ជាការពិត កម្តៅថ្ងៃនៅពេលព្រឹកព្រលឹមចន្លោះពីម៉ោង ៧ ទៅ ១០ព្រឹក និង ម៉ោង ៤ ទៅ៦ល្ងាច មានផលវិជ្ជមានជាច្រើនសម្រាប់សុខភាពរាងកាយ និងស្មារតី។ ការសិក្សាជាច្រើនអំពីកំដៅព្រះអាទិត្យ បានបង្ហាញឲ្យឃើញថា កំដៅថ្ងៃនៅចន្លោះពេលរៀបរាប់ខាងលើនេះពិតមានអត្ថប្រយោជន៍សុខភាពជាច្រើន ប៉ុន្តែក្នុងពេលជាមួយគ្នាផងដែរ កំដៅថ្ងៃខុសពីម៉ោងហ្នឹង អាចមានផលប៉ះពាល់អវិជ្ជមានទៅវិញ បើញឹកញាប់។

ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៣យ៉ាង នៃការត្រូវកំដៅថ្ងៃជារៀងរាល់ថ្ងៃ៖

១. ប្រភពនៃវីតាមីន D

អ្នកដឹងទេថា វីតាមីន ដេ (D) ជាសារធាតុចិញ្ចឹមយ៉ាងសំខាន់ ដែលខ្លួនប្រាណយើងពុំអាចខ្វះបានឡើយ ព្រោះវាចូលរួមចំណែកយ៉ាងចំបងក្នុងការលូតលាស់នៃឆ្អឹង។ កង្វះនៃវីតាមីនដេ អាចធ្វើឲ្យបុគ្គលនោះជួបនូវបញ្ហាពុកឆ្អឹង និងការលូតកម្ពស់ជាដើម។

បើទោះបីជាយ៉ាងណាក៏ដោយ វីធីសាស្ត្រដ៏ងាយស្រួលមួយក្នុងចំណោមវិធីសាស្ត្រដទៃទៀតនោះគឺការឲ្យស្បែករបស់អ្នកប៉ះជាមួយនឹងកាំរស្មីព្រះអាទិត្យ  ដែលជាហេតុធ្វើឱ្យកោសិកានៃស្បែក  ធ្វើការផលិតវីតាមីន D ដោយខ្លួនវា។ កាលដែលអ្នកត្រូវកំដៅថ្ងៃកាន់តែច្រើន ការផលិតនូវវីតាមីន D ក៏កាន់តែច្រើនទៅតាមនោះដែរ។

ចំណាំ៖ កំដៅថ្ងៃ ដែលល្អនិងពុំផ្តល់ផលប៉ះពាល់អវិជ្ជមានដល់យើងវិញ  គឺចន្លោះពីម៉ោង ៧ទៅ ១០ និង ពេលល្ងាច ៤ ទៅ ៥។ 

រូបតំណាង

២. ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

ជាការពិតណាស់ អ្នកប្រហែលជាសំគាល់ហើយថា រាល់ពេលដែលរវល់ធ្វើកិច្ចការងារជាច្រើនម៉ោងមក តែងតែមានអារម្មណ៍អស់កម្លាំង និងងងុយដេក ជាដើម ប៉ុន្តែ ក្រោយពីបានប៉ះកំដៅថ្ងៃរួច ក៏ស្រាប់តែស្មារតីអារម្មណ៍មកធម្មតា និងបាត់ភាពងងុយដេកភ្លាម។

នេះបើយោងទៅតាមវេជ្ជបណ្ឌិត Bligard បានឲ្យដឹងថា កំដៅថ្ងៃប្រៀបដូចជាថ្នាំធម្មជាតិពង្រឹងស្មារតីអីចឹង។ វាធ្វើឲ្យយើងមានអារម្មណ៍ប្រសើរ និងមានកម្លាំងឡើងវិញ។ ជាពិសេសកំដៅថ្ងៃ មានឥទ្ធិពលទៅដល់រាងកាយរបស់យើង ក្នុងការបញ្ចេញនៅអរម៉ូនពិសេសម៉្យាង (ស៊ឺរ៉ូទូនីន) ដែលជាអរម៉ូនសំខាន់បំផុត ដែលខួរក្បាលប្រើប្រាស់ក្នុងការបង្កើនសតិអារម្មណ៍។

រូបតំណាង

៣. កាត់បន្ថយស្ត្រេស

លោកវេជ្ជបណ្ឌិត Bligard បានមានប្រសាសន៍ថា ក្នុងការរស់នៅក្នុងសតវត្សទី ២១ នេះ មនុស្សភាគច្រើនសុទ្ធតែជួបបញ្ហាស្មុគស្មាញជាច្រើន មិនថារឿងគ្រួសារ ការងារ ឬការសិក្សានោះទេ ដែលអាចប៉ះពាល់ទៅដល់សុខភាពទូទៅនៃរាងកាយ បើពុំកាត់បន្ថយវាទេនោះ។

លោកបានបន្តទៀតថា ដើម្បីកាត់បន្ថយបញ្ហាស្ត្រេសទាំងនេះ មានវិធីសាស្ត្រជាច្រើនដែលយើងអាចអនុវត្តបានដូចជា ការលេងកីឡា ការហាត់ប្រាណ ជាពិសេស  គ្រាន់តែចំណាយពេលវេលាដកឃ្លាពីកិច្ចការទាំងនោះ ដើម្បីដើរស្រូបយកខ្យល់អាកាស និងកំដៅថ្ងៃតែប៉ុណ្ណោះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]