បរទេស៖ សម្រាប់កុមារដែលមានបញ្ហាវិបល្លាសខួរក្បាល អាចនឹងជួបបញ្ហាដូចជា ទំនាក់ទំនងដោយការនិយាយស្តី ការចាប់អារម្មណ៍ ឬ យកចិត្តទុកដាក់ចំពោះអ្នកដទៃ និង គ្រប់គ្រងអារម្មណ៍ស្មុគស្មាញ ព្រមទាំងភាពអន្ទះសាររបស់ខ្លួន។ ចំណុចពិបាកៗទាំងនេះអាចប៉ះពាល់ដល់ជីវិតក្នុងសង្គម និងភាពជោគជ័យក្នុងសាលារបស់ពួកគេបាន។ 

កុមារដែលមានបញ្ហាវិបល្លាសខួរក្បាល

ពេលនេះ អ្នកស្រាវជ្រាវមួយក្រុមមកពីក្រុមហ៊ុនបង្កើតថ្មី (startup) ដែលមានឈ្មោះថា LuxAI បានបង្កើតមនុស្សយន្តឈ្មោះ QTrobot ដែលរចនាឡើងដើម្បីជួយដល់ក្មេងៗមានបញ្ហាក្នុងការផ្ចិតផ្ចង់ស្មារតី ឱ្យរៀនពីជំនាញនានាដ៏មានតម្លៃក្នុងសង្គម។ 

ពួកគេគ្រោងនាំយកសមិទ្ធផលពីការសិក្សាលើ QTrobot ទៅបង្ហាញនៅសន្និសីទអន្តរជាតិស្តីអំពីមនុស្សយន្ត-មនុស្ស (RO-MAN) ប្រចាំឆ្នាំ ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែសីហាខាងមុខ។

QTrobot

គួរបញ្ជាក់ថា កូនមនុស្សយន្តដ៏គួរឱ្យស្រលាញ់នេះ មានកម្ពស់ត្រឹមតែ ៦១ សង់ទីម៉ែត្រ ដែលមានរាងកាយដូចទ្រង់ទ្រាយមនុស្ស និងអេក្រង់មួយលើផ្ទៃមុខ។ មនុស្សយន្តដ៏តូចច្រឡឹងមិនត្រឹមតែអាចមើលឃើញ ស្តាប់លឺ និងនិយាយប៉ុណ្ណោះទេ វាថែមទាំងអាចទំនាក់ទំនងដោយមិននិយាយស្តី តាមរយៈការបង្ហាញទឹកមុខនៅលើអេក្រង់ ជាមួយនឹងកាយវិការទៀតផង។

ក្នុងការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ LuxAI បាននាំយកកុមារដែលមានបញ្ហាវិបល្លាសខួរក្បាល ១៥ នាក់ អាយុចន្លោះពី ៤ ទៅ ១៤ ឆ្នាំ។ ក្មេងៗទាំងនេះត្រូវធ្វើការសម្ភាសចំនួន ២ លើក ដែលក្នុងមួយលើកៗមានរយៈពេលតិចជាង ៥ នាទី ដោយម្តងសម្ភាសជាមួយកូនមនុស្សយន្ត QTrobot ហើយម្តងទៀតសម្ភាសជាមួយមនុស្ស។ 

មនុស្សយន្តដែលស្រដៀង QTrobot

អំឡុងពេលសម្ភាស គេចាប់ផ្តើមដោយសួរឈ្មោះក្មេងនីមួយៗ និងបីសំនួរទៀតអំពីពួកគេ។ បន្ទាប់មក គេនិទានរឿងខ្លីមួយឱ្យកុមារស្តាប់ រួចសួរថាតើពួកគេចូលចិត្តរឿងនោះឬអត់។ ចុងក្រោយ គេឱ្យក្មេងៗធ្វើត្រាប់តាមកាយវិការចំនួន ៤ (ឧទាហរណ៍៖ ឱ្យក្មេងៗលើកដៃស្តាំ)។

ក្រោយមកអ្នកស្រាវជ្រាវបានរៀបចំចម្លើយចំពោះ ២ សំនួរខាងក្រោម ដែលយោងតាមការសម្ភាស៖

១. តើក្មេងៗបានយកចិត្តទុកដាក់ និងធ្វើត្រាប់តាមមនុស្សយន្ត ដូចដែលពួកគេសម្ភាសជាមួយមនុស្សឬទេ?

