ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃបានចាប់ផ្តើមប្រើប្រាស់ដំបូងឡើយ តាំងពីសម័យដែលកម្ពុជាទើបរួចចាកពីអាណានិគមនិយមបារាំងមកម្ល៉េះក្នុងឆ្នាំ ១៩៤៨។ តែដោយសាររបបប្រទេសកម្ពុជាចេះតែផ្លាស់ប្តូរ ហើយនយោបាយប្រទេសជាតិមិនទាន់មានស្ថេរភាព បានជាមានការប្តូរទង់ជាតិប្រើប្រាស់ជាច្រើនដង រហូតដល់ប្រទេសកម្ពុជាមានសេរីភាព និងបូរណភាពទឹកដីពេញលេញក្លាយជាព្រះរាជាណាចក្រកម្ពុជាទី២ ទើបទង់ជាតិដដែលនេះបានយកមកប្រើម្តងទៀតចាប់ពីឆ្នាំ ១៩៩៣ រហូតល់បច្ចុប្បន្ន។

ទង់ជាតិបច្ចុប្បន្នត្រូវបានគេដឹងថាមាន៣ពណ៌ គឺពណ៌ក្រហមនៅផ្នែកកណ្តាល មានពណ៌ខៀវនៅផ្នែកខាងលើ និងខាងក្រោមជាពិសេសគឺកំពូលប្រាង្គប្រាសាទអង្គរវត្តពណ៌សនៅចំកណ្តាល ដែលសុទ្ធតែមានបង្កប់អត្ថន័យជ្រាលជ្រៅដូចជា៖

- ពណ៌ខៀវ៖ តំណាងឱ្យអង្គព្រះមហាក្សត្រដែលគ្រប់គ្រង និងថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព មេត្តាភាព និងកិច្ចបង្រួបបង្រួមជាតិប្រកបដោយភាពរុងរឿង ។

- ពណ៌ស រូបប្រាង្គប្រាសាទ៖ តំណាងឱ្យអរិយធម៌ខ្មែរដែលមានភាពរុងរឿងក្នុងសម័យមហានគរ ព្រមទាំងតំណាងឱ្យសាសនា បូរណភាពទឹកដី និងកេរ្តិ៍តំណែលខ្មែរ។

- ពណ៌ក្រហម៖ តំណាងឱ្យជាតិសាសន៍ ភាពអង់អាចក្លាហាន មោះមុត និងពលីគ្រប់យ៉ាងដើម្បីប្រទេសជាតិ និងទឹកដី។

ទោះជាយ៉ាងនេះក្តី មានឯកសារផ្លូវការជាច្រើនបានអះអាងថា ប្រទេសកម្ពុជាបានផ្លាស់ប្តូរទង់ជាតិច្រើនដងណាស់មកហើយ ទៅតាមសម័យកាល និងរបបនយោបាយប្រទេសជាតិដាច់ដោយឡែកពីគ្នា។

ដូច្នេះយើងនឹងលើកយកមកបង្ហាញជូនមិត្តអ្នកអានអំពីទង់ជាតិដែលប្រទេសកម្ពុជាធ្លាប់បានប្រើប្រាស់កន្លងមករហូតដល់សព្វថ្ងៃនេះ៖

ទង់ជាតិព្រះរាជាណាចក្រកម្ពុជា

ទង់ជាតិកម្ពុជាប្រើមុនឆ្នាំ១៨៦៣

ទង់ជាតិមួយនេះត្រូវបានប្រើប្រាស់នៅសម័យបុរាណតែគេមិនដឹងចាប់ពីពេលណាមកទេ គ្រាន់តែដឹងថាប្រើប្រាស់រហូតដល់ត្រឹមឆ្នាំ១៨៦៣។

ទង់ជាតិកម្ពុជាសម័យមុនឆ្នាំ ១៨៦៣

ទង់ជាតិកម្ពុជាសម័យអាណានិគមបារាំង

ក្រោមអាណានិគមនិយមបារាំងជិត ១សតវត្សរ៍ ខ្មែរយើងមានទង់ជាតិស្រដៀងនឹងទង់ជាតិកម្ពុជាសព្វថ្ងៃដែរ ដែលបានប្រើប្រាស់ក្នុងអំឡុងឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៤៨។ ទង់ជាតិនេះក៏ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុនដែរ នៅក្នុងឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៥។

ទង់ជាតិកម្ពុជាសម័យអាណានិគមបារាំង

ទង់ជាតិកម្ពុជាក្រោមការគ្រប់គ្រងរបស់ជប៉ុន

ទង់ជាតិមួយនេះត្រូវបានប្រើប្រាស់ចាប់ពីខែ មីនា ដល់ខែ តុលាក្នុងឆ្នាំ ១៩៤៥ ពោលគឺនៅក្នុងអំឡុងពេលដែលជប៉ុនបានគ្រប់គ្រងលើប្រទេសកម្ពុជាក្នុងរយៈពេលខ្លីមួយនាសម័យសង្គ្រាមលោកលើកទី២។

