បរទេស៖ បារីអេឡិចត្រូនិក (E-Cigarette) មានផ្ទុកសារជាតិនីកូទីនរាវ ដែលរងកម្តៅរួចក្លាយជាចំហាយដើម្បីស្រូបដោយការដកដង្ហើមចូល។ បារីប្រភេទនេះត្រូវបានគាំទ្រដោយប្រធានផ្នែកសុខភាពជាច្រើន ដើម្បីប្រើជាអាវុធប្រឆាំងទៅនឹងការជក់បារី (បារីធម្មតា)។ ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានព្រមានថា បារីដែលខុសពីធម្មតាមួយនេះ ប្រហែលជាគ្មានសុវត្ថិភាពដូចដែលគេធ្វើឱ្យអ្នកប្រើប្រាស់ជឿឡើយ ដោយវាអាចបង្កជាសារធាតុគីមី ដែលបណ្តាលឱ្យមានការរលាកនៅក្នុងផ្លូវដង្ហើម

ការបឺតបារីអេឡិចត្រូនិក

ប្រធានក្រុមនៃអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Birmingham ដែលនៅពីក្រោយការស្រាវជ្រាវមួយរូប បានជំរុញឱ្យមាន “”មន្ទិលដោយប្រុងប្រយ័ត្ន” ចំពោះសុវត្ថិភាពនៃឧបករណ៍នេះ។

ការទូន្មានខាងលើនឹងធ្វើឱ្យមានភាពច្របូកច្របល់ទាក់ទងនឹងបារីអេឡិចត្រូនិក ដែលសូម្បីតែភ្នាក់ងារសុខភាពផ្សេងៗរបស់រដ្ឋាភិបាល ក៏ខ្វែងគំនិតគ្នាលើប្រធានបទនេះដែរ។ ក្នុងនោះ ស្ថាប័នសុខភាពសាធារណៈអង់គ្លេស បានគាំទ្រឧបករណ៍ជក់បង្ហុយនេះ តាំងពីខ្លួនប្រកាសក្នុងរបាយការណ៍ដ៏សំខាន់មួយក្នុងឆ្នាំ ២០១៥ ថាចំណីសួតសម័យថ្មីនេះ ប៉ះពាល់តិចជាងការពិសាបារីធម្មតាប្រមាណជា ៩៥%។   

ការបឺតបារីអេឡិចត្រូនិក

ទោះយ៉ាងណា អង្គភាពផ្លូវការដែលណែនាំអំពីសុខភាពមួយផ្សេងទៀតឈ្មោះថា NICE មិនណែនាំឱ្យប្រើឧបករណ៍ស្រដៀងនឹងខ្សៀនេះទេ ក៏ព្រោះតែភស្តុតាងបញ្ជាក់ពីសុវត្ថិភាពរបស់វានៅមានកម្រិត។

បន្ថែមពីនេះ ការរកឃើញថ្មីៗជាច្រើនដែលត្រូវបានបោះពុម្ពផ្សាយក្នុងទិនានុប្បវតិ្ត BMJ Thorax បានលើកឡើងថា ការបឺតបារីដែលធ្វើឱ្យមនុស្សមួយចំនួនគិតថាខ្លួនហំហាននេះ អាចបង្កឱ្យមានជំងឺរលាកទងសួតរ៉ាំរ៉ៃ (ហៅកាត់ថា COPD) ដែលជាអាការឧស្សាហ៍កើតមានពីការជក់ថ្នាំជក់។

រូបតំណាងសួតល្អ និង សួតមានជំងឺ COPD

សាស្រ្តាចារ្យនិពន្ធនាយកជួរមុខមួយរូបឈ្មោះ David Thickett ដែលជាអ្នកជំនាញផ្នែកឱសថខាងផ្លូវដង្ហើមនៅសាកល. Birmingham បាននិយាយថា “ត្រូវតែមានរបៀបវារៈមួយ ដើម្បីពណ៌នាថាបារីអេឡិចត្រូនិកមានសុវត្ថិភាព។”

គាត់បានសង្កត់ធ្ងន់ថា ថ្នាំជក់នៅតែគ្រោះថ្នាក់ជាង ប៉ុន្តែ “យើងគួរមានមន្ទិលដោយប្រុងប្រយ័ត្ន ចំពោះការដែលគេធ្វើឱ្យយើងជឿថាវាមានសុវត្ថិភាព។”

