សណ្តែកសៀង ជាប្រភេទបន្លែនៃអាហារថាមពល និងអាហារសាងសង់ ដែលសំបូរទៅដោយសារធាតុប្រតេអ៊ីនសម្រាប់ការលូតលាស់សរីរាង្គកាយ និងសារធាតុចិញ្ចឹមជាច្រើនប្រភេទទៀតដែលខ្លួនប្រាណយើងពុំអាចផលិតបាន និងចាំបាច់ត្រូវការមិនអាចខ្វះបានឡើយ។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៥ យ៉ាង ទទួលបានពីការរួមបញ្ចូលសណ្តែកសៀងក្នុងរបបអាហាររបស់អ្នក៖

១. ការលូតលាស់

ដូចបានរៀបរាប់ខាងលើអីចឹង សណ្តែកសៀងសំបូរទៅដោយសារធាតុប្រូតេអ៊ីនយ៉ាងច្រើន ដែលជាតំរូវការចាំបាច់របស់រាងកាយសម្រាប់លូតលាស់ធំធាត់។

ប្រូតេអ៊ីន ជាសារធាតុដែលបានផ្តល់ជាទ្រង់ទ្រាយដល់រចនាសម្ព័ន្ធនៃជាលិកា របស់សារពាង្គកាយ។  វាដើរតួនាទីក្នុងការជួសជុលនិងបង្កើតថ្មីនូវកោសិកាដែលខូចខាតនិងបាត់បង់។

សណ្តែកសៀងជាអាហារថាមពលដ៏សំខាន់សម្រាប់អ្នកញុំាអាហារបួស ឬ អ្នកដែលហាត់កីឡាជាប្រចាំដែលទាមទារថាមពលជាច្រើន។

រូបតំណាង

២. ប្រឆាំងនឹងមហារីក

សណ្តែកសៀង សំបូរទៅដោយសារធាតុប្រឆាំងនឹងជាតិពុល ដែលអាចផលិតដោយកោសិកាយើងផ្ទាល់ក្រោយប្រតិកម្មគីមីនៃសរីរាង្គផង ឬក៏មកពីកត្តាខាងក្រៅផង។ សារធាតុពុលនេះ ឬ ហៅថា Free Radical បានបំផ្លាញកោសិកាដែលមានសុខភាពល្អ ហើយអាចធ្វើឲ្យកោសិកាទាំងនោះ ក្លាយជាកោសិកាមហារីកបានដោយពុំអាចបញ្ជាបានដោយរាងកាយយើង។

បើទោះបីជាយ៉ាងណាក៏ដោយ ចំណីអាហារក៏ជាកត្តាមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានដែរ ជាពិសេសសណ្តែកសៀងនេះឯង ដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងការវិវឌ្ឍន៍នៃមហារីក។ 

រូបតំណាង

៣. ពង្រឹងសុខភាពបេះដូង

សណ្តែកសៀង សំបូរទៅដោយសារធាតុខ្លាញ់ល្អ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលតាមសរសៃឈាម។  ជាលទ្ធផល វាបានកាត់បន្ថយហានិភ័យនៃជំងឺរឹងសរសៃឈាមដែលបណ្តាលមកពីការប្រមូលផ្តុំនៃសារធាតុកូលេស្តេរ៉ុលតាមចរន្តឈាម។  ពិសេសទៅទៀត  វាបង្ការយើងពីជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ដែលមូលហេតុចំបងនៃជំងឺទាំងនេះ សុទ្ធតែបង្កមកពីសារធាតុកូលេស្តេរ៉ុលមិនល្អ។

រូបតំណាង

៤. សុខភាពប្រព័ន្ធរំលាយអាហារ

សណ្តែកសៀង ជាអាហារសំបូរទៅដោយសារធាតុសរសៃដែលមនុស្សភាគច្រើនពុំសូវដឹង និងខ្វះសារធាតុចិញ្ចឹមមួយប្រភេទនេះ។

អ្នកដឹងទេថា សារធាតុសរសៃដើរតួនាទីយ៉ាងចំបងក្នុងដំណើរការនៃប្រព័ន្ធរំលាយអាហារ ដោយវាផ្តល់នូវផ្ទៃរហិលសម្រាប់ការបញ្ជូនចំណីអាហារនិងជាពិសេសជួយជំរុញឲ្យសាច់ដុំពោះវៀនធ្វើការកន្រ្តាក់ ដើម្បីធ្វើការស្រូបយកសារធាតុចិញ្ចឹម និងរុញកាកសំណល់ទៅរកទ្វារបញ្ចេញចោលដោយរលូន។

ក្រៅពីនេះ វាជាថ្នាំទិព្វដោះស្រាយបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាពផងដែរ។

រូបតំណាង

៥. សុខភាពឆ្អឹង

សណ្តែកសៀង សំបូរទៅដោយសារធាតុរ៉ែសំខាន់ៗជាច្រើនដូចជា កាល់ស្យូម ម៉ាញេស្យូម ទង់ដែង ស័ង្គសី ដែលដើរតួយ៉ាងសំខាន់សម្រាប់ការបង្កើនល្បឿនជួសជុលឆ្អឹងដែលខូចខាត និងការលូតលាស់កោសិកាឆ្អឹងថ្មី។

សណ្តែកសៀង ជាអាហារដ៏ចាំបាច់បំផុតក្នុងការដោះស្រាយបញ្ហាពុកឆ្អឹងនៅពេលយើងអាយុច្រើនទៅ ដោយពុំបាច់ចំណាយលុយកាក់រាប់ពាន់ទៅព្យាបាលជំងឺឡើយ។

រូបតំណាង

### សូមអាន និងប្រុងប្រយ័ត្ន ###

បើទោះបីជាសណ្តែកសៀង មានអត្ថប្រយោជន៍សុខភាពជាច្រើន ដែលធ្វើឲ្យយើងមិនអាចមើលរំលងក៏ដោយ ប៉ុន្តែវាអាចផ្តល់ជាផលអវិជ្ជមានសម្រាប់មនុស្សប្រុស។

ចំពោះបុរស ការបរិភោគសណ្តែកសៀងច្រើនជ្រុល អាចធ្វើឱ្យបរិមាណអរម៉ូនភេទពុំមានលំនឹង ដែលបណ្តាលឲ្យប៉ះពាល់ដល់សរីរាង្គភេទ ដូចជា ធ្លាក់ចុះនូវការបញ្ចេញទឹកកាម  អាចបណ្តាលឲ្យពិបាកក្នុងការចង់បានកូន,  បាត់បង់ចំណង់ផ្លូវភេទ និងអាចឈានទៅដល់ការវិវឌ្ឍន៍នៃជំងឺមហារីកទៀតផង។ 

ហេតុនេះហើយអាចហូបបាន តែកុំហូបច្រើនជ្រុលពេក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]