ចិន៖ អាចចាត់ទុកថា ជាមហាសំណាង អាយុថ្លៃ ដែលស្រ្តីជនជាតិចិនម្នាក់ អាចរួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បន្ទាប់ពីដួលម៉ូតូខ្ទាតចូលក្រោមឡាន រហូតដល់ថ្នាក់កិនក្បាលពីលើប៉ុន្តែមិនស្លាប់ ក្រោយបានមួកការពារសុវត្ថិភាពជួយសង្គ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះ ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ ខ្ទង់ម៉ោងប្រហែលជា ៩ព្រឹក នារីរងគ្រោះដែលត្រូវបានគេស្គាល់ឈ្មោះថា Zhu ខាងលើនេះ បានជិះម៉ូតូរបស់ខ្លួនក្នុងទិសដៅស្របផ្លូវធម្មតា ក្នុងទីក្រុង។

ប៉ុន្តែជាអកុសល លុះដល់ចំណុចកើតហេតុ ស្រាប់តែម្ចាស់រថយន្តមួយគ្រឿង បានឈប់ចតនៅចិញ្ចើមផ្លូវ ហើយបើកទ្វារឡានរបស់ខ្លួនចេញ ដោយខ្វះការប្រុងប្រយ័ត្នមិនបានមើលមុខក្រោយ ក៏បណ្តាលឲ្យប៉ះនឹងម៉ូតូរបស់នារីរងគ្រោះមកពីក្រោយ រហូតប៉ើងខ្ទាត ខណៈដែលក្បាលចូលក្រោមរថយន្តដឹកស៊ីម៉ង់មួយគ្រឿងទៀត ដែលបើកបរប្រកៀកប្រកិត ក្នុងទិសដៅស្របគ្នា កិនពីលើតែម្តង។

អ្វីដែលនឹកស្មានមិនដល់នោះ នារីរងគ្រោះ Zhu បែរជាអាចរួចផុតជីវិតពីគ្រោះថ្នាក់ដ៏រន្ធត់នេះ ក្រោយបានមួកការពារសុវត្ថិភាពដែលនាងពាក់ ជួយសង្គ្រោះជីវិតតបស់នាង។

ភ្លាមៗក្រោយកើតហេតុគេដឹងថា ម្ចាស់រថយន្តបង្ក ក៏បានស្ទុះស្ទាចេញមកមើលនារីរងគ្រោះ ដែលកំពុងតែដេកដួលនៅលើផ្លូវថ្នល់ និងបានទូរស័ព្ទហៅប៉ូលិសចុះមកជួយធ្វើអន្តរាគមន៍ និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកផងដែរ។

នារីរងគ្រោះអាយុថ្លៃខាងលើនេះ បាននិយាយថា «បើគ្មានមួកការពារសុវត្ថិភាពនេះទេ ខ្ញុំគិតថាខ្ញុំនឹងស្លាប់បាត់ទៅហើយ»

គួរឲ្យដឹងផងដែរថា តាមការឲ្យដឹងពីគ្រូពេទ្យជួយសង្គ្រោះ Zhu នាងគ្រាន់តែរងរបួសលើស្បែកក្បាលតិចតួចតែប៉ុណ្ណោះ ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភនោះឡើយ ៕

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]