ចិន៖ ជារឿងដ៏ភ្ញាក់ផ្អើល ដែលភោជនីយដ្ឋានមួយនៅចិន មានបម្រើមីស៊ុបសាច់គោ ជាមួយនឹងតម្លៃថ្លៃកប់ពពក រហូតដល់ទៅជាង ២,០០០ដុល្លារអាមេរិកឯណោះ ក្នុងមួយចាន ធ្វើឲ្យមជ្ឈដ្ឋានទូទៅ ពិសេសអតិថិជនជាភ្ញៀវ គ្រាន់តែឮហើយក៏ចង់ក្អួតឈាម នឹងប្រាកដជាចង់ដឹងហើយថា តើមីស៊ុបគោនេះធ្វើឡើងពីគ្រឿងផ្សំមកពីឋានណា ទើបបានជាមានតម្លៃថ្លៃបែបនេះ?

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភោជនីយដ្ឋានខាងលើនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Shijiazhuang ខេត្ត Hebei ប្រទេសចិន។

ថ្មីៗនេះ គឺកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយមានការចែកចាយ និងដឹងឮជាច្រើននៅលើបណ្តាញសង្គម ដែលភោជនីយដ្ឋានមួយនេះ មានលក់មី/គុយទាវស៊ុបសាច់គោ តម្លៃ ១៣,៨០០យ័ន (ឬប្រហែល ២,០១៥ដុល្លារអាមេរិក) ក្នុងមួយចានគោម រហូតត្រូវបានគេចាត់ទុកថាជាមីស៊ុបគោ ដែលមានតម្លៃថ្លៃជាងគេបង្អស់លើពិភពលោកថែមទៀតផង។

មីស៊ុបគោតម្លៃថ្លៃ

អ្នកគ្រប់គ្រងហាងបានពន្យល់ប្រាប់ថា ចាប់តាំងពីដាក់ដំណើរការ មីស៊ុបសាច់គោតម្លៃថ្លៃ រយៈពេល៦ខែមកនេះ គឺទើបតែដាច់បាន ៤ចានតែប៉ុណ្ណោះ។

យ៉ាងណាមិញ គួរឲ្យសោកស្តាយដែលអ្នកគ្រប់គ្រង ក៏ដូចជាម្ចាស់ហាងមីស៊ុបនេះ មិនបានទម្លាយប្រាប់ពីអាថ៌កំបាំងពិសេស ឬការបញ្ជាក់លម្អិតនៃគ្រឿងផ្សំផលិតនោះឡើយ។ ប៉ុន្តែគេគ្រាន់តែបង្ហើបឲ្យដឹងថា មីស៊ុបនេះធ្វើឡើងដោយយកតែសាច់គោល្អបំផុត និងមានផ្ទុកទៅដោយគ្រឿផ្សំសំខាន់ៗតែ ៤មុខតែប៉ុណ្ណោះ ដែលមាននៅលើមេឃក្រោមដីយើងនេះ។

ស្របពេលមានអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហាក់មិនពេញចិត្តថា មីស៊ុបគោនេះ វាគ្មានអ្វីអស្ចារ្យ ក្រៅពីល្បិចបោកប្រាស់រកស៊ីរបស់ម្ចាស់ហាង ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនតែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ក្រៅពីមីស៊ុបសាច់គោ ភោជនីយដ្ឋានខាងលើនេះ ក៏មានបម្រើមីស៊ុបធម្មតា ដែលមានតម្លៃ ៣៩៨យ័ន (ឬប្រហែល ៥៨ដុល្លារអាមេរិក) ដោយមានសាច់បង្កងអូស្រ្តាលី ជាមួយនឹងគ្រឿងផ្សំផ្សេងៗ មានផ្សិត និងឱសថចិនជាដើម។

ទន្ទឹមនឹងនេះ មីស៊ុបគោតម្លៃជាង ២ពាន់ដុល្លារ នៅហាងខាងលើនេះ ក៏ត្រូវបានគេដឹងទៀតដែរថា វាមានតម្លៃថ្លៃជាងមីស៊ុបគោរបស់ហាងល្បីឈ្មោះ Niu Ba Ba នៅតៃវ៉ាន់ ដល់ទៅ៦ដងឯណោះ ដែលពីមុនមកធ្លាប់ត្រូវបានគេចាត់ទុកថា ជាមីស៊ុបគោ ថ្លៃជាគេបង្អស់លើពិភពលោក ជាមួយនឹងតម្លៃ ៣២៩ដុល្លារ ក្នុងមួយចានគោម ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

មីស៊ុបធម្មតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]