ឥណ្ឌា៖ ប្រិយមិត្តអ្នកស្នេហា និងតែងតែគាំទ្ររាល់ការចេញវីដេអូ នៃការប្រកួតប្រជែងស្ទាយ៍ក្បាច់រាំចុះពីឡាន ឬហៅថា «Kiki Challenge» តាមរយៈបទ «In My Feelings» របស់តារាចម្រៀងប្រុស Drake បច្ចុប្បន្នគឺកំពុងតែផ្ទុះកក្រើក និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

រាំ Kiki Challenge ក្នុងវាលស្រែ

យ៉ាងណាមិញ ថ្មីៗនេះរឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីវីដេអូឃ្លីបនៃការរាំ «Kiki Challenge» នេះ របស់កសិករឥណ្ឌាប្រុស ២នាក់ ត្រូវបានលេចឡើងលើបណ្តាញសង្គម ជាមួយនឹងស្ទាយ៍រាំដ៏ប្លែក ឡើងមួយអស់ដៃ ក្នុងវាលភក់ស្រែឡើងបែកម៉ាំ ដោយដេញតាមនង្គ័លគោភ្ជូរស្រែ ហាក់ពោរពេញដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព ជាជាងអ្នកដែលនិយមលេងបទនេះ ជាមួយស្ទាយ៍ចុះពីលើឡានរាំនៅចិញ្ចើមផ្លូវ ឬកណ្តាលផ្លូវ ដែលកន្លងមកគេសង្កេតឃើញថា តែងរងគ្រោះថ្នាក់តែញយ (ឡានផ្សេងបើកបុក)។

រាំ Kiki Challenge ក្នុងវាលស្រែ

បើយោងតាមប្រភពបានឲ្យដឹងថា លោក Sriram Srikanth អាយុ ២៧ឆ្នាំ គឺជាអ្នកថតវីដេអូឃ្លីបរាំ «Kiki Challenge» នេះ ឲ្យមិត្តភក្តិទាំងពីររបស់លោកដែលជាកសិករដូចគ្នារាំ គឺលោក Anil Geela អាយុ ២៤ឆ្នាំ និងលោក Pili Tirupati អាយុ ២៨ឆ្នាំ។ វីដេអូឃ្លីបនេះ ថតនៅក្នុងតំបន់ដែលពួកគាត់រស់នៅ នាភូមិ Lambadipally រដ្ឋ Telangana ប្រទេសឥណ្ឌា។

បន្ទាប់មកលោក Srikanth ក៏បានយកវាទៅបង្ហោះនៅលើឆាណែល យូធូប និងអ៊ីនស្តាក្រាមខ្លួនដែលមានឈ្មោះថា «My Village Show» កាលពីថ្ងៃទី១ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយទទួលបានសន្ទុះនៃអ្នកគាំទ្រ និងចុចចូលមើលយ៉ាងច្រើនកុះករតែម្តង។

រាំ Kiki Challenge ក្នុងវាលស្រែ

ក្នុងនោះអ្នកលេងបណ្តាញសង្គមជាច្រើន បានផ្តល់ជាពិន្ទុ ក៏ដូចជាការកោតសរសើរខ្ពស់ ចំពោះគំនិតដ៏ប្លែកបែបសាមញ្ញ និងគ្មានបង្កជាគ្រោះថ្នាក់នេះ រហូតគេចាត់ទុកថា ជាការរាំ «Kiki Challenge» ដ៏ល្អ និងឈ្នះដាច់គេលើអ៊ីនធើណែតថែមទៀតផង។

ជាមួយគ្នានេះ លោក Geela ជាអ្នករាំបាននិយាយថា «នេះគឺជាស្ទាយ៍រាំរបស់អ្នកស្រុកភូមិយើង ហើយវាក៏បានបញ្ចប់ទៅយ៉ាងរលូន ដោយគ្មានការព្រាងទុកនោះដែរ។ ការរាំនៅក្នុងភក់គឺជារឿងដ៏កំប្លែង និងសប្បាយរីករាយខ្លាំងបំផុត។ វាជាបរិស្ថានដែលងាយស្រួល និងមានសុវត្ថិភាព។ បទពិសោធន៍នៅក្នុងភូមិជាច្រើន គឺជាសេចក្តីអំណរដែលគ្មានទីបញ្ចប់។ ហើយនេះក៏ជាអ្វីដែលពួកយើងចង់បង្ហាញឲ្យឃើញផងដែរ»

ចំណែកឯលោក Tirupati វិញ ក៏បានបន្ថែមដែរថា រូបលោកពិតជារីករាយខ្លាំងបំផុត នៅពេលដែលឃើញវីដេអូរាំរបស់ពួកលោក មានការគាំទ្រ និងផ្ទុះខ្លាំងបែបនេះ ៕

ទស្សនាវីដេអូខាងក្រោម៖

រាំ Kiki Challenge ក្នុងវាលស្រែ
រាំ Kiki Challenge ក្នុងវាលស្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]