បរទេស៖ ប្រយ័ត្ន! ប្រយ័ត្ន! ប្រយ័ត្ន! គឺថាប្រយ័ត្នឱ្យមែនទែនចំពោះពន្លឺពណ៌ខៀវដែលបញ្ចេញពីអេក្រង់កុំព្យូទ័រ ទូរទស្សន៍ និងទូរសព្ទទំនើបដែលអ្នកកំពុងប្រើប្រាស់រាល់ថ្ងៃ ព្រោះវាអាចធ្វើឱ្យពិការភ្នែកបាន។ តាមពិត គេដឹងផលប៉ះពាល់របស់ពន្លឺពណ៌នេះយូរមកហើយ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះដែលអ្នកវិទ្យាសាស្រ្តរកឃើញមូលហេតុ។

ការមើលផ្ទាំងកុំព្យូទ័រក្នុងទីងងឹត ដែលប៉ះពាល់ភ្នែករឹតតែខ្លាំង

បើនិយាយពីចក្ខុវិស័យ មានពណ៌ច្រើនណាស់ដែលភ្នែកមនុស្សអាចមើលឃើញ ដែលល្អជាងភាវរស់ដទៃទៀតឆ្ងាយណាស់។ ទោះយ៉ាងណា កាំរស្មីនៃពន្លឺពណ៌ខៀវ ដែលមានកម្រិតរលកខ្លី និងបញ្ចេញថាមពលខ្លាំងជាងពណ៌ផ្សេងទៀតនោះ អាចបំផ្លាញចក្ខុប្រសាទ (សរសៃប្រសាទរបស់ភ្នែក) ក្រោយរងពន្លឺនេះយូរៗទៅ ដោយរួមចំណែកធ្វើឱ្យសាច់ដុំភ្នែកចុះខ្សោយដែលជាមូលហេតុចម្បងបណ្តាលឱ្យពិការភ្នែក។

រូបតំណាងភ្នែកមនុស្ស ប្រឈមនឹងពន្លឺពីឧបករណ៍ទំនើបៗ

ដោយសារអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យ Toledo ពេលនេះយើងបានដឹងថា ពន្លឺពណ៌ខៀវបង្កការខូចខាតដោយរបៀបណា ដែលនេះមានន័យថាយើងប្រហែលជាអាចរកវិធីបង្ការផលប៉ះពាល់។ នេះបើតាមការសិក្សារបស់ពួកគេ ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃអង្គារដើមសប្តាហ៍នេះ។ 

ការមើលទូរទស្សន៍ក្នុងទីងងឹត ដែលប៉ះពាល់ភ្នែករឹតតែខ្លាំង

យើងដឹងហើយថា ពន្លឺព្រះអាទិត្យផ្ទុកជាតិពណ៌ចម្រុះទាំងអស់ តាំងពីខៀវរហូតដល់ក្រហម ហើយវាប្រភពដ៏ធំដែលបញ្ចេញពន្លឺពណ៌ខៀវ។ ទោះយ៉ាងណា ឧបករណ៍ឌីជីថលដែលបានរៀបរាប់ខាងលើ ក៏បញ្ចេញពន្លឺដ៏គ្រោះថ្នាក់នេះដែរ ហើយអ្វីដែលរឹតតែធ្ងន់ធ្ងរទៀតនោះគឺ យើងចំណាយពេលសឹងតែរាល់ម៉ោង សម្លឹងចំអេក្រង់ទាំងនោះក្នុងចម្ងាយជិត ជាពិសេសគឺនៅពេលយប់តែម្តង។

ការមើលទូរសព្ទក្នុងទីងងឹត ដែលប៉ះពាល់ភ្នែករឹតតែខ្លាំង

ការចុះខ្សោយនៃសាច់ដុំភ្នែក បើនិយាយឱ្យចំគឺជាការងាប់កោសិកាដែលមានមុខងារទទួលពន្លឺរបស់រ៉េទីន (ផ្នែកមួយនៃភ្នែក)។ អ្នកស្រាវជ្រាវសម្រេចចិត្តដាក់គោលដៅលើម៉ូលេគីលរ៉េទីន ដែលកោសិកាទទួលពន្លឺត្រូវការដើម្បីចាប់ពន្លឺ និងបញ្ជូនសញ្ញាទៅឱ្យខួរក្បាល។

អ្នកត្រូវការម៉ូលេគុលរ៉េទីនរហូត ប្រសិនបើអ្នកចង់មើលឃើញ។ បើគ្មានរ៉េទីនដែលត្រូវបានផលិតក្នុងភ្នែកទេ កោសិកាទទួលពន្លឺធ្វើអ្វីមិនកើតឡើយ” អ្នកស្រាវជ្រាវ Ajith Karunarathne បានលើកឡើងដូច្នេះក្នុងសន្និសីទព័ត៌មានមួយ។

របៀបដែលពន្លឺពណ៌ខៀវ ជះឥទ្ធិពលដល់សាច់ដុំភ្នែក

នៅក្នុងបន្ទប់ពិសោធន៍ អ្នកស្រាវជ្រាវបានបញ្ចូលរ៉េទីន និងកោសិកាផ្សេងៗពីរាងកាយជាមួយគ្នា ដែលក្នុងនោះមានដូចជា កោសិកាទទួលពន្លឺ កោសិកាខួរក្បាល និងកោសិកាបេះដូង។ នៅពេលគេបញ្ចាំងពន្លឺពណ៌ខៀវទៅលើរ៉េទីន វាបង្កើតបានជាម៉ូលេគីលគីមីពុល ដែលបានសម្លាប់កោសិកា។ បើពីរនេះមិនប៉ះគ្នាទេ កោសិកាក៏មិនត្រូវបានបំផ្លាញដែរ។  

លោក Ajith Karunarathne ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមនេះ

ទោះយ៉ាងណា ដំណឹងនៃការរកឃើញនេះមិនអាក្រក់ណាស់ណាឡើយ ព្រោះអ្នកស្រាវជ្រាវក៏បានរកឃើញម៉ូលេគីល អាល់ហ្វា តូកូភើររ៉ល ដែលកម្លាយមកពីវីតាមីន E និងអាចរារាំងកុំឱ្យកោសិកាងាប់។ ពួកគេពោរពេញដោយសង្ឃឹមថា ការស្រាវជ្រាវនេះអាចឈានដល់ការព្យាបាល ដូចជាថ្នាំបន្តក់ភ្នែកដែលអាចពន្យឺតល្បឿននៃការចុះខ្សោយរបស់សាច់ដុំភ្នែក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]