បរទេស៖ កាលពីយប់មិញនេះ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង បានប្រកាសចេញទូរសព្ទ Samsung Galaxy Note 9 ដែលជាស្មាតហ្វូនកំពូលចុងក្រោយរបស់ខ្លួនជាមួយលក្ខណៈពិសេសជាច្រើនដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Galaxy Note 9

អ្នករាល់គ្នាប្រាកដជាចង់ដឹងហើយថា តើ Note 9 មានចំណុចពិសេសអ្វីខ្លះដែល Samsung ហ៊ានដាក់លក់ទូរសព្ទរបស់ខ្លួននៅក្នុងតម្លៃខ្ទង់ពាន់ដុល្លារអីចឹង?

១. ទំហំផ្ទុកក្នុងម៉ាស៊ីន

Note 9 បានបង្កើនទំហំផ្ទុកក្នុងម៉ាស៊ីនកាន់តែធំជាងមុនដែលមាន ២ ជម្រើស មួយមានទំហំផ្ទុក ១២៨GB ជាមួយនឹង Ram ៦GB ដែលមានតម្លៃប្រមាណ ៩៩៩ ដុល្លារ ហើយចំណែកមួយទៀតមានទំហំផ្ទុក ៥១២GB ជាមួយនឹង Ram ៨GB ដែលមានតម្លៃប្រមាណ ១២៥០ ដុល្លារ។ ម៉ូដែលទាំងពីរនេះអាចដាក់មេម៉ូរីកាតប្រភេទ microSD រហូតដល់ ៥១២GB។ ទំហំធំបែបនេះអាចប្រហាក់ប្រហែលនឹងកុំព្យូទ័រដែរ ដូច្នេះអ្នកមិនចាំបាច់ត្រូវលុប រូបភាព វីដេអូ ឬហ្គេមដែលអ្នកស្រលាញ់នោះទេ។ 

Galaxy Note 9

២. ថាមពលថ្ម

ជាធម្មតាយើងតែងតែប្រើប្រាស់ទូរសព្ទដៃមិនដល់មួយថ្ងៃពេញនោះទេ។ មិនថាយើងប្រើប្រាស់ iPhone X ឬទូរសព្ទ Android ផ្សេងទៀត។ យ៉ាងណាមិញ ជាមួយកម្លាំងថ្ម ៤០០០ មីលីអំពែម៉ោងរបស់ Note 9  អ្នករាល់គ្នាអាចប្រើប្រាស់ទូរសព្ទដៃរបស់អ្នកបានពេញមួយថ្ងៃ។

៣. ហ្គេម Fortnite

បើអ្នកគឺជា Gamer ដ៏ពិតប្រាកដ អ្នកប្រាកដជាស្គាល់ហ្គេម Fortnite ជាក់ជាមិនខាន។ នេះគឺជាទូរសព្ទ Andriod ដំបូងគេបង្អស់ដែលអាចលេងហ្គេម Fortnite នៅលើវាបាន។ ចំពោះ Gamer ដែលលេងនៅលើ Note 9 អ្នកនឹងទទួលបាន Skin Galaxy ពិសេសនៅលើ Hero របស់អ្នក។ គួរបញ្ជាក់ផងដែរ CPU របស់ Note 9 ប្រើប្រាស់ Qualcomm’s Snapdragon 845 processor ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីដែល Samsung ហៅថា “Water Carbon Cooling System” ដូច្នេះអ្នកអាចរីករាយជាមួយនឹងហ្គេម Fortnite ដោយឥតទាក់ និងមិនក្តៅទូរសព្ទ។ 

Galaxy Note 9

៤. កាមេរ៉ា

ស្រដៀងគ្នាទៅនឹងកាមេរ៉ារបស់ S9 Plus ដែរ Note 9 បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយចំនួន ២ គ្រាប់ ទំហំ ១២ មេហ្គាភិចសែល កម្រិត Aperture f/1.5 និង f/2.4 ជាប្រភេទ Dual Pixel PDAF និងបច្ចេកវិទ្យាទប់រំញ័រ OIS។ អ្វីដែលពិសេសនោះគឺ Samsung បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាថតរូបវៃឆ្លាតដែលអាចថតរូបភាពទៅតាមបរិយាកាសជុំវិញ ដូចជាការថតរូបនៅពេលថ្ងៃ យប់ ឬថ្ងៃលិចជាដើម ដែលបច្ចេកវិទ្យានោះនឹងស៊េរេពន្លឺ និងកម្រិត Aperture ដោយស្វ័យប្រវត្តិ។ លក្ខណៈពិសេសមួយទៀតអ្នកអាចបញ្ជាប៊ិច S-Pen ដើម្បីធ្វើការថតរូបឲ្យអ្នកពីចម្ងាយ ដូច្នេះ អ្នកមិនចាំបាច់ត្រូវពឹងពាក់អ្នកផ្សេងដើម្បីថតរូបឲ្យអ្នកទេ។

Galaxy Note 9

៥. ប៊ិច S-Pen

ប៊ិច S-Pen បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Bluetooth ពិសេសដែលដើរតួនាទីយ៉ាងសំខាន់ដូចទៅនឹងតេឡេបញ្ជាអីចឹងពោលគឺ អាចបញ្ជាថតរូប Selfie ពីចម្ងាយបាន អាចបញ្ជាចាក់តន្រ្តីបាន អ្វីដែលភ្ញាក់ផ្អើលនោះគឺអាចបញ្ជាធ្វើបទបង្ហាញ (Presentation) បានដោយគ្រាន់តែដោតទូរស័ព្ទ Note 9 របស់អ្នកជាមួយនឹងខ្សែ HDMI ទៅនឹងកុំព្យូទ័រ៕

Galaxy Note 9

ចង់ជ្រាបច្បាស់ សូមតាមដានវីដេអូទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]