ជាការពិតណាស់ មនុស្សគ្រប់រូបមិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ តែងតែប្រាថ្នាចង់រស់រានបានយូរអង្វែងតាមតែអាចធ្វើទៅបាន។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី កើត ចាស់ ឈឺ ស្លាប់ គ្មាននរណាម្នាក់អាចគេចផុតបានឡើយ។ 

ជាក់ស្តែង បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា មនុស្សស្រីអាចរស់នៅបានយូរជាងមនុស្សប្រុស រហូតដល់ទៅ ៧ ឆ្នាំឯណោះ។ ដោយក្នុងនោះ គេរកឃើញថា មនុស្សស្រីអាចរស់រហូតដល់អាយុ ៦៥ ឆ្នាំមានចំនួន ៥៧% និងអាចរស់រហូតដល់អាយុ ៨៥ឆ្នាំ មានចំនួន ៦៧%។

ថ្ងៃនេះ យើងនឹងបង្ហាញពីមូលហេតុមួយចំនួន ដែលមនុស្សស្រីរស់បានយូរជាងមនុស្សប្រុស៖

១. ប្រព័ន្ធភាពស៊ាំ

រួបតំណាងប្រព័ន្ធភាពស៊ាំ

ជាធម្មជាតិ ស្ត្រីកើតមកមានក្រូម៉ូសូមវែងជាងបុរស ដែលមុខងាររបស់វាជំនួយដល់កោសិកាទទួលខុសត្រូវរបស់ប្រព័ន្ធភាពស៊ាំ។ ម្យ៉ាងវិញទៀត មនុស្សប្រុសតែងតែមានទម្លាប់ ផឹកស៊ី ជក់បារីជាប្រចាំ ដែលសកម្មភាពទាំងនេះ មានផលប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំរបស់ខ្លួន ហើយក៏ជាមូលហេតុដែលធ្វើឲ្យមនុស្សប្រុសប្រឈមនឹងបញ្ហាជំងឺច្រើនជាងមនុស្សស្រី។

២. ការងារ

រួបតំណាងការងារ
រួបតំណាងការងារ

ជាទូទៅ បុរសតែងតែធ្វើការងារដែលមានហានិភ័យជាងនារី ដូចជា អ្នកបើកយន្ដហោះ កម្មករសំណង់ អ្នកនេសាទ ជាងជុសជួលខ្សែភ្លើង ប៉ូលិស ទាហាន អ្នកពន្លត់អគ្គិភ័យជាដើម។ ការងារទាំងអស់នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងវិធានការសុវត្ថិភាពខ្លាំងបំផុត។ បើហ៊ានតែធ្វេប្រហែស អាចនឹងបាត់បង់ជីវិតភ្លាមៗ។

៣. សកម្មភាព

រួបតំណាង

យើងដឹងហើយថា មនុស្សប្រុសចូលចិត្ត ផ្សងព្រេង និងធ្វើសកម្មភាពច្រើនជាងមនុស្សស្រី ដែលសកម្មភាពទាំងនោះ សុទ្ធសឹងតែបង្កគ្រោះថ្នាក់ដល់ជីវិត ដូចជាបង្ហោះម៉ូតូ វាយគ្នា ដើរលេងទៅតាមតំបន់ភ្នំដាច់ស្រយាល។ ល ។

លើសពីនេះទៅទៀត អត្រាចូលរួមធ្វើឧក្រិដ្ឋកម្មរបស់បុរស គឺមានភាគរយខ្ពស់ជាងនារី ហើយនេះក៏ជាហេតុដែលធ្វើឲ្យមនុស្សប្រុសឆាប់ស្លាប់ក៏ថាបានដែរ។

៤. ការគិត

រួបតំណាងភាពខុសគ្នារវាងបុរស និងនារី

ការសិក្សាបានបង្ហាញថា នារីចេះគិតគូរច្រើនជាងបុរស។ ដោយហេតុនេះហើយបានជា មនុស្សស្រីចូលចិត្តនិយាយច្រើន នៅពេលដែលពួកគេមានបញ្ហា។ ផ្ទុយទៅវិញ នៅពេលដែលប្រុសៗកើតទុក្ខវិញ ពួកគេតែងតែផឹកស៊ី និងមិនចង់និយាយអ្វីច្រើនទេ។ ពេលខ្លះវាក៏អាចបង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត និងអាចឈានទៅដល់ការធ្វើអត្តឃាតខ្លួនឯងក៏ថាបានដែរ។

៥. ទំហំរាងកាយ

រួបតំណាង

យោងតាមលោកវេជ្ជបណ្ឌិត Vincent Giampapa (ប្រធានសុខាភិបាលនៃវិទ្យាស្ថានហ្សែន នៅរដ្ឋញូវជើស៊ី) បាននិយាយថា មនុស្សដែលមានកម្ពស់ខ្ពស់រហូតដល់ ៦ ហ្វីត (ឬប្រហែល ១,៨២ម៉ែត្រ) មានអាយុខ្លីជាងអ្នកដែលមានកម្ពស់ទាបជាងខ្លួន។ ពីព្រោះថា មនុស្សដែលមានរូបរាងធំ មានការផ្លាស់ទីយឺតជាងមនុស្សដែលមានរូបរាងតូច។ ជាមធ្យម បុរសមានសាច់ដុំ និងរូបរាងធំជាងស្ត្រី។ ហេតុនេះ ឱកាសនៃការរស់រានមានជីវិតមានតិចជាងស្ត្រី។

សរុបមក នេះគ្រាន់តែជាកត្តាមួយចំនួនក្នុងកត្តាជាច្រើនទៀតដែលសបញ្ជាក់ថា មនុស្សស្រីអាចរស់បានយូរជាងមនុស្សប្រុស។ យ៉ាងណាមិញ យើងគួរតែចេះថែរក្សាសុខភាព និងហាត់ប្រាណឲ្យបានទៀតទាត់ដើម្បីបញ្ចៀសពីជំងឺផ្សេងៗ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]