បរទេស៖ ខណៈគ្រឿងម៉ាស៊ីនបាននិងកំពុងជំនួសការងារធ្ងន់ៗនៅតាមរោងចក្រ មនុស្សនៅតែដើរតួយ៉ាងសំខាន់ក្នុងសង្វាក់ផលិតកម្ម ប៉ុន្តែវាមិនមែនជាកិច្ចការស្រួលៗឡើយ។ ការងារមួយចំនួនតម្រូវឱ្យបុគ្គលិក-កម្មករឈរក្នុងរយៈពេលយូរ ហើយខ្លះទៀតត្រូវលើកដៃចុះឡើងដល់ទៅ ៤,៦០០ ដងឯណោះក្នុងមួយថ្ងៃ ឬ មួយលានដងក្នុងមួយឆ្នាំ។ នេះនៅមិនទាន់គិតពីអ្នកដែលចង់លើកបី ឬអៀវគូស្នេហ៍ម៉ាប់ៗទាំងខ្លួនឯងស្គមកំព្រឹងផង។ វេទនាណាស់ មិនចឹង? 

កម្មករនឿយហត់ មកពីធ្វើការធ្ងន់ៗ

ទោះយ៉ាងណា ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើឱ្យមានការផ្លាស់ប្តូរមួយ ដែលជួយសម្រួលដល់ការប្រើកម្លាំងមួយផ្នែកធំពីជាងបច្ចេកទេសរបស់ខ្លួន ដោយប្រើឧបករណ៍ដែលមានឈ្មោះថា គ្រោងឆ្អឹងដែកជំនួយ (Exoskeleton)។

គ្រោងឆ្អឹងដែកជំនួយ សម្រាប់កម្មករក្រុមហ៊ុន Ford

គួរឱ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ឧបករណ៍ EksoVest Exoskeletons ដែលបង្កើតដោយលោក Ekso Bionics ត្រូវបានផ្តល់ឱ្យកម្មករនៅរោងចក្រចំនួនពីររបស់ក្រុមហ៊ុន Ford។ បច្ចុប្បន្ន អាវគ្រោងដែកចំនួន ៧៥ នឹងត្រូវចែកចាយឱ្យបុគ្គលិកនៅរោងចក្រចំនួន ១៥ ទូទាំងពិភពលោកតែម្តង។

គ្រោងឆ្អឹងដែកជំនួយ សម្រាប់កម្មករក្រុមហ៊ុន Ford

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គ្រោងដែកជំនួយនេះគ្មានប្រើម៉ូទ័រ និងសូម្បីតែថ្ម ឬអាគុយឡើយ ប៉ុន្តែវាជាគ្រឿងជំនួយក្នុងការលើកវត្ថុធ្ងន់ៗចាប់ពី ២ ដល់ ៧ គីឡូ ហើយបើលើកដៃកាន់តែខ្ពស់ វាបន្ធូរការប្រើកម្លាំងកាន់តែខ្លាំងដោយមិនឱ្យសាច់ដុំដៃពិបាកឡើយ។ (អ្នកអាចសាកល្បងលើកដៃទទេតែពីរបីនាទី នោះអ្នកនឹងដឹងថាចុករោយប៉ុណ្ណា ចុះទម្រាំលើកវត្ថុធ្ងន់ៗដូចជាងឡានទាំងនេះទៀត?)   

គ្រោងឆ្អឹងដែកជំនួយ សម្រាប់កម្មករក្រុមហ៊ុន Ford

លោក Marty Smets ដែលជាអ្នកជំនាញរបស់ក្រុមហ៊ុន Ford ផ្នែកប្រព័ន្ធការងារមនុស្ស និងការផលិតជាក់ស្តែងបានលើកឡើងថា នេះជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ “ថ្ងៃនេះវាគ្រាន់តែជាគ្រោងដែកដែលជួយសម្រួលដល់ការងារលើក្បាលមនុស្ស ថ្ងៃក្រោយយើងនឹងពង្រីកឱ្យធំជាងនេះទៅទៀត៕”

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]