ជាការពិត តម្រងនោម ជាសរីរាង្គដ៏៏សំខាន់ខ្លាំងមែនទែន ដែលរាងកាយយើងពុំអាចខ្វះបានឡើយ។ វាជាភ្នាក់ងារច្រោះជាតិពុលទាំងឡាយដែលមានក្នុងចរន្តឈាមចេញ និងរក្សាបរិមាណជាតិទឹកក្នុងខ្លួនឲ្យនៅធម្មតា។  បើតម្រងនោម បំពេញតួនាទីពុំបានល្អទេនោះ វាធ្វើឲ្យកម្រិតជាតិពុលក្នុងខ្លួនកើនឡើង ការផលិតទឹកនោមតិច ប៉ះពាល់ទៅដល់កោសិកាទាំងឡាយនៃរាងកាយទាំងមូល។

ដូច្នេះខាងក្រោមនេះជាចំណីអាហារ ៤ ប្រភេទ ដែលងាយហូបងាយរក និងងាយអនុវត្តជាប្រចាំ ដើម្បីសុខភាពល្អនៃតម្រងនោម៖ 

១. ទឹក

សារធាតុទឹក មិនត្រឹមតែសំខាន់សម្រាប់ការលាងសំអាតនៃតម្រងនោមតែមួយមុខឡើយ វាក៏ជាសារធាតុទ្រទ្រង់នៃជីវិត ពុំអាចខ្វះបាន និងអនុញ្ញាតរាល់មេកានិចរបស់កោសិកាប្រព្រឹត្តទៅយ៉ាងរលូន ព្រោះរាល់កោសិកាណាក៏ដោយរាងកាយយើង សុទ្ធតែបង្កឡើងពីទឹករហូតដល់ ៧០%។

សារធាតុទឹក ជួយជំរះកករកំទេចកំទី និងជាតិពុល ដែលមាននៅតាមចរន្តឈាម ដើម្បីប្រឆាំងនឹងបញ្ហាគ្រួសក្នុងតម្រងនោមជាពិសេស។

ដូច្នេះ លោកអ្នក គប្បីព្យាយាមពិសាទឹកយ៉ាងតិចណាស់ឲ្យបាន ២ ទៅ៣លីត្រក្នុងមួយថ្ងៃ ទើបជាការប្រសើរសម្រាប់សុខភាពនៃតំរង់នោម។

ការផឹកទឹក

២. ផ្លែប៉ោម

ផ្លែប៉ោម មិនត្រឹមតែជាប្រភពនៃជាតិទឹក និងស្ករធម្មជាតិសម្រាប់ថាមពលនោះទេ វា ថែមទាំងសំបូរទៅដោយសារធាតុពិសេសៗប្រឆាំងនឹងជាតិពុលមួយចំនួន ជាពិសេស មាននៅតាមសំបករបស់ផ្លែប៉ោម ដែលបានចូលរួមចំណែកជួយទៅដល់តម្រងនោមក្នុងការសម្អាតនូវសារធាតុពុលមួយចំនួនមានក្នុងចរន្តឈាម។

ដូច្នេះការហូបផ្លែប៉ោមជារៀងរាល់ថ្ងៃ មិនត្រឹមតែជាអាហារសម្រន់សម្រាប់ថាមពល និងបំបាត់ភាពស្រែកទឹកនោះទេ  វាថែមទាំងជាភ្នាក់ងារកំចាត់ជាតិពុលដោយធម្មជាតិទៀតផង។ 

ផ្លែប៉ោម

៣. ខ្ញី

អ្នកដឹងទេថា បញ្ហាសម្ពាធឈាមដែលឡើងចុះ និងពុំមានស្ថេរភាពអាចធ្វើឲ្យសរសៃឈាមឆ្មារៗនៅតម្រងនោមខូចខាត ដែលជាហេតុបណ្តាលឲ្យការច្រោះនូវសារធាតុរាវ និងជាតិពុលទាំងឡាយពុំបានល្អឡើយ។

ខ្ញី មានផ្ទុកនូវសារធាតុពិសេសម៉្យាង ដែលដើរតួនាទីជួយដល់ការរក្សាសម្ពាធឈាមឲ្យមានសភាពធម្មតា។ ដោយសារសារធាតុពិសេសនេះ បានភ្ញោចឲ្យតម្រងនោមធ្វើការបញ្ចេញជាតិអំបិល (ឬសូដ្យូមក្លរួ) ពីក្នុងឈាមទៅក្នុងទឹកនោម។ ក្នុងពេលជាមួយគ្នានេះផងដែរ លក្ខណៈជីវសាស្ត្ររបស់អំបិលគឺវាក៏បានស្រូបយកនូវជាតិទឹកក្នុងឈាមទៅជាមួយផងដែរ ដែលធ្វើសម្ពាធឈាមធ្លាក់ចុះ និងមានលំនឹង។

ដូច្នេះការរួមបញ្ចូលខ្ញីក្នុងរបបអាហារ ឬ ផឹកទឹកខ្ញីក្តៅអ៊ុនៗ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ដំណើរការ និងសុខភាពនៃតម្រងនោមរបស់លោកអ្នក។

ខ្ញី

៤. ផ្សិត

ផ្សិត មិនត្រឹមតែអាចយកទៅបំពង លើសពីនេះយើងអាចយកទៅធ្វើជាគ្រឿងផ្សំជាមួយស៊ុប បង្កើនរសជាតិនៃម្ហូបទៀតផង។

ជាពិសេស ផ្សិត សំបូរទៅដោយវីតាមីន D ដែលគេរកឃើញថា សារធាតុចិញ្ចឹមមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតួនាទីតម្រងនោមឲ្យនៅធម្មតា និងប្រឆាំងការពារពីជំងឺនៃតម្រងនោមមួយចំនួនទៀតផង។

មិនមែនមានតែផ្សិតមួយទេដែលជាប្រភពនៃវីតាមីន​ D ប៉ុន្តែអាហារជាច្រើនមុខទៀតក៏អាចផ្តល់នូវវីតាមីនដ៏សំខាន់មួយនេះដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ផ្សិត ជាអាហារមួយដែលឆ្ងាញ់ហើយ ការរួមបញ្ចូលវាក្នុងរបបអាហាររបស់លោកអ្នកយ៉ាងតិចណាស់ឲ្យបានពីរដងក្នុងមួយសប្តាហ៍ ជាការមួយកាន់តែប្រសើរទៅទៀត៕

ស៊ុប ផ្សិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]