ជាការពិត ផ្លែម្រះ មើលទៅពុំមែនជាអាហារនៃចំណូលចិត្តមនុស្សភាគច្រើននោះទេ ដោយសាររសជាតិដ៏ល្វីងរបស់វានេះឯង។ ផ្ទុយទៅវិញមនុស្សមួយចំនួន តែងតែធ្វើសម្លម្រះហូបជារៀងរាល់២ ឬ ៣ដងក្នុង១សប្តាហ៍ផងដែរ។ រហូតដល់អ្នកខ្លះ កិនម្រះជាទឹកផឹកទៀតផង ដើម្បីព្យាបាលបញ្ហាមុនលើមុខ។

ផ្លែម្រះ ជាថ្នាំធម្មជាតិ សំបូរទៅដោយសារធាតុសំខាន់ៗជាច្រើន ដែលរាងកាយយើងត្រូវការជាចាំបាច់ រាប់តាំងពីសារធាតុសរសៃ វីតាមីន សារធាតុរ៉ែ ដែលផ្តល់នូវផលវិជ្ជមានដល់សុខភាពយ៉ាងលើសលប់។

ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៣ យ៉ាង ទទួលបានពីការហូបផ្លែម្រះ៖ 

១. រក្សាកម្រិតជាតិស្ករ

បើទោះបីជាផ្លែម្រះល្វីង ប៉ុន្តែបន្លែមួយប្រភេទនេះ ត្រូវបានគេសិក្សាស្រាវជ្រាវឃើញថា ឥទ្ធិពលនៃសារធាតុចិញ្ចឹមពិសេសមួយចំនួនរបស់វា បានជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា។

សារធាតុចិញ្ចឹមទាំងនោះមានរចនាសម្ព័ន្ធ និងមុខងារដូចទៅនឹងអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនផលិតដោយលំពែង មានតួនាទីក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាមឲ្យមកនៅធម្មតា។

ហេតុនេះហើយវាអាចមានសមត្ថភាពក្នុងការភ្ញោចឲ្យកោសិកាសាច់ដុំ និងកោសិកាខ្លាញ់ ធ្វើការចាប់យកនូវជាតិស្ករក្នុងឈាមទៅតាមតម្រូវការរបស់វា។

ទាំងនេះជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

ផ្លែម្រះ

២. ប្រឆាំងនឹងមេរោគ

ផ្លែម្រះ ប្រៀបបានជាឱសថធម្មជាតិអីចឹង ដែលវាមានផ្ទុកនូវសារធាតុប្រឆាំងនឹងមេរោគ រាប់តាំងពីបាក់តេរី វីរុស និង ប៉ារ៉ាស៊ីតទៀតផង។

ជាឧទាហរណ៍យោងទៅតាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា សារធាតុទាំងនោះអាចទប់ទល់ប្រឆាំង និងកំចាត់ចោលនូវពពួកបាក់តេរី (H.Pylori) បង្កការរលាករ៉ាំរ៉ៃដល់ក្រពះ។ ក្នុងពេលជាមួយផងដែរ វាក៏អាចមានឥទ្ធិពលទៅលើវីរុសមួយចំនួនផងដែរក្នុងនោះមានវីរុសអេដស៍ទៀតផង។

ក្រៅពីនេះ ការសិក្សាមួយចំនួនទៀតបានឲ្យដឹងថា សារធាតុពិសេសនៃផ្លែម្រះដោយពុំផ្តល់ផលប៉ះពាល់ទៅដល់សរីរាង្គកាយយើងឡើយ និងជាភ្នាក់ងារប្រឆាំងនឹងពពួកប៉ារ៉ាស៊ីតមួយចំនួនដូចជាព្រូន និងអៀន ជាដើម ។

សម្លម្រះ

៣. ប្រឆាំងនឹងជំងឺមហារីក

យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ផ្លែម្រះ ជាភ្នាក់ងារទប់ស្កាត់ជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកគ្រាប់ឈាម មហារីកស្បែក មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកជាច្រើនទៀតនៅមាត់ បំពង់ខ្យល់ ប្លោកនោមជាដើម និងមានលើសពីនេះទៅទៀត។

តើផ្លែម្រះមាននូវឥទ្ធិពលប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីកដោយរបៀបណា?

នេះក៏ដោយសារតែសារធាតុពិសេសទទួលបានពីផ្លែម្រះស្រស់ មានមេកានិចជីវសាស្រ្តមួយចំនួនដូចជា ជំរុញការកំចាត់ចោលជាតិពុលក្នុងចរន្តឈាម កាត់បន្ថយនូវប្រតិកម្មរបស់រ៉ាឌីកាល់សេរីទៅលើភ្នាសនៃកោសិកា ដែលទាំងនេះសុទ្ធតែជាកត្តាជួយកាត់បន្ថយនូវផលប៉ះពាល់នៃ DNA របស់កោសិកា និងការធ្វើមុយតាស្យុងរបស់កោសិកាខុសប្រក្រតីដែលបណ្តាលឲ្យមានការវិវឌ្ឍន៍នៃកោសិកាធម្មតា ទៅរកកោសិកាមហារីក៕

សម្លម្រះ
ទឹកម្រះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]