ជាការពិត ក្រពេញប្រូស្តាត ជាក្រពេញភេទដ៏សំខាន់មួយដែលប្រព័ន្ធបន្តពូជនៃរាងកាយយើងត្រូវការជាចាំបាច់ ពីព្រោះវាផ្តល់សារធាតុចិញ្ចឹមសម្រាប់មេជីវីតបុរស ក្នុងការលូតលាស់ និងមានរយៈពេលរស់បានយូរនៅក្នុងបរិស្ថានខាងក្រៅ។

អ្នកដឹងទេថាក្នុងចំណោមបុរស ៧នាក់ មានម្នាក់អាចជួបបញ្ហាមហារីកក្រពេញប្រូស្តាត ដែលច្រើនកើតឡើងញឹកញាប់បំផុតជាងជំងឺមហារីកដទៃទៀត។

ដូច្នេះខាងក្រោមជាអាហារ ៣ប្រភេទដ៏ល្អបំផុត ក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីកក្រពេញប្រូស្តាត៖ 

១. បន្លែបៃតង

បន្លែបៃតងដូចជា ស្ពៃក្តោប ស្ពៃខាត់ណា សំបូរទៅដោយសារធាតុចិញ្ចឹម រាប់តាំងពីសារធាតុសរសៃ កាល់ស្យូម វីតាមីនសេ វីតាមីនបេ៦ និង សារធាតុ បេតាការូទីន ដែលសារធាតុទាំងនេះ មិនត្រឹមតែដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវសារធាតុសំខាន់សម្រាប់ការលូតលាស់នៃកោសិកានោះទេ ពួកវាថែមទាំងជាភ្នាក់ងារប្រឆាំងនឹងការខូចខាតនៃ DNA របស់កោសិកា ទប់ទល់នឹងការវិវឌ្ឍន៍នៃជំងឺមហារីកទៀតផង។  ក្រៅពីនេះសារធាតុចិញ្ចឹម ក៏បានដើរតួនាទីក្នុងការប្រឆាំងនឹងពពួកអតិសុខុមប្រាណផងដែរ ដូចជា ប្រឆាំងនឹងវីរុស បាក់តេរី និង ការរលាកនៃកោសិកាជាដើម។

ជាពិសេស គេបានរកឃើញបន្ថែមទៀតថា នៅពេលប្រព័ន្ធរំលាយអាហារយើង ធ្វើការបំបែកម៉ូលេគុលនៃបន្លែទាំងនេះ គេឃើញសារធាតុពិសេសម៉្យាងត្រូវបានបង្កើតឡើង ដែលវាមាននូវលក្ខណៈពិសេសក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីក។ 

រូបតំណាង

២. អាហារប្រឆាំងការរលាក

ខ្ញៃ ខ្ទឹមបារាំង សុទ្ធតែជាប្រភេទអាហារប្រឆាំងនឹងការរលាកយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងការការពារក្រពេញប្រូស្តាតពីការរលាកនិងវិវឌ្ឍន៍នៃមហារីក។

អ្នកដឹងទេថា ការរលាកគឺជាមេកានិចធម្មជាតិរបស់រាងកាយយើង ក្នុងការប្រឆាំងនឹងមេរោគ ឬសារធាតុពីក្រៅដែលអាចបង្កគ្រោះថ្នាក់ដល់យើង។ ការរលាកម្តងម្កាល ហើយក្នុងរយៈពេលខ្លី ឧទាហរណ៍ជាក់ស្តែង ដូចជាការក្តៅខ្លួនមិនបង្កផលប៉ះពាល់ដល់កោសិកាយើងឡើយ។ ប៉ុន្តែនៅពេលវារ៉ាំរ៉ៃច្រើនដង វានឹងបង្កជាបញ្ហាធ្ងន់ធ្ងរ ដល់សុខភាពនៃខ្លួនប្រាណយើង។

ដូច្នេះការបរិភោគអាហារ ដែលមានសារធាតុប្រឆាំង និងរក្សាកម្រិតនៃការរលាក ដូចជា ខ្ញៃ និង ខ្ទឹមបារំង ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ទៅរកជំងឺមហារីក ពីព្រោះនៅពេលកោសិការងការខូចខាតយូរៗទៅ វានឹងអាចប៉ះពាល់ទៅដល់ព័ត៌មានសេនេទិច ឬ DNA ដែលជាហេតុធ្វើឱ្យកោសិកាបាត់បង់នូវការគ្រប់គ្រង។ បន្ថែមពីនេះ វាធ្វើឲ្យវាលូតលាស់មិនចេះឈប់ និងអាចបំផ្លាញកោសិកាដទៃទៀតទូទាំងរាងកាយតាមរយៈកំទេចកំទីកោសិកាហូរតាមចរន្តឈាម។

រូបតំណាង

៣. កាត់បន្ថយការបរិភោគសាច់ក្រហម

ជាការពិត រាងកាយយើងត្រូវការសាច់ជាប្រចាំ ដែលប្រភពនៃអាហារសាងសង់ ដូចជាសារធាតុប្រូតេរអ៊ីនជាដើម ក្នុងការលូតលាស់ និងបង្កើតនៃកោសិកាជាដើម។

តម្រូវការសាច់កើនឡើងយ៉ាងខ្លាំង ជាពិសេសការបរិភោគសាច់ក្រហម ជាប់ឈាម ដូចជាសាច់គោ ជាដើម។ ប៉ុន្តែតម្រូវការនៃប្រភេទអាហារមិនឆ្អិនមួយនេះ ធ្វើឲ្យហានិភ័យ មិនថាតែជំងឺមហារីកប្រូស្តាតនោះទេ ថែមទាំងមហារីកពោះវៀនធំទៀតផង មានការកើនឡើងគួរឲ្យកត់សំគាល់។

ដូច្នេះការបរិភោគសាច់ក្រហម ក្នុងបរិមាណមួយមិនឲ្យលើសពី០.៥គីឡូក្រាម ក្នុងមួយសប្តាហ៍ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពនៃក្រពេញប្រូស្តាត ដែលចៀសឆ្ងាយពីជំងឺមហារីក។

ក្រៅពីនេះការកាត់បន្ថយនូវ ប្រភេទអាហារវិចខ្ចប់ចេញពីរោងចក្រ ដែលគេបានដាក់សារធាតុគីមីសម្រាប់រក្សាម្ហូបឲ្យបានយូរនោះ និងសារធាតុគីមីមួយចំនួនទៀត  សុទ្ធតែជាភ្នាក់ងារធ្វើឲ្យកោសិកាវិវឌ្ឍទៅរកកោសិកាមហារីកបាន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]