ទង់ជាតិកម្ពុជាក្រោមការគ្រប់គ្រងរបស់ជប៉ុន

ទង់ជាតិព្រះរាជាណាចក្រកម្ពុជាទី១ (សម័យសង្គមរាស្រ្តនិយម)

ទង់ជាតិដែលមានរូបរាងដូចជាទង់ជាតិព្រះរាជាណាចក្រកកម្ពុជាបច្ចុប្បន្នមួយនេះ ត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងពេលដែលកម្ពុជាជិតរួចផុតពីសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៥៣។ ហើយនៅតែបន្តប្រើប្រាស់ក្រោយពីកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងក្លាយជាព្រះរាជាណាចក្រកម្ពុជាទី១ ក្នុងឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០។

ទង់ជាតិព្រះរាជាណាចក្រកម្ពុជាទិ១

ទង់ជាតិសម័យសាធារណរដ្ឋកម្ពុជា

ទង់ជាតិមួយនេះ ត្រូវបានប្រើប្រាស់នៅក្នុងសម័យសាធារណរដ្ឋកម្ពុជា ឬហៅថាសម័យលន់នល់ ក្នុងអំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។

ទង់ជាតិសម័យសាធារណរដ្ឋកម្ពុជា

ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុលពត)

ទង់ជាតិដែលមានពណ៌ក្រហម និងមានរូបប្រាង្គប្រាសាទកំពូល ៣ ពណ៌លឿងនៅចំកណ្តាលមួយនេះត្រូវបានប្រើប្រាស់នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬហៅថាជំនាន់ប៉ុលពត គឺជាពេលដែលប្រទេសជាតិត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងនៅបន្តប្រើប្រាស់ក្នុងសម្ព័ន្ធរដ្ឋាភិបាលប្រជាធិបតេយ្យរហូតដល់ឆ្នាំ ១៩៩២ (ក្រុមរដ្ឋាភិបាលសម័យប៉ុលពតដែលមិនទាន់ចុះចូល)។

ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុលពត)

ទង់ជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជា

ក្រោយពីរំដោះប្រទេសជាតិពីសម័យកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាបានប្តូរមកជារបបសាធារណរដ្ឋកម្ពុជា និងប្រើប្រាស់ទង់ជាតិថ្មីមានពណ៌ក្រហមដូចទង់ជាតិសម័យកម្ពុជាប្រជាធិបតេយ្យដែរ តែមានប្រាង្គប្រាសាទពណ៌លឿងកំពូល៥នៅចំកណ្តាលមួយនេះ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩។

ទង់ជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជា

ទង់ជាតិសម័យរដ្ឋកម្ពុជា

ស្ថិតនៅក្នុងរបបរដ្ឋកម្ពុជា ទង់ជាតិថ្មីមួយដែលមានរូបរាងប្រហាក់ប្រហែលនឹងទង់ជាតិសព្វថ្ងៃ តែរូបប្រាង្គប្រាសាទមានពណ៌លឿងមួយនេះ ត្រូវបានប្រើប្រាស់នៅក្នុងឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩១។

ទង់ជាតិសម័យរដ្ឋកម្ពុជា

ទង់ជាតិសម័យ អ៊ុនតាក់

អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ ឬ UNTAC) គឺជាក្រុមប្រតិបត្តិរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីការពារ និងរៀបចំការបោះឆ្នោតដំបូងគេនៅកម្ពុជា។ ហើយទង់ជាតិមួយនេះក៏ត្រូវបានគេប្រើប្រាស់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣។

ទង់ជាតិសម័យ អ៊ុនតាក់

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាទី២ ដល់បច្ចុប្បន្ន

ក្រោយពីព្រះបិតាបង្រួបបង្រួមជាតិ ព្រះករុណា នរោត្តមសីហនុ យាងត្រលប់មកប្រទេសកម្ពុជាដើម្បីគ្រងរាជ្យសម្បត្តិសាជាថ្មី កម្ពុជាបានប្រែក្លាយទៅជាព្រះរាជាណាចក្រកម្ពុជាទី២។ ហើយបានចាប់ផ្តើមយកទង់ជាតិចាស់ដែលធ្លាប់ប្រើក្នុងអំឡុងឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៧០ មកប្រើប្រាស់ជាថ្មីម្តងទៀតចាប់ពីឆ្នាំ ១៩៩៣ រហូតមកទល់បច្ចុប្បន្ននេះ៕

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាទី២ ដល់បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]