"ទេ ទឹកពុះ" ជាតំបន់ធម្មជាតិ ដែលមានបាតុភូតទឹកក្ដៅផុសពីក្នុងដី ហុយផ្សែងទ្រលោម ខួបប្រាំងខួបវស្សាមួយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើនមានជំនឿថា ជាកន្លែងសក្តិសិទ្ធសម្រាប់បួងសួងបន់ស្រន់តាមជំនឿអរូបី និងអាចព្យាបាលជំងឺគ្រប់ប្រភេទ។

តំបន់ធម្មជាតិ "ទេទឹកពុះ" នេះមានទីតាំងស្ថិតនៅពីមុខភ្នំ "ទេ" ក្នុងភូមិទេ ឃុំសង្កែសាប ស្រុកឱរ៉ាល់ និងមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងលិច ទីរួមខេត្តកំពង់ស្ពឺ ឬប្រមាណ ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយត្រូវបានការពារដោយពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិកោរដូនតី។ 

ខាងមុខច្រកចូល
ទិដ្ឋភាពទូទៅភ្ញៀវដែលទៅលេងទីនោះ

តំបន់ទេទឹកពុះ ជាតំបន់ដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ទៅ ៧០អង្សារសេ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ ដែលមានទឹកចេញមកពីប្រភពចំនួន ៦ លើផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា គ្របដណ្តប់ទៅដោយស្មៅខ្ពស់ៗ ដូចជាកក់ និងថ្មក្រហម ជាដើម។

ហើយសព្វថ្ងៃ ទីតាំងទឹកផុសនេះ ត្រូវបានក្រាលកម្រាលថ្មបេតុងជុំវិញ ដោយទុកប្រឡោះចង្អូរបង្ហូរទឹកក្ដៅឧណ្ហៗហូរចាក់តាមប្រឡាយតូចមួយ ដែលមានធ្វើជារោងប្រក់ដំបូលយ៉ាងមានរបៀបត្រឹមត្រូវ សម្រាប់ឲ្យប្រជាពលរដ្ឋដែលទៅកម្សាន្តទីនោះ អាចអង្គុយត្រាំជើងក្នុងទឹកក្តៅនោះបាន ដើម្បីបំបាត់អាការផ្ដាសាយ សម្រួលចរន្តឈាម ក៏ដូចជាបំបាត់ការចុករោយសន្លាក់សាច់ដុំជើងជាដើម។

ទិដ្ឋភាពទូទៅភ្ញៀវដែលទៅលេងទីនោះ
ទិដ្ឋភាពទូទៅភ្ញៀវដែលទៅលេងទីនោះ
ទិដ្ឋភាពទូទៅភ្ញៀវដែលទៅលេងទីនោះ

រមណីយដ្ឋាន ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់មានជំនឿថា ជាតំបន់សក្ដិសិទ្ធ ដោយអ្នកដែលបានមកលេងនៅទីនោះហើយ នឹងអាចនាំសំណាងត្រឡប់ទៅផ្ទះវិញ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលមានជំងឺគ្រប់ប្រភេទ ក៏អាចមកលុបលាងមុខជាមួយនឹងទឹកក្តៅថ្លាឈ្វង់នៅទីនោះ នឹងអាចជាសះស្បើយពីជំងឺផងដែរ។ នេះបើតាមការឱ្យដឹងអំពីជំនឿអរូបីនៅទីនោះ។

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋមួយចំនួនដែលបានមកលេងកម្សាន្តនៅតំបន់ ទេទឹកពុះនេះ ក៏បាននាំគ្នាយកដប មកច្រកទឹកក្តៅឧណ្ហៗដែលផុសចេញពីក្នុងដីនេះត្រឡប់ទៅផ្ទះវិញទៀតផង ក្នុងគោលបំណងទុកប្រើប្រាប់សម្រាប់ព្យាបាលជំងឺ ឬលុបលាងមុខសុំសេចក្តីសុខចូលក្នុងផ្ទះរៀងៗខ្លួន។

ទិដ្ឋភាពនៅ ទេទឹកពុះ
ទិដ្ឋភាពនៅ ទេទឹកពុះ
ទិដ្ឋភាពនៅ ទេទឹកពុះ

តំបន់ធម្មជាតិ ទេទឹកពុះនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីសួនផ្កាពណ៌លឿង ដែលយុវវ័យកំពុងពេញនិយមទៅលេងកម្សាន្តនោះទេ ដូច្នេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទៅលេងតំបន់កម្សាន្ត ទេទឹកពុះ នេះអាចបន្តដំណើរមកលេងបាន ដោយចំណាយពេលប្រហែល ១ម៉ោងប៉ុណ្ណោះពីសួនផ្កាពណ៌លឿង ហើយអាចត្រឡប់មកផ្ទះវិញវិលល្ងាចបានផងដែរ៕

ទិដ្ឋភាពនៅ ទេទឹកពុះ
ទិដ្ឋភាពនៅ ទេទឹកពុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]