ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៨នេះ បានផ្ទុះនូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ និងក្លាយជាប្រធានបទក្តៅ ខណៈដែលតារាចម្រៀងប្រុស ចំនួន២រូប កំពុងមានបញ្ហាប្រឈមមុខដាក់គ្នា តាមផ្លូវច្បាប់ បន្ទាប់ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសរៀបចំឯកសារ ជាមួយនឹងមេធាវីរបស់ខ្លួន ប្តឹងតារាពូកែទើស លោក ម៉ៃ សុគន្ធ ឡើងតុលាការ។ ប៉ុន្តែជាការឆ្លើយតប តារាចម្រៀង ម៉ៃ សុគន្ធ បានប្រកាសក្ដែងៗនៅមុននេះបន្តិចថា លោកនឹងកំដ តារាចម្រៀង ខេមរៈ សិរីមន្ត ជានិច្ចប្រសិនបើមានពាក្យបណ្ដឹង ប្ដឹងរូបលោកដល់ដៃតុលាការមែន។

ទាក់ទងនឹងព័ត៌មានដ៏រសើប បង្កការចាប់អារម្មណ៍ ដល់មហាជនក្រោយពេល លោក ខេមរៈ សិរីមន្ត បានទម្លាយពីការប្រកាសប្តឹង លោក ម៉ៃ សុគន្ធ នេះដែរ ភ្លាមៗក៏បានក្លាយជារឿងមួយ ធ្វើឲ្យទស្សនិកជនចង់ដឹងថា តើតារាចម្រៀងប្រុសរបស់ខ្មែរពីររូបនេះ អាចនឹងប្រឈមមុខដាក់គ្នា ដូចអ្វីដែលបានប្រកាស ឬមួយយ៉ាងណា។ ម្យ៉ាងក៏មានខ្លះទៀត ចង់ដឹងផងដែរ ចំពោះការប្រតិកម្មពីសំណាក់ លោក ម៉ៃ សុគន្ធ លើការព្រមានប្តឹងខាងលើនេះ។

លោក ម៉ៃ សុគន្ធ បានថ្លែងប្រាប់ Khmertalking តាមទូរស័ព្ទឲ្យដឹងនាព្រឹកនេះ លើករណីនៃការប្រកាសប្តឹងរបស់លោក ខេមរៈ សិរីមន្ត ថា «បាទបង..ខ្ញុំទើបតែដឹងព័ត៌មានមុននេះបន្តិចដែរ..! ប៉ុន្តែខ្ញុំគិតថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ឬភ័យខ្លាចផង ព្រោះវាគ្មានករណីអ្វីធំដុំទេ ហើយនេះគ្រាន់តែជាការរិះគន់ ដោយប្រយោល ម្យ៉ាងទៀតនរណាក៏ដោយ ឲ្យតែជាបុគ្គលសាធារណៈ គឺគេអាចធ្វើការរិះគន់ជារឿងធម្មតា»។

តារាចម្រៀងពូកែទើស លោក ម៉ៃ សុគន្ធ បានបន្តថា បើសិនជាពិនិត្យទៅ គឺគ្មានទ្រង់ទ្រាយណា ចូលលក្ខណៈផ្លូវច្បាប់ នោះឡើយ តែប្រសិនបើគាត់ លើកអំណះអំណាង រឿងយករូបរបស់គាត់ (ខេមរៈ) មកផុស ហេតុអ្វីយើងផុសមិនបាន ដោយហេតុថា គាត់ជាបុគ្គលសាធារណៈ ដូច្នេះហើយនរណាក៏អាចយករូបគាត់ មកផុសបានដែរ ហើយអ្វីដែលសំខាន់ កុំឲ្យតែការផុសនោះ ប្រមាថជេរដល់ម្តាយគាត់ទៅ បានហើយ។

លោក ម៉ៃ សុគន្ធ បានបញ្ជាក់បន្ថែមថា «ទោះបីជាលោក ខេមរៈ សិរីមន្ត ប្តឹងខ្ញុំ ក៏គ្មានអ្វីត្រូវខ្លាចដែរ ព្រោះថាមិនមែនជាប់ពាក់ព័ន្ធ ទៅនឹងរឿងទោសព្រហ្មទណ្ឌឯណា? ហើយបើគាត់ពិតជាប្តឹង ដូចការចោទប្រកាន់នោះមែន ខ្ញុំរីករាយកំដរតាមគាត់ទៅ។ ម្យ៉ាងទៀត បើគិតតាមផ្លូវច្បាប់ ឬអង្គហេតុរដ្ឋបវេណី ក៏គេមិនចាប់បង្ខំយើងដែរ តែបើគេហៅយើងក៏ទៅ គឺទៅព្រោះខ្ញុំ ក៏មានមេធាវី ដើម្បីការពារដូចគ្នាដែរ»។

សូមបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសប្តឹង លោក ម៉ៃ សុគន្ធ ដោយមានភ្ជាប់ជាមួយរូបភាព និងសំណេរបែបនេះថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំ បែបបទរួចអស់ហើយ បទល្មើស និងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ។

-បទចោទ

-បទញុះញុងមានជាអាទិ៍។

-បទធ្វើអោយប៉ះពាល់សិទ្ធ នឹងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហា ជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វី ដែលខ្លួនបានសាងបទល្មើសនេះចុះ»៕

ខេមរៈ សេរីមន្ត
ម៉ៃ​ សុគន្ធ
ម៉ៃ​ សុគន្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