ចំណេះដឹង៖ តើអ្នកធ្លាប់មានក្តីស្រមៃចង់រៀបការ និងរួមរស់ជាមួយមនុស្សដែលអ្នកស្រលាញ់ដែរឬទេ? ជាការពិតណាស់ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់រៀបការជាមួយនឹងមនុស្សដែលយើងស្រលាញ់ និងរួមរស់ជាមួយគ្នាអស់មួយជីវិត។

រូបតំណាងគូស្នេហ៍

ថ្ងៃនេះយើងសូមបង្ហាញនូវចំណុចទាំង ១០ និងសំណួរមួយចំនួនដែលអ្នក និងដៃគូរបស់អ្នក គួរតែពិចារណាមុនពេលសម្រេចចិត្តរៀបការ៖

១. ហិរញ្ញវត្ថុ

“លុយគឺមិនសំខាន់ សំខាន់គឺអត់លុយ” ឃ្លានេះពិតជាមានអត្ថន័យណាស់។ ផ្នែកហិរញ្ញវត្ថុគឺជារឿងដ៏សំខាន់សម្រាប់ជីវិតអាពាហ៍ពិពាហ៍។ តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់រៀបការដែរឬទេ? តើអ្នកមានផែនការហិរញ្ញវត្ថុជាមួយនឹងមនុស្សជាទីស្រលាញ់ទេ?

២. គ្រួសារ

ជាការពិតណាស់ បើទោះបីជាយើងស្រលាញ់គ្នាយ៉ាងណាក៏ដោយ គ្រួសារដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់យើង។ ទំនាក់ទំនងគូស្នេហ៍ជាច្រើនត្រូវបានបំផ្លាញដោយ ឪពុកម្តាយខាងប្រុស ឬខាងស្រីមិនពេញចិត្តនឹងដៃគូរបស់ខ្លួន។

៣. ការងារ

តើអ្នកគួរតែយកប្រពន្ធ ឬ ប្តីជាអ្នករកស៊ី ឬធ្វើការ? ប្រសិនបើធ្វើការទាំងពីរនាក់ ចុះនៅពេលមានកូន តើអ្នកណាជាអ្នកមើលកូន?

៤. កូន

កូនគឺជាកត្តាមួយក្នុងចំណោមកត្តាដ៏សំខាន់នៅក្នុងជីវិតអាពាហ៍ពិពាហ៍។ តើអ្នកនឹងមានគម្រោងយកកូនប៉ុន្មាននាក់? នៅពេលណា? តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅ ក្នុងការធ្វើជាឪពុកម្តាយរបស់គេ?

៥. សាសនា

សម្រាប់មនុស្សជាច្រើន សាសនាក៏ដើរតួនាទីយ៉ាងសំខាន់ដែរ។ តើអ្នកនិងដៃគូរបស់អ្នកមានសាសនាដូចគ្នាដែរឬទេ? តើអ្នកព្រមទទួលយក និងគោរពសាសនាផ្សេងរបស់ដៃគូអ្នកទេ?

៦. ការរួមដំណេក

ការរួមដំណេកក៏ជារឿងសំខាន់សម្រាប់ជីវិតគូស្រករផងដែរ។ តើអ្នកគួរតែរួមដំណេកជាមួយគ្នាប៉ុន្មានដងនៅក្នុងមួយសប្តាហ៍?

៧. ការខ្វែងគំនិតគ្នា

ការខ្វែងគំនិតគ្នាតែងតែកើតមានទ្បើង បើទោះបីជាអ្នកស្រលាញ់គ្នាយ៉ាងណាក៏ដោយ។ អ្វីដែលសំខាន់នោះ ត្រូវចេះរៀនអធ្យាស្រ័យ និងអត់អោនឲ្យគ្នាទៅវិញទៅមក។

៨. វប្បធម៌

វប្បធម៌គឺជាកត្តាឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ របៀបរបប និងពាក្យសម្តីរបស់បុគ្គលនីមួយៗ។ ចំណុចដែលសំខាន់នោះគឺថា តើអ្នក និងដៃគូរបស់អ្នកមានវប្បធម៌ដូចគ្នាទេ? តើអ្នកព្រមទទួលយកវប្បធម៌ផ្សេងខុសពីអ្នកដែរឬទេ?

៩. ការរំពឹងទុក

យើងទាំងអស់គ្នាសុទ្ធតែមានការរំពឹងទុកចំពោះដៃគូរបស់យើង។ តើអ្នករពឹងទុកអ្វីខ្លះពីមនុស្សជាទីស្រលាញ់របស់អ្នក? ប្រសិនបើដៃគូរបស់អ្នកមិនបានធ្វើអ្វីតាមការរំពឹងទុករបស់អ្នក តើអ្នកនឹងធ្វើអ្វីខ្លះ?

១០. ពេលវេលាដ៏អាក្រក់

មិនថាក្តីស្រលាញ់របស់យើងចំពោះដៃគូយ៉ាងណាទេ យើងតែងតែជួបបញ្ហាជានិច្ច។ អីចឹង តើអ្នកនឹងដោះស្រាយបញ្ហានោះដោយរបៀបណា?

រូបតំណាងគូស្នេហ៍

សរុបមក អ្នកគួរតែស្វែងយល់ចំណុចទាំង ១០ ខាងលើនេះជាមុនសិន មុនពេលសម្រេចចិត្តរៀបការជាមួយនឹងដៃគូរបស់អ្នក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]