អាកាសធាតុដែលល្អបំផុតសម្រាប់ការរស់នៅ គឺមានសីតុណ្ហភាពមិនក្តៅពេក និងមិនត្រជាក់ពេក។ តែនៅលើផែនដី មានទីកន្លែង និងប្រទេសជាច្រើនដែលមានអាកាសធាតុ និងសណ្ឋានដីខុសប្លែកពីគ្នា ដែលកន្