“បារីអេឡិចត្រូនិកមានសុវត្ថិភាពជាង បើគិតទៅលើហានិភ័យនៃជំងឺមហារីក ប៉ុន្តែប្រសិនបើអ្នកបឺតអស់រយៈពេល ២០ ទៅ ៣០ ឆ្នាំ ហើយវាអាចបង្កឱ្យមានជំងឺ COPD មែននោះ គឺមានន័យថាមានអ្វីម្យ៉ាងដែលយើងត្រូវដឹងឱ្យច្បាស់លាស់។” គាត់បានបន្តដូច្នេះ។ 

សាស្រ្តាចារ្យនិពន្ធនាយកជួរមុខ David Thickett

គួរបញ្ជាក់ថា ការសិក្សារបស់គាត់ដែលផ្តល់ថវិកាដោយ មូលនិធិស្រាវជ្រាវផ្នែកសួតរបស់ចក្រភពអង់គ្លេស បានធ្វើការវាយតម្លៃផលប៉ះពាល់នៃបារីអេឡិចត្រូនិក ទៅលើគម្រូជាលិកាសួតដែលមានសុខភាពល្អជាច្រើនដែលបរិច្ចាគដោយអ្នកមិនពិសាបារី។

មានការសិក្សាជាច្រើនដែលផ្តោតទៅលើសារធាតុរាវនៅក្នុងបារីទំនើបនេះ ដូច្នេះក្រុមរបស់គាត់បានបង្កើតវិធីសាស្រ្តមួយ ដើម្បីធ្វើត្រាប់តាមការបឺតផ្សែងរបស់វា និងបង្កើតបានជាកំណពីចំហាយផ្សេងនោះ។

ការបឺតបារីអេឡិចត្រូនិក

ក្នុងនោះ ១/៣ នៃជាលិកាត្រូវបានដាក់ឱ្យរងសារធាតុរាវរបស់បារីអេឡិចត្រូនិក។ ១/៣ ទៀតរងកម្លាំងខុសគ្នានៃកំណដែលកើតពីចំហាយសិប្បនិម្មិត ទាំងមាននិងគ្មានសារជាតិនីកូទីន ខណៈ ១/៣ ចុងក្រោយ មិនត្រូវបានដាក់ឱ្យរងអ្វីទាំងអស់ក្នុងរយៈពេល ២៤ ម៉ោង។

លទ្ធផលបង្ហាញថា កំណពីចំហាយផ្សែងនោះ បានប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើកោសិកាខ្លាំងជាងសារធាតុរាវក្នុងបារីនេះទៅទៀត ហើយវារឹតតែធ្ងន់ធ្ងរទៅតាមការប្រើប្រាស់កាន់តែច្រើន ដែលធ្វើឱ្យសមត្ថភាពរបស់កោសិកាក្នុងការរុំព័ទ្ធជុំវិញបាក់តេរីមានការចុះខ្សោយ។

ការបឺតបារីអេឡិចត្រូនិក

គួរឱ្យដឹងថា នៅចក្រភពអង់គ្លេសមានមនុស្សពេញវ័យប្រមាណ ៣ លាននាក់ប្រើឧបករណ៍បន្ធូរអារម្មណ៍មួយនេះ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយគេគិតថាវាបានជួយឱ្យមនុស្ស ២២,០០០ នាក់ផ្តាច់បារីបានក្នុងមួយឆ្នាំៗ។

លោក Martin Dockrell ដែលមកពីស្ថាប័នសុខភាពសាធារណៈអង់គ្លេស បានទទូចថា “បារីអេឡិចត្រូនិកមិនមែនគ្មានហានិភ័យ ១០០% ទេ ប៉ុន្តែច្បាស់ណាស់ថា វាប៉ះពាល់តិចជាងការជក់បារីធម្មតា។”

ទោះយ៉ាងណា អង្គភាព NICE បានណែនាំគ្រូពេទ្យឱ្យផ្តល់បន្ទះនីកូទីន និងការប្រឹក្សា ជំនួសឱ្យការប្រើបារីដែលមានតម្លៃថ្លៃគួរសមនេះ។ យ៉ាងណាមិញ មន្ទីរសុខាភិបាលបានឈរនៅចំណុចកណ្តាលមួយ ដោយសន្យាថានឹង “វាយតម្លៃយ៉ាងម៉ត់ចត់” ពីភស្តុតាងពាក់ព័ន្ធនឹងអាហារផ្សែងប្រភេទនេះ៕

បន្ទះនីកូទីន

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]