មង្ឃុត ជាប្រភេទដំណាំផ្លែឈើ ដែលងាយរក ងាយហូប និងមានរសជាតិឆ្ងាញ់ ជូរហែម ល្អយ៉ាងខ្លាំងសម្រាប់បង្អែមលាងមាត់ក្រោយពេលទទួលទានអាហាររួច។ 

ជាការពិត ផ្លែមង្ឃុត មើលពីក្រៅមិនទំនងជាចង់ហូបសោះ បើនិយាយពីខាងក្នុងវិញ មានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់តែម្តង។  អ្វីដែលសំខាន់ជាងនេះទៀត អ្នកដឹងទេថា ផ្លែឈើមួយនេះជំរុញសុខភាពទូទៅរបស់យើងយ៉ាងច្រើន និងជាថ្នាំធម្មជាតិព្យាបាល  រាប់តាំងពីជំងឺមហារីក ជំងឺបេះដូង រក្សាសម្ពាធឈាម ជំងឺសួត និង សុខភាពមាត់ធ្មេញទៀតផង។

ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤ យ៉ាងធំៗ ទទួលបានពីការហូបផ្លែមង្ឃុត៖

១. សុខភាពអញ្ចាញធ្មេញ

ជំងឺអញ្ចាញធ្មេញ ភាគច្រើនពុំបង្ហាញរោគសញ្ញាណាឲ្យយើងដឹងមុនឡើយ រហូតទាល់តែឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ជាហេតុបណ្តាលឲ្យប៉ះពល់ដល់ធ្មេញ និង ជាលិកាទ្រទ្រង់ធ្មេញទាំងឡាយនៅជុំវិញធ្មេញក៏ត្រូវខូចខាតដែរ។

បើទោះបីជាយ៉ាងណា ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា សារធាតុពិសេសទាំងឡាយទទួលបានពីផ្លែមង្ឃុត មានសារៈសំខាន់ក្នុងការរក្សាលំនឹងមាត់ធ្មេញ ជាពិសេសបង្ការជំងឺអញ្ចាញធ្មេញនេះឯង។

រូបតំណាង

២. រក្សាសម្ពាធឈាម

ការរក្សាសំពាធឈាមជាកត្តាមួយដ៏ចំបាច់បំផុត ក្នុងការបង្ការហានិភ័យនៃជំងឺបេះដូងភាគច្រើន។  អរគុណទៅដល់សារធាតុរ៉ែមួយចំនួននៃផ្លែមង្ឃុត ដូចជា សារធាតុមង់កានែស ទង់ដែង និងជាពិសេសប៉ូតាស្យូម បានដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាសម្ពាធឈាមឲ្យមានសភាពធម្មតា ដែលជួយជំរុញឲ្យសុខភាពប្រព័ន្ធនៃបេះដូងមានភាពយូរអង្វែង។

រូបតំណាង

៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ការបង្ករោគដោយបាក់តេរីក្តី ផ្សិតក្តី ជាពិសេសដោយវីរុសក្តី សុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងក្លា។  ដូច្នេះហើយរាងកាយយើងបានធ្វើការវិវឌ្ឍន៍ និងបង្កើតភាពផ្សះរបស់វាទៅនឹងជំងឺមួយចំនួនធំក្រោយពេលកើតជំងឺទាំងនោះរួច ដើម្បីការពារនិងប្រឆាំងនឹងពពួកអតិសុខុមប្រាណទាំងនោះនៅពេលក្រោយៗទៀត។

បើទោះបីជាយ៉ាងណាក៏ដោយ ខ្លួនប្រាណយើងចាំបាច់ត្រូវការអង់ទីគ័រ (ប្រព័ន្ធការពាររាងកាយ) ដ៏រឹងមាំមួយ ទើបអាចប្រឆាំងនឹងហានិភ័យនៃការបង្កជំងឺទាំងឡាយ បង្កឡើងដោយមេរោគ ដែលចេះតែវាយលុកលើរាងកាយយើងជារៀងរាល់ថ្ងៃ។

ផ្លែមង្ឃុត ជាផ្លែឈើមួយដ៏មានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ដោយសារវាមានផ្ទុកសារធាតុពិសេសមួយចំនួន ក្នុងការប្រឆាំងនឹងពពួកមេរោគ និង សារធាតុទាំងឡាយដែលអាចធ្វើឲ្យអង់ទីគ័រយើងចុះខ្សោយ។

រូបតំណាង

៤. ប្រឆាំងនឹងមុន

ផ្លែមង្ឃុត មិនត្រឹមតែមានអត្ថប្រយោជន៍ដល់សរីរាង្គខាងក្នុងឡើយ ជាពិសេសទៅទៀត  វាក៏បានដើរតួនាទីជាភ្នាក់ងារបំប៉នសុខភាពស្បែកទៀតផង ដោយ បំបាត់និងការពារពីបញ្ហានៃការឡើងមុនលើស្បែក។ ដោយសារសារធាតុរ៉ែមួយចំនួន និង ជាពិសេសវីតាមីនសេ (C) ទទួលបានពីផ្លែមង្ឃុតនេះហើយ ដែលបានចូលរួមចំណែកមិនត្រឹមតែធ្វើឲ្យស្បែកម៉ត់រលោង និងមានជាតិសំណើមនោះទេ  វាក៏ថែមទាំងជួយបំបាត់អាការឡើងមុនទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]