ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលជុំវិញព័ត៌មានថា តារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាតត្រា បានដាក់ទុនរួមគ្នារហូតដល់ ៥ លានដុល្លារ ធ្វើជំនួញអចលនទ្រព្យលើទំហំដីជាង ១៣ ហិកតានោះលើបណ្ដោយផ្លូវជាតិលេខ ៣ ស្រាប់តែកាលពីព្រឹកថ្ងៃទី ៦ ខែសីហា មុននេះលោក ខេមរៈ សិរីមន្ត ក៏ប្រកាសបោះទុនលើជំនួញដីធ្លីជាមួយលោក ឡេង ណាវ៉ាត់ត្រា ដូចគ្នាផងដែរ។

ដោយការបោះទុនរបស់លោក គឺមានទំហំរហូតដល់ជាង ១០ លានដុល្លារ លើសទុនវិនិយោគរបស់លោក ព្រាប សុវត្ថិ ដល់ទៅ ២ ដង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺលោកបានទាំងប្រកាសផ្ដល់កាដូដល់អតិថិជន ដែលទិញដីធ្លីរបស់លោកក្នុងមួយឡូតិ៍ នូវសំបុត្រដំណើរកម្សាន្តទៅលេងនៅប្រទេសសិង្ហបុរី ២ យប់ ៣ ថ្ងៃ ដោយក្រុមហ៊ុនចំណាយមួយចប់នោះផង។

លោក ខេមរៈ សិរីមន្ត ថ្លែងក្នុងវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី ៦ សីហា ថា លោកសម្រេចិត្តបោះទុនទ្វេរហ៊ុនជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី និងជាម្ចាស់អចលនទ្រព្យវ័យក្មេង ដោយសារតែលោកចាប់ផ្ដើមរៀនចង់ធ្វើជំនួញដីធ្លី និងដោយសារសម្អាងថាលោកក៏មានដើមទុនគ្រប់គ្រាន់ក្នុងគម្រោងវិនិយោគមួយនេះ ដែលលោកយល់ថាគួរដល់ពេលហើយ ដែលលោកត្រូវងាកមកធ្វើជំនួញ។ 

ខេមរៈ សិរីមន្ត

មុនចាប់ការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា លោកក៏មានជំនួញដីធ្លីជាលក្ខណៈឯកជនតូចៗផងដែរ ហើយដោយសារតែលោកយល់ថាខ្លួនមានដើមទុនសមល្មមនឹងធ្វើការវិនិយោគលើកម្រោងនេះហើយ ទើបលោកសិក្សាស្វែងរកដៃគូ ហើយលទ្ធផលចុងក្រោយក៏បានចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា ដែលលោកបញ្ជាក់ថាគឺជាអ្នកជំនួញដីធ្លីវ័យក្មេងជោគជ័យម្នាក់។ 

ខេមរៈ សិរីមន្ត និង ឡេង ណាវ៉ាត្រា

លោកថាលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូ ជាបុគ្គលជោគជ័យ និងជាបុគ្គលដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជនដោយសារតែមានគុណធម៌ និងមានទឹកចិត្តសប្បុរស ដែលធ្វើឱ្យលោកយល់ថាបើលោកសម្រេចចិត្តបើកជំនួញជាទ្រង់ទ្រាយធំក្នុងនាមជាដៃគូ នោះជារឿងសាកសមបំផុត ទើបលោកឈានដល់ការទិញ ៤០ ហិកតាចូលគ្នា ក្នុងទំហំដើមទុន ៥០ ភាគរយម្នាក់។ 

លោកថាមុនបើកគម្រោងរួមគ្នាដែលមានតម្លៃជាង ១០ លានដុល្លារ នៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត ជិតផ្សារព្រៃទទឹង លើផ្លូវជាងលេខ ៣ ចម្ងាយពីរង្វង់មូលចោមចៅ ១១ គីឡូ ដើម្បីពុះជាឡូតិ៍នោះ លោក និងលោកឡេង ណាវ៉ាត្រា បានប្រើពេលក្នុងស្វែងរកដីធ្លីយ៉ាងលំបាកយ៉ាងខ្លាំង អ៊ីចឹងហើយទើបលោកមានជំនឿយ៉ាងខ្លាំងថា ដីឡូត៍ដែលពួកលោកដាក់ហ៊ុនរួមគ្នា ពិតជាមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជន ដោយសារតែទីតាំងគឺទិញភ្លាមអាចសង់ផ្ទះនៅបាន ហើយបើនិយាយពីប្រព័ន្ធទឹកភ្លើងក៏បានដំឡើងឱ្យមានភាពងាយស្រួលដល់ការរស់នៅ។

លោកថាដីឡូតិ៍ដែលលោកសម្រេចចិត្តបោះទុនជាមួយលោក ឡេង ណាវ៉ាត្រា ជាលើកដំបូងនេះ លោកនឹងកំណត់ក្នុងតម្លៃចាប់ពី ៥៨០០ ដុល្លារឡើងទៅ ដោយអតិថិជនដែលទិញភ្លាមៗ គឺបានសំបុត្រទៅលេងស្នាក់នៅ ២ យប់នៅក្នុងប្រទេសសិង្ហបុរីតែម្ដងក្នុងរយៈពេល ១៥ ថ្ងៃក្រោយការប្រកាស។

ខេមរៈ សិរីមន្ត និង ឡេង ណាវ៉ាត្រា

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ការចាប់ដៃជាមួយលោក ខេមរៈ សិរីមន្ត នឹងមិនមានបញ្ហាជាមួយលោក ព្រាប សុវត្ថិ នោះទេ ដោយសារតែការវិនិយោគទាំង២ស្ថិតក្នុងគម្រោងផ្សេងគ្នា។ លោកថាគម្រោងបោះទុនរួមគ្នានេះ មិនមែនដោយសារតែលោកខ្វះដើមទុនក្នុងគម្រោងដីឡូតិ៍ នៅផ្សារព្រៃទទឹងផ្លូវជាតិលេខ ៣ នោះទេ ប៉ុន្តែបណ្ដាលមកពីលោក ខេមរៈ សិរីមន្ត ក៏ជាតារាល្បីមួយរូប និងដោយសារតែលោកក៏មានឆន្ទៈក្នុងការធ្វើជំនួញផង ទើបលោកចូលហ៊ុនដើម្បីឱ្យកាន់តែធ្វើឱ្យជំនួញដីឡូតិ៍របស់លោកនឹងកាន់តែមានទំនុកចិត្ត។

យ៉ាងណាមិញ លោកថាខ្លួនមិនមានគម្រោងវិនិយោគជាមួយតារាណាផ្សេងទៀតទេ ដោយសារតែលោកគិតថាគម្រោងវិនិយោគជាមួយលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ គឺគ្រប់គ្រាន់៕

ខេមរៈ សិរីមន្ត និង ឡេង ណាវ៉ាត្រា
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ឡេង ណាវ៉ាត្រា
ខេមរៈ សិរីមន្ត និង ឡេង ណាវ៉ាត្រា
ខេមរៈ សិរីមន្ត និង ឡេង ណាវ៉ាត្រា
ឧទ្ធម្ភាគចក្រជិះមើលដីរបស់ ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា