ចិន៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបុរសជាឪពុកជនជាតិចិនម្នាក់ ហ៊ានដាច់ចិត្តប្រកាសលក់កូនស្រីតូចរបស់ខ្លួន ដើម្បីបានប្រាក់យកទៅជួយព្យាបាលជំងឺមហារីកកូនប្រុសវិញ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ធ្វើឲ្យមហាជន ពិសេសអ្នកលេងបណ្តាញសង្គមនៅចិនជាច្រើន រំជួលចិត្តជាខ្លាំង។

បើយោងតាមការចុះផ្សាយពីសារព័ត៌ចិន សៀងហៃអ៊ីស ថ្ងៃទី១០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ បានឲ្យដឹងថា រូបភាពមួយសន្លឹក ដែលបង្ហាញពីឪពុកម្នាក់ កំពុងតែឈរបីកូនស្រីតូច នៅក្នុងទីសាធារណៈមួយកន្លែង ក្នុងប្រទេសចិន ជាមួយនឹងស្លាកបដាធំមួយនៅពីមុខថា «លក់កូនស្រីដើម្បីជួយសង្គ្រោះជីវិតកូនប្រុស» (Sell daughter to save son) ត្រូវបានចែកចាយពាសពេញលើបណ្តាញសង្គម រហូតមានមតិរិះគន់មួយចំនួនខ្លះ ចំពោះទង្វើរបស់ឪពុកខាងលើនេះផងដែរ។

តាមរយៈស្លាកបដានោះ បានសរសេរសេចក្តីថា កូនប្រុសអាយុ៤ឆ្នាំរបស់គាត់ កើតមានជំងឺមហារីកគ្រាប់ឈាម ខណៈដែលគ្រួសារពុំមានលទ្ធភាពដើម្បីផ្តត់ផ្គង់ចំណាយថ្លៃព្យាបាលឡើយ។ ប្រសិនបើគ្រប់គ្នាមានឆន្ទៈ អាណិត ស្រលាញ់ ចង់ជួយបង់ថ្លៃព្យាបាលនេះ គាត់មានកូនស្រីតូចដើម្បីជាថ្នូរឲ្យទៅអ្នកវិញ។

ដោយឡែក បើយោងតាមកាសែតប៉េកាំង បានរាយការណ៍ថា រូបថតដែលបានបង្ហោះនេះ មានប្រភពចេញពីទីក្រុង Chengdu ភាគខាងត្បូង ខេត្តស៊ីឈួន ប្រទេសចិន ខណៈដែលក្មេងប្រុសរងគ្រោះវិញ បច្ចុប្បន្នគឺកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងតំបន់។

អ្នកយកព័ត៌មានបានអះអាងប្រាប់ថា ក្មេងប្រុសអាយុ៤ឆ្នាំ ដែលត្រូវជាកូនប្រុសបុរសខាងលើ និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនេះ បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា កើតមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ ហើយគ្រួសារក៏ពុំមានប្រាក់សម្រាប់ជួយព្យាបាល និងថែមទាំងជាប់បំណុលគេជាច្រើនទៀត។

គ្រួសារដ៏កំសត់នេះ ត្រូវបានគេដឹងថា ខំប្រឹងខ្នះខ្នែងរកប្រាក់យ៉ាងណាឲ្យបានក្នុងចំនួន ៩០,០០០យ័ន ឬ(ប្រហែល ១៣,០៦៣ដុល្លារអាមេរិក) ដើម្បីជួយសង្គ្រោះជីវិតកូនប្រុស បង់លើថ្លៃចំណាយពេទ្យ។

ប៉ុន្តែផ្ទុយទៅវិញ មូលនិធិជំនួយទើបតែបានជិត ៤០,០០០យ័នប៉ុណ្ណោះ (ឬប្រហែល ៥,៦០០ដុល្លារអាមេរិក) ស្រាប់តែមិនអាចដំណើរបាន ក្រោយអ្នកផ្តល់ជំនួយជាច្រើន ធ្វើការរាយការណ៍ (Report) ប្រកាសបិទគណនី WeChat ចោល បន្ទាប់ពីកើតមានរឿងរ៉ាវប្រកាសលក់កូនស្រីនេះឡើង។

បើទោះបីជាយ៉ាងណាក្តី នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងអ្នកកាសែត ស្រ្តីជាម្តាយកូន២ របស់ក្មេងៗខាងលើនេះ បាននិយាយថា ការសរសេររៀបរាប់ក្នុងស្លាកបដា ដែលបង្ហាញពីទុក្ខក្រៀមក្រំនោះ គឺគ្រាន់តែចង់ទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ពីសាធារណៈជនតែប៉ុណ្ណោះ។

សរុបមកវិញ នាងនិងស្វាមីបានអះអាងថា ពុំដែលមានចេតនាណាមួយ លក់កូនស្រីជាទីស្រលាញ់របស់ខ្លួន ដើម្បីយកប្រាក់មកព្យាបាលជំងឺកូនប្រុស ដែលកំពុងឈឺដេកពេទ្យនោះឡើយ។

ឆ្លងកាត់តាមការពន្យល់បកស្រាយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Weibo នៅចិនជាច្រើន ខឹងសម្បានិងរិះគន់យ៉ាងខ្លាំង ដោយនិយាយថា ឪពុកម្តាយខាងលើនេះ កំពុងតែជួញដូរកុមារ ឬក្លែងបន្លំក្នុងរូបភាពបោកប្រាស់។ តែក្នុងនោះក៏មានអ្នកចំនួនទៀត បានសម្ដែងការសោកស្តាយ និងអាណិតអាសូរជាខ្លាំង ចំពោះស្មារតីតស៊ូរបស់ឪពុក រកគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះជីវិតកូនប្រុស ទោះបីនេះមិនមែនជាការពិត (លក់កូនស្រី) ឬយ៉ាងណាផ្សេងនោះ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលមានសមាជិកគ្រួសារក្រីក្រ (ឪពុកម្តាយ...) ជាច្រើនក្នុងប្រទេសចិន ត្រូវបានបង្ខំចិត្តធ្វើរឿងអស់ទាំងនេះឡើង មិនថាក្នុងរូបភាពអ្វីនោះឡើយ ធ្វើយ៉ាងណាក្នុងគោលបំណង ដើម្បីបានប្រាក់យកទៅជួយសង្គ្រោះមនុស្សជាទីស្រលាញ់ ដែលកំពុងតែសម្រាកឈឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យតែប៉ុណ្ណោះ។

យ៉ាងណាមិញ ទាក់ទងនឹងករណីឪពុកប្រកាសលក់កូនស្រី ដើម្បីយកប្រាក់ទៅព្យាបាលជំងឺកូនប្រុសខាងលើនេះដែរ គេមិនដឹងទេថា នឹងទទួលបានការជួយឧបត្ថម្ភ ឬការជួយជ្រោមជ្រែង ពីសំណាក់សប្បុរជនណាមួយ ឬយ៉ាងណានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]