គីមឈី (Kim-chi) ជាអាហារបន្លែផ្អាប់ដែលអ៊ុំៗពូមីងភាគច្រើននិយមហូប។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ជាប់មាត់ និងអាចប្រើប្រាស់ជំនួសជ្រក់បាយពេលព្រឹកទេ វាថែមទាំងមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពយើងដែលពុំនឹកស្មានដល់ទៀតផង។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៥យ៉ាង នៃការបរិភោគគីមឈី៖

១. ប្រព័ន្ធរំលាយអាហារ

គីមឈី ជាពពួកអាហារផ្អាប់ដែលឆ្លងកាត់ការដាក់ត្រាំរយៈពេលជាច្រើនថ្ងៃ។ នេះធ្វើឲ្យវាមានរសជាតិឆ្ងាញ់ ជាពិសេសការដុះលូតលាស់នៃពពួកបាក់តេរីល្អ ដែលខ្លួនប្រាណយើងត្រូវការដើម្បីលំនឹងប្រព័ន្ធរំលាយអាហារ។ ពពួកបាក់តេរីល្អទាំងនេះ ជួយដល់ការរំលាយអាហារ ប្រតិកម្មគីមីសំខាន់ៗជាច្រើន ជួយឲ្យការស្រូបយកសារធាតុចិញ្ចឹមរបស់ពោះវៀនធំមានដំណើរការធម្មតា។  លើសពីនេះ គីមឈី ក៏បានជួយលាងសម្អាតនូវកាកសំណល់ និងសារធាតុពុលនៅតោងតាមជញ្ជាំងពោះវៀន ហើយក៏ជាថ្នាំទិព្វក្នុងការបំបាត់បញ្ហាទល់លាមកផងដែរ។

រូបតំណាង

២. បន្ថយកូលេស្តេរ៉ុល

បន្លែជាច្រើនមុខបានរួមបញ្ចូលក្នុងគីមឈីនេះ មានផ្ទុកសារធាតុពិសេសមួយចំនួនដែលគេបានស្រាវជ្រាវរកឃើញថា វាជួយដល់ការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អមាននៅតាមសរសៃឈាម ការពារពីការបង្កឱ្យមានកករតាមសរសៃឈាមដែលអាចបណ្តាលឲ្យស្ទះរន្ធសរសៃឈាម។  កត្តាទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ 

រូបតំណាង

៣. ប្រព័ន្ធភាពស៊ាំរាងកាយ

សារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគគីមឈី  ជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ វាចូលរួមចំណែកក្នុងការប្រឆាំងនឹងការឆ្លងនៃជំងឺ ហើយជាថ្នាំធម្មជាតិប្រឆាំងនឹងជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព។ 

រូបតំណាង

៤. ប្រឆាំងនឹងភាពចាស់

អត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនោះគឺការប្រឆាំងនឹងភាពចាស់។ សារធាតុប្រឆាំងជាតិពុល និង វីតាមីនសេ ទទួលបានពីការហូបគីមឈី ដើរតួនាទីយ៉ាងចំបងក្នុងការកាត់បន្ថយនៃការរលាករបស់កោសិកាដោយសារកត្តាទាំងក្នុងនិងក្រៅមួយចំនួន។

យោងតាមការសិក្សាស្រាវជ្រាវមួយបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាក់ទងនឹងគីមឈី។ គេបានសន្និដ្ឋានថា វាបានជួយប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្មនៃកោសិកាខ្លាញ់ដែលជាកត្តាធ្វើឲ្យប៉ះពាល់ទៅដល់កោសិកាដទៃទៀត។

រូបតំណាង

៥. ប្រឆាំងនឹងមហារីក

គីមឈី ជាអាហារសាមញ្ញ ដែលមានគុណប្រយោជន៍ដល់សុខភាពយ៉ាងច្រើន ក្នុងនោះវាបានជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកទៀតផង។

បន្លែស្ពៃ ដែលគេយកធ្វើអាហារមួយមុខនេះ មានផ្ទុកនូវសារធាតុពិសេសមួយចំនួន ដែលគេបានរកឃើញថា វាជាភ្នាក់ងារប្រឆាំងនឹងការលូតលាស់នៃកោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]