខុសឆ្គងទាំងនោះដដែលៗ អ្នកគួរតែចៀសវាងការប្រើប្រាស់វិធីនេះតទៅទៀត ហើយជ្រើសរើសវិធីផ្សេងណាមួយ ដើម្បីយកមកដោះស្រាយវិញជាការល្អជាង។  

រូបតំណាង

៨.កុំបណ្ដោយឲ្យខ្លួនឯងមានអារម្មណ៍ថា អ្នកជាអ្វីៗសំខាន់សម្រាប់រូបគេខ្លាំងពេក

ចំណុចចុងក្រោយនេះដែរ គឺផ្ដោតទៅលើនារីៗ ដែលចូលចិត្តគិតតែម្នាក់ឯង ដោយប៉ាន់ស្មាន ព្រោះតែទង្វើល្អៗរបស់គេ ដែលបានធ្វើចំពោះខ្លួន ព្រោះវាអាចនឹងធ្វើឲ្យអ្នកខកចិត្តជាខ្លាំង នៅពេលក្រោយក៏ថាបានដែរ៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]