ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ខ្មែរអិស្លាម​មួយ​ខ្នង នៅ​ក្នុងភូមិ​អ៊ិ​ស្លា​ម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ បាន​ក្លាយជា​ចំណី​ភ្លើង​តែ​ក្នុង​មួយប៉ប្រិចភ្នែក កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ខណៈ​ម្ចាស់ផ្ទះ​ជាប់រវល់​ការងារ​នៅ​ខាងក្រោម ។

អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​នោះ គេ​ឃើញ​អណ្ដាតភ្លើង​ចាប់ផ្ដើម​ឆេះ​ពីលើ​ដំបូលផ្ទះ​មុន​គ េ​។ ពេល​នោះ​ម្ចាស់ផ្ទះ​និង​អ្នក​ជិតខាង បាន​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​ភ្លើង​រលត់​បាន​ទេ គឺ​រឹតតែ​ឆេះ​សន្ធោសន្ធៅ​ថែម​ទៀត រហូត​គ្របដណ្ដប់​ទាំងស្រុង​តែ​ម្ដង ។

ខណៈ​គ្រោះ​អគ្គិភ័យ​កំពុង​កើតឡើង គេ​ឃើញ​លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់លោក​វរសេនី​យ៍​ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក សា​ម៉ុ​នមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នគរបាល​ប៉ុស្ដិ៍រដ្ឋបាល កម្លាំងយោធា កម្លាំង​ប្រជា​ការពារ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត បាន​ទៅ​ជួយ​អន្តរាគមន៍ ។

ផ្ទះ​មួយ​ខ្នង​នេះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជណ្ដើរថ្ម សសរថ្ម និង​ជញ្ជាំង​ខាង​មុខ​ថ្ម មាន​ម្ចាស់​ឈ្មោះ ឯ​ល អាល់​ទី​កេះ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ។ នៅ​ក្នុង​ការ​ធ្វើ​អន្តរា​គមន៍ បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ដ​ដើម្បី​បាញ់​ពន្លត់ ហើយ​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​បញ្ចប់​ជា​ស្ថាពរ ។

ទោះជា​យ៉ាងណា ផ្ទះ​បាន​ឆេះ​អស់ទាំង​ស្រុងនៅ​សល់​តែ​កាំជណ្ដើរ និង​ជញ្ជាំង​ថ្ម​ខាង​មុខតែ​ប៉ុណ្ណោះ​។ចំណែក​ទ្រព្យសម្បត្តិ និង​សម្ភារ​ប្រើប្រាស់​ដែល​នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់ទាំង​ស្រុង​ដែរ ព្រោះ​ម្ចាស់ផ្ទះ​រវល់​ស្លន់ស្លោ​មិន​បាន​យក​អ្វី​នោះ​ទេ ។

ករណី​ភ្លើង​ឆេះ​ផ្ទះ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​នេះ មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ភាគច្រើន​គេ​សង្ស័យ​លើ​ការ​ទុ​ស្សេ​ខ្សែភ្លើង​ច្រើន​ជាង ព្រោះ​ចាប់ផ្ដើម​ពី​ដំបូល​មុនគេ ។ ចំណែក​ការ​ខូចខាត​និង​បាត់បង់​ទ្រព្យសម្បត្តិ​ក៏​មិន​ទាន់​ប៉ាន់​ប្រមាណ​ដឹង​នោះ​ដែរ គ្រាន់តែ​ដឹង​ថា​ផ្ទះ​ទាំងមូល​និង​សម្ភារ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​គឺ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង 

ករណីអគ្គីភ័យ
ករណីអគ្គីភ័យ
ករណីអគ្គីភ័យ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]