ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ឧត្តមសេនីយ៍​យោធា​ពាក់​ផ្កាយ​៣​ម្នាក់ ត្រូវ​បាន​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា គ្មាន​សុជីវធម៌ និង​មិន​សាក​សម​មាន​ឋា​ន្ត​នរ​សក្តិ​ពាក់​ផ្កាយ​៣​លើ​ស្មា​សោះ​។ 

ដោយសារ​តែ​លោក​ផ្កាយ​៣​រូប​នេះ​អាង​អំណាច ហើយ​មក​ស្រែក​ជេរ​ប្រមាថ​មន្ត្រី​ជំនាញ លោក​រដ្ឋ​មន្ត្រី លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ ដោយ​គ្មាន​សំចៃមាត់​ឡើយ ខណៈ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​អាចម៍ដី​លក់​ដោយ​គ្មាន​សុំ​ច្បាប់ និង​ណែនាំ​ឱ្យទៅ​បង់​សួយ​សារ​ជូន​រដ្ឋ ស្រាប់តែ​លេចមុខ​លោក​ផ្កាយ​​៣​រូប​នោះ ចេញ​មក​កាង​ដោយ​មិន​ញញើត​ច្បាប់​បន្តិច​ណា​សោះ​។ និយាយ​រួម​លោក​ផ្កាយ​៣​រូប​នោះ បាន​យក​ច្បាប់​ព្រៃ និង​អំណាច​របស់​ខ្លួន​មក​គំរាម​មន្ត្រី​ជំនាញ​តែ​ម្តង​។

លោក ផា​ន់ ឧត្តម អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​សំរោង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​មើល​ដំណាំ​ស្រែ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​​​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បន្ទាប់​ពី​ចុះ​ពិនិត្យ​រួច​ហើយ ក៏​ប្រទះ​ឃើញ​មាន​ក្រុម​ឈ្មួញ​មួយ​ក្រុម​ដែល​រក​ស៊ីជី​កាយ​អាចម៍ដី​លក់​នោះ ដោយ​សង្ស័យ​មិន​បាន​សុំ​ច្បាប់ ក៏​ទូរស័ព្ទ​មក​ខាង​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​សួរនាំ​រឿង​ជីក​កាយ​មានច្បាប់​ដែរ​ឬទេ?

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​រួច​ហើយ លោក​ផា​ន់ ឧត្តម រួម​ជា​មួយ​មន្ត្រី​ចំនួន​២​នាក់​ទៀត បាន​ចុះ​ទៅ​ធ្វើការ​សួរនាំ​អ្នក​បើករថយន្ត​ដឹក​ដី​នោះ ហើយ​និយាយ​​ថា គ្រឿងចក្រ​ដែល​កំពុង​ជីក​កាយ​យក​អាចម៍ដី​នោះ មាន​ថៅកែ​ឈ្មោះ លឹ​ម ហេង ដែល​រស់នៅ​ម្តុំ​ផ្សារ​ព្រៃ​ផ្តៅ ហើយ​ការ​ជីក​កាយ​យក​អាចម៍ដី​នេះ គឺ​ជីក​នៅ​ក្នុងភូមិ​លំពែងព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

មន្ត្រី​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ពួក​គាត់​បាន​ទូរស័ព្ទ​ទៅ​លោក លឹ​ម ហេង ដើម្បី​សួរនាំ និង​ណែនាំ​ឱ្យ​សុំ​ច្បាប់​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋ​កំណត់ ដើម្បី​ងាយស្រួល​បង់​សួយ​សារ​ចូល​រដ្ឋ ។ ពេល​នោះ​ក៏​លោក លឹ​ម ហេង ជា​ថៅកែ​គ្រឿងចក្រ​ក៏​បាន​ណាត់​ក្រុមការងារ​ទៅ​ជួប​នៅ​មុខ​បន្ទាយ​ទាហាន​ទន្លេ​រក​ន្ទិ​ល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​មិនឃើញ​លោក​លឹ​ម ហេង មក​ទេ បែរជា​លេចមុខ​លោក​ផ្កាយ​៣​ម្នាក់​ឈ្មោះ ណូ​ន រ៉​ន អតីត​បម្រើ​ការងារ​នៅ​បន្ទាយ​ទន្លេ​រក​ន្ទិ​ល​នេះ ដែល​បច្ចុប្បន្ន​ទៅ​បម្រើ​ការងារ​នៅ​អគ្គបញ្ជាការ​បាន​មក​អះអាង​កាង​ស្រែក​ឡូឡា ហើយ​ជេរ​មន្ត្រី​រ៉ែ និង​ថាមពល​ខេត្ត មិនតែប៉ុណ្ណោះ​ថែម​ទាំ​ជេរ​ប្រមាថ​ទាំង​លោក​រដ្ឋមន្ត្រី ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​នូវ​ពាក្យ​អសុរោះ​ថែម​ទៀត​ផង​។

ហើយ​ពាក្យពេចន៍​ដែល​លោក​ផ្កាយ​៣​ជេរ​នេះ គឺ​សំដៅ​ថា តើ​ធនធាន​រ៉ែ​ណឹ​ង​ជា​របស់​ម្តាយ​វា​មែន​ទេ បានជា​ឱ្យ​អញ​ទៅ​បង់​សួយ​សារ?​» ពាក្យ​ដែល​លោក​ផ្កាយ​៣​ជេរ​ប្រមាថ​នេះ កុំ​ថា​ឡើយ​លោក​រដ្ឋមន្ត្រី សូ​ម្បី​តែ​មន្ត្រី​តូចតាច​ថ្នាក់​ក្រោម​ក៏​មិន​អាច​ទទួលយក​បាន​ដែរ​។ ជា​ពិសេស​ការ​ជេរ​ប្រមាថ​របស់​លោក​ផ្កាយ​៣ គឺ​ធ្វើ​ឡើង​នៅ​មុខមន្ត្រី​ក្រោម​ឱវាទ​របស់​លោក និង​ក្រោម​ក្រសែភ្នែក​មហាជន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ទៀត​ផង​។

មហាជន​ដែល​ដឹង​រឿង​នេះ​បាន​នាំ​គ្នា​រិះគន់​ថា មានបុណ្យ​សក្តិ​ធំ​រហូត​ដល់​ពាក់​ផ្កាយ​៣​លើ​ស្មា​ទៅ​ហើយ​នោះ គ្រាន់តែ​ជំនាញ​មក​សួរនាំ​រឿង​ជីក​កាយ​ដី​មានច្បាប់​ដែរ​ឬ​អត់ អាង​អំណាច​របស់​ខ្លួន​បាន​ជេរ​ប្រមាថ មាក់ងាយ​មន្ត្រី​តូចតាច​ជាង​ខ្លួន មិនតែប៉ុណ្ណោះ​ជេរ​ដល់​រដ្ឋមន្ត្រី និង​ប្រធាន​មន្ទីរ​រ៉ែ​ទៀត​។

មានការ​លើក​ឡើង​ថា ទំនងជា​លោក​ផ្កាយ​៣​រូប​នេះ ជា​អ្នក​កាង​ឱ្យ​លោក​លឹ​ម ហេង ថៅកែ​​គ្រឿងចក្រ​ក្នុង​ការ​រកស៊ី​កាយ​ដី​អត់​ច្បាប់​ហើយ ទើប​បានជា​ខំ​ចេញ​មុខ​មក​កាង​ស្រែក​ឡូឡា​ជេរ​ប្រមាថ​មន្ត្រី​ជំនាញ​មិន​សំចៃមាត់​បែប​នេះ ហើយ​មិនដឹង​ថា តើ​លោក​លឹ​ម​ហេង​ថៅកែ​នោះ​ចំណាយ​លុយ​អស់​ប៉ុន្មាន​នោះ​ទេ ឱ្យទៅ​លោក​ផ្កាយ​៣​រូប​នេះ​ក្នុង​មួយ​​ខែ​ៗ ដើម្បី​កាង​មុខរបរ​គេចវេះ​ច្បាប់​នេះ រួច​ផុត​ពី​ការ​បង់​សួយ​សារ ទើបបាន​លោក​ណូ​ន រ៉​ន ប្រឹង​ប្រើ​អំណាច​ទាហាន​ផ្កាយ​៣​របស់​ខ្លួន​មក​កាង​បែប​នេះ​។

ប្រភព : kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]