ភ្នំពេញ៖ ប្រិយមិត្ដបានដឹងហើយថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Keisuke Honda ជាអ្នកចាត់ការទូទៅ និងជាគ្រូបង្គោលក្រុមជម្រើសជាតិកាលពីម្សិលមិញ ដែលធើ្វឲ្យអ្នកគាំទ្រទូទាំងប្រទេស ក៏ដូចជាសារព័ត៌មានអន្ដរជាតិធំៗ មានភាពភ្ញាក់ផ្អើលខ្លាំង នឹកស្មានពុំដល់។ 

ថៃ្ងនេះ Khmerload នឹងនាំប្រិយមិត្ដឲ្យជ្រាបច្បាស់នូវប្រវត្ដិរបស់អតីតកីឡាករក្រុមជម្រើសជាតិជប៉ុននេះ ថាតើខ្លាំងប៉ុណ្ណាដែរ បានជាសហព័ន្ធសម្រេចជ្រើសយករូបគេ។ 

Honda

មានស្រុកកំណើតក្នុងទីក្រុង Osaka ប្រទេសជប៉ុន Honda គឺជាក្មេងស្រលាញ់បាល់ទាត់ខ្លាំងណាស់ ដោយចាប់ផ្ដើមចូលហ្វឹកហាត់ដំបូងក្នុងឈុតយុវជនរបស់ក្រុម Gamba Osaka ប៉ុន្ដែមិនបានជាប់ក្នុងជម្រើសដំបូងក្នុងក្រុមនោះទេ។

បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ Honda បានចាប់អាជីពបាល់ទាត់នៅក្នុងឆ្នាំ២០០៤ ដោយបានចូលរួមជាមួយក្រុម Nagoya Grampus នៃលីកកំពូលជប៉ុន J1។

ក្រោយមកចូលដល់ឆ្នាំ២០០៨ Honda ត្រូវបានក្រុមដែលស្ថិតក្នុងលីកកំពូលហូឡង់ VVV-Venlo ចុះកុងត្រានាំរូបគេចូលលេងក្នុងកុងត្រារយៈពេល ២ឆ្នាំកន្លះ។

រយៈពេល៦ខែដំបូងនៃការបង្ហាញខ្លួនរបស់គេ ក្រុម VVV-Venlo បានធ្លាក់ទៅលេងនៅលីកទី២ ពោលគឺក្នុងរដូវកាល ២០០៨-២០០៩។ រូបគេបានស៊ុតបញ្ចូលទីចំនួន ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៦ប្រកួត និងបានជួយឲ្យក្រុមឡើងមកលីកកំពូលវិញ ដែលពេលនោះហើយដែលប្រិយមិត្ដរបស់គេ បានដាក់រហ័ស្សនាមឲ្យគេថា អធិរាជ Honda។  

នៅឆ្នាំ២០០៩ រូបគេបានចូលរួមជាមួយក្រុមខ្លាំងរបស់រុស្ស៊ី CSKA Moscow រហូតដល់ឆ្នាំ២០១៤ ក្នុងការបង្ហាញខ្លួន ៩៤ប្រកួត និងស៊ុតបញ្ចូលទីបាន ២០គ្រាប៉ មុនផ្ទេរទៅលេងនៅអ៊ីតាលី AC Milan ដោយពុំមានតម្លៃខ្លួន នៅខែតុលា ឆ្នាំ២០១៤។ 

Honda
Honda

បើក្រឡេកទៅមើលការលេងក្នុងក្រុមសាំមូរ៉ៃខៀវវិញឃើញថា Honda បានធើ្វការប្រកួតក្នុងពានរង្វាន់យុវជនពិភពលោកនៅឆ្នាំ២០០៥ និងការប្រកួតពានរង្វាន់ាបាល់ទាត់ពិភពលោក FIFA World Cup និងពានរង្វាន់ AFC Asian Cup។

ក្នុងឆ្នាំ២០១០ Honda គឺជាអ្នករកគ្រាប់បាល់ដំបូងឲ្យក្រុមជប៉ុននៅក្នុងពានរង្វាន់ World Cup ដែលធើ្វឡើងនៅលើទឹកដីប្រទេសអាហ្រ្វិកខាងត្បូង ដែលប្រកួតនោះគឺឈ្នះកាមេរ៉ូន និងបន្ដឈ្នះដាណឺម៉ាក ៣-១ ហើយ Honda នៅតែជាតួអង្គសំខាន់ក្នុងការបើកការនាំមុខមុនឲ្យក្រុមអាស៊ីនេះដដែល ដែលធើ្វឲ្យជប៉ុនឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។  

Honda

បន្ដមកកាន់ពានរង្វាន់ធំប្រចាំទ្វីបអាស៊ីវិញ គឺ AFC Asian Cup ឆ្នាំ២០១១ Honda នៅតែជាប់ក្នុងក្រុមជម្រើសជាតិដដែល ពោលគ្រានោះជប៉ុនបានឈ្នះជើងឯកមួយនេះ ហើយក៏ជាការឈ្នះលើកទី៤ផងដែរក្នុងប្រវត្ដិសាស្រ្ដ ជាពិសេសគឺពានរង្វាន់នេះហើយ ដែលជប៉ុន ឈ្នះជាលើកចុងក្រោយ គិតមកត្រឹមពេលនេះ ខណៈ Honda ក៏ទទួលជ័យលាភីជាកីឡាករឆ្នើមជាងគេផងដែរ។

ងាកទៅរកការប្រកួត World Cup ឆ្នាំ២០១៤ គឺជប៉ុនមិនជោគជ័យឡើងដោយធ្លាក់ត្រឹមវគ្គចែកពូល ខណៈ Honda ស៊ុតបាន១គ្រាប់ពេលប៉ះជាមួយកូឌឺវ័រ ខណៈ World Cup ឆ្នាំ២០១៨ ដែលទើបតែបញ្ចប់ថ្មីៗនេះ Honda បានប្ដូរចូលនិងស៊ុតបញ្ចូលទីពេលជួបសេណេហ្គាល់ ហើយបានក្លាយជាកីឡាករអាស៊ីដំបូងគេ ដែលអាចស៊ុតបញ្ចូលទីក្នុងព្រឹត្ដិការណ៍ដ៏ធំនេះក្នុងឆ្នាំ២០១០, ២០១៤ និង២០១៨។  

Honda

គួររម្លឹកដែរថា Keisuke Honda ធ្លាប់មកកាន់កម្ពុជា៣លើកហើយ ដោយលើកទី១ ពេលជប៉ុន ប៉ះកម្ពុជា វគ្គជម្រុះ World Cup លើកទី២ នៅពេលដែល Honda ប្រកាសពីការបើកសាលាបាល់ទាត់ Honda Sotilo Soccer School ក្នុងឆ្នាំ២០១៦ ដែលសាលាបាល់ទាត់នេះ គឺជាផ្ដួចផ្ដើមដោយ Honda ផ្ទាល់ ឯលើកទី៣ គឺការឡើងមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នេះឯង ខណៈសព្វថៃ្ងរូបគេ គឺជាកីឡាកររបស់ក្រុម Melbourne FC ដែលស្ថិតនៅលីកកំពូលអូស្រា្ដលី៕ 

Honda
Honda

ប្រភព៖ wikipedia|thefamouspeople

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]