ផ្លែប៉េងប៉ោះ ជាពពួកផ្លែឈើដែលគេអាចប្រើប្រាស់ស្ទើរតែក្នុងគ្រប់មុខម្ហូប។ វាផ្តល់រសជាតិជូរអែមដល់មុខម្ហូប និងបង្កើនឱជារសកាន់តែឈ្ងុយឆ្ងាញ់។

ប៉ុន្តែអ្នកមានដឹងទេថា ប៉េងប៉ោះសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែបដែលផ្តល់ផលវិជ្ជមានជាច្រើនដល់សុខភាពរាងកាយយើង។

ដូច្នេះខាងក្រោមនេះអ្នកនឹងបានយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពទាំង ៥ យ៉ាង ដោយគ្រាន់តែហូបប៉េងប៉ោះឲ្យបានជាប្រចាំ៖

១. ប្រឆាំងជំងឺមហារីក

ប៉េងប៉ោះ មានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុលពិសេសមួយប្រភេទ ដែលគេបានរកឃើញថាចូលរួមចំណែកប្រឆាំងការរីកលូតលាស់នៃកោសិកាមហារីក តាមរយៈការទប់ទល់នឹងប្រតិកម្មអុកស៊ីតកម្មដែលកោសិកាយើងរងឥទ្ធិពលរាល់វិនាទី ដែលជាដើមហេតុធ្វើឲ្យកោសិកាមានការលូតលាស់ខុសប្រក្រតី និងបង្កទៅជាកោសិកាមហារីកនេះឯង។

ការហូបប៉េងប៉ោះឲ្យបានជាប្រចាំ អាចការពារលោកអ្នកពីការវិវឌ្ឍន៍នៃជំងឺមហារីកពោះវៀនធំ ក្រពេញប្រូស្តាត និងជំងឺមហារីកសួត។

រូបតំណាង

២. ប្រឆាំងជំងឺដាច់សរសៃឈាមខួរក្បាល

ដូចគ្នានេះផងដែរ សារធាតុប្រឆាំងនឹងជាតិពុលដែលមានផ្ទុកក្នុងផ្លែប៉េងប៉ោះ មានមេកានិចពិសេសមួយទៀត ដោយវាមានតួនាទីក្នុងការប្រឆាំងនឹងបញ្ហាឈាមកកក្នុងសរសៃឈាមដែលច្រើនបណ្តាលមកពីការស្ទះដោយសារកករផ្តុំនៅតាមសរសៃឈាម។

អ្នកដឹងទេថា ការស្ទះសរសៃឈាមតូចៗល្អិតឆ្មារជាពិសេសនៅខួរក្បាល  អាចបណ្តាលឲ្យអ្នកបាត់បង់ស្មារតីភ្លាមៗ ហើយវាអាចប៉ះពាល់ទៅដល់ដំណើរការធម្មតានៃប្រព័ន្ធប្រសាទ និងសរីរាង្គផ្សេងៗទៀត។

ប៉ុន្តែការហូបផ្លែប៉េងប៉ោះឲ្យបានញឹកញាប់ អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

រូបតំណាង

៣. ប្រឆាំងនឹងការពុកឆ្អឹង

ផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុរ៉ែសំខាន់ពីរប្រភេទ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពឆ្អឹងដ៏រឹងមាំ។  ទីមួយ  វាមានផ្ទុកនៅសារធាតុម៉ាញេស្យូម ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការផលិតអរម៉ូនពិសេសម្យ៉ាង (កាល់ស៊ីតូនីន) ហើយអរម៉ូននេះជាភ្នាក់ងារដ៏ចាំបាច់បំផុតក្នុងការចាប់យកសារធាតុកាល់ស្យូមបញ្ចូលក្នុងឆ្អឹងដើម្បីឲ្យឆ្អឹងរឹងមាំ។ ចំណែក ទី២ វិញ វាសំបូរទៅដោយប៉ូតាស្យូម ដែលការពារការខូចខាតកោសិកាឆ្អឹងដោយសារប្រតិកម្មគីមីក្នុងខ្លួន ហើយវាបង្ការការបាត់បង់នូវសារធាតុកាល់ស្យូមនៅពេលយើងចាស់ទៅផងដែរ។ 

រូបតំណាង

៤. រក្សាសម្ពាធឈាម

អ្នកមានដឹងទេថា បញ្ហានៃការឡើងសម្ពាធឈាមរ៉ាំរ៉ៃ ឬហៅថាជំងឺលើសឈាម  អាចផ្តល់ផលប៉ះពាល់ជាច្រើនទៅដល់សុខភាពរាងកាយយើង។  កាលណាមានបញ្ហាលើសឈាមរយៈពេលយូរ  វាបានបង្កផលប៉ះពាល់ជាច្រើនដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល  ធ្វើឲ្យសរសៃឈាមឡើងរឹង និងជំងឺមួយចំនួនទៀត។

តែបើលោកអ្នកអាចចាប់ផ្តើមបង្កើតទម្លាប់បញ្ចូលផ្លែប៉េងប៉ោះក្នុងរបបអាហាររបស់អ្នក  តាមរយៈការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ទម្លាប់បែបនេះបានកាត់បន្ថយហានិភ័យនៃបញ្ហាលើសឈាម និងរក្សាសម្ពាធឲ្យនៅធម្មតា។

រូបតំណាង

៥. ពង្រឹងសមត្ថភាពខួរក្បាល

ប៉េងប៉ោះ សំបូរទៅដោយវីតាមីនជាច្រើនប្រភេទ ដោយក្នុងនោះវាក៏មានវីតាមីនប្រភេទ B និង E ដែលគេបានរកឃើញថា ពពួកវីតាមីនទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពខួរក្បាល ដោយវាជួយកាត់បន្ថយការខូចខាតកោសិកាខួរក្បាល ហើយបង្កើននូវការចងចាំ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]