២. តើមនុស្សយន្តបានជួយកាត់បន្ថយឥរិយាបថច្រំដែលៗរបស់ក្មេងៗ ដូចជាការទទះដៃឬទេ? 

កុមារដែលមានបញ្ហាវិបល្លាសខួរក្បាល

ដើម្បីកំណត់ចំពោះចម្លើយ អ្នកស្រាវជ្រាវបានរាប់ចំនួនដងដែលក្មេងៗសម្លឹងទៅអ្នកសម្ភាស ដោយវាស់រយៈពេលសម្លឹងម្តងៗ។ ពួកគេក៏បានរាប់ផងដែរនូវចំនួនដង ដែលកុមារធ្វើត្រាប់តាមកាយវិការរបស់អ្នកសម្ភាសបានយ៉ាងល្អ ព្រមទាំងចំនួនដងដែលក្មេងៗបញ្ចេញឥរិយាបថដដែលៗ ក៏ដូចជាចំនួនដងនៃការធ្វើសកម្មភាពច្រំដែលនោះផងដែរ។

ជាលទ្ធផល ពួកគេរកឃើញថា ក្មេងៗបានមើលទៅមនុស្សយន្តបានយូរជាងមើលមនុស្ស ប៉ុន្តែធ្វើត្រាប់តាមដូចគ្នា។ លើសពីនេះ ក្មេងៗក៏បញ្ចេញឥរិយាបថដដែលៗក្នុងចំនួនតិចដងជាង នៅពេលពួកគេធ្វើសកម្មភាពជាមួយមនុស្សយន្ត។  

កុមារដែលមានបញ្ហាវិបល្លាសខួរក្បាល

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា មនុស្សយន្ត QTrobot អាចមានប្រយោជន៍ក្នុងការជួយកុមារដែលមានបញ្ហាស្មារតី ដើម្បីអភិវឌ្ឍជំនាញនានាក្នុងសង្គម។ ទោះយ៉ាងណា វាអាចទៅរួចដែលថា វាមកពីការសម្ភាសរយៈពេលខ្លី ទើបផ្តល់លទ្ធផលបែបនេះ ហើយថាក្មេងៗទាំងនេះអាចនឹងលែងចាប់អារម្មណ៍ជាមួយមនុស្សយន្ត បើប្រើរយៈពេលសម្ភាសយូរជាងនេះ។ 

កុមារដែលមានបញ្ហាវិបល្លាសខួរក្បាល

យ៉ាងណាក្តី អ្នកស្រាវជ្រាវមិនទាន់ប្រាកដទេថា ការប្រើមនុស្សយន្ត QT bot នឹងអាចផ្តល់អត្ថប្រយោជន៍ដល់ក្មេងៗដែលមានបញ្ហាខួរក្បាល ដូចទៅនឹងការបង្រៀនពីជំនាញក្នុងថ្នាក់ និងវិធីសាស្រ្តជំនួយការគិតនៅឡើយទេ។ ពួកគេលើកឡើងថា ចាំបាច់ត្រូវមានការសិក្សារយៈពេលយូរ ដើម្បីកំណត់សក្តានុពលរបស់ QTrobot ប៉ុន្តែពេលនេះ វាទំនងជាវិធីដ៏មានប្រសិទ្ធភាពមួយ ក្នុងការធ្វើឱ្យសមត្ថភាពទំនាក់ទំនងរបស់ក្មេងៗអភ័ព្វទាំងនេះ កាន់តែប្រសើរឡើង៕

ការបង្រៀនកុមារដែលមានបញ្ហាវិបល្លាសខួរក្បាល

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]