អាហ្សង់ទីន៖ មិនខុសពីពាក្យថា ជីវិតគឺជាការតស៊ូ ឡើយ ហើយក៏គ្មានជោគជ័យឯណា កើតចេញដោយពុំមានការខិតខំប្រឹងនោះដែរ។

ជាក់ស្តែង យុវជនវ័យក្មេង ស្រស់សង្ហាសញ្ជាតិអាហ្សង់ទីនម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការកោតសរសើរ និងការលើកទឹកចិត្តជាខ្លាំង ពីសំណាក់មហាជនទូទៅ បើទោះបីខ្លួនជាមនុស្សពិការដៃទាំងសងខាងក្តី តែមានឆន្ទៈខ្ពស់តស៊ូនឹងជីវិត រហូតក្លាយជាជាង និងថៅកែហាងកាត់សក់ដ៏ល្បីឈ្មោះមួយ ប្រចាំតំបន់ថែមទៀត។

លោក Gabriel Heredia

លោក Gabriel Heredia មានអាយុ ២០ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជាជនពិការដៃទាំងសងខាងម្នាក់ពីកំណើត (កំបុតពាក់កណ្តាលត្រឹមកែងដៃ គ្មានម្រាម) រស់នៅក្នុងរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន។

ថ្វីបើជាមនុស្សពិការក្តី ប៉ុន្តែសម្រាប់លោក Gabriel គឺជាមនុស្សម្នាក់ ដែលមានភាពរីករាយ និងឯករាជ្យចំពោះខ្លួនឯងជានិច្ច ហើយលោកក៏ពុំដែលតូចចិត្តនឹងជីវិតខ្លួនឯង ដែលកើតមកមានសភាពបែបនេះនោះឡើយ។ ផ្ទុយទៅវិញ យុវជនរូបនេះតែងតែជំរុញទឹកចិត្តខ្លួនឯង និងជម្នះតស៊ូក្នុងឆាកជីវិតជាខ្លាំង។

លោក Gabriel Heredia

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Gabriel តែងតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកជានិច្ចជាកាល ហើយលោកក៏ពុំដែលទទួលបានអារម្មណ៍ថា ត្រូវបានគេរើសអើងមកលើលោកឡើយ។

ដោយសារតែ មានម្តាយជាជាងកាត់សក់ស្រាប់ និងខ្លួនឯងផ្ទាល់មានចំណាប់អារម្មណ៍ ស្រលាញ់ចូលចិត្តផ្នែកការងារមួយនេះផងនោះ ទើបនៅអាយុ១៤ឆ្នាំ លោក Gabriel ក៏បានចាប់ផ្តើមរៀនជំនាញមួយនេះ ពីបច្ចេកទេសនៃការកាត់សក់បុរស ស្ទីលលេងម៉ូត និងកោរពុកមាត់ជាដើម ក៏ព្រោះលោកតែងតែគិតថា នៅថ្ងៃណាមួយលោកនឹងអាចធ្វើវាបានដោយជោគជ័យ ក៏ដូចជាអាចរកប្រាក់ចិញ្ចឹមជីវិត ជួយខ្លួនឯងនិងគ្រួសារបានផងដែរ។

រហូតនៅទីបំផុត ការតាំងចិត្តយ៉ាងមោះមុតនេះ ពិតជាអាចធ្វើឲ្យ Gabriel អាចយកឈ្នះបាន ក្លាយទៅជាងដ៏មានជំនាញ និងមានហាងកាត់សក់ផ្ទាល់ខ្លួនថែមទៀត ដោយទទួលបានការជួយជ្រោមជ្រែងមួយចំនួន ពីក្រុមគ្រួសាររបស់លោក ហើយក៏មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ចំពោះស្នាដៃរបស់លោកផងដែរ។

លោក Gabriel Heredia

លើសពីនេះ លោក Gabriel ថែមទាំងបានហ្វឹកហាត់ខ្លួនឯងជាច្រើន រួមទាំងការញ៉ាំអាហារ កាន់កែវទឹកបានដោយខ្លួនឯង រៀនបើកម៉ូតូ និងសូម្បីតែរៀនបើករថយន្ត ក៏លោកអាចធ្វើវាបានដែរ ដោយលោកមិនឲ្យជីវិតដ៏កំសត់ជាមនុស្សពិការដៃនេះ មកគ្របដណ្តប់លើជោគវាសនារបស់លោកបានឡើយ។

ជាងកាត់សក់វ័យក្មេង ស្រស់សង្ហារូបនេះ បាននិយាយថា រាល់ដងនៅពេលដែលភ្ញៀវចូលមកដល់ហាង ពួកគេមើលទៅហាក់បីដូចជាមិនរីករាយឡើយ ពេលដែលលោកកាត់សក់ឲ្យពួកគេ។

ប៉ុន្តែផ្ទុយទៅវិញ ក្រោយលោកបានកាត់ឲ្យរួចរាល់ ភ្ញៀវសឹងតែមួយចំនួនធំទៅហើយ បាត់មាត់និយាយលែងចេញតែម្តង ព្រោះតែពួកគេមិននឹកស្មានថា រូបលោកអាចធ្វើវាបាន ហើយថែមទាំងស្អាតសង្ហាថែមទៀត។

លោកថា បច្ចុប្បន្ននេះមានភ្ញៀវជាច្រើនស្គាល់លោក និងតម្រង់ជួរគ្នារង់ចាំឲ្យលោកកាត់សក់ឲ្យពួកគេ ដោយមិនមានភាពស្ទាក់ស្ទើរ និងគិតពីលោកមិនល្អដូចពីមុននោះឡើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖ 

លោក Gabriel Heredia
លោក Gabriel Heredia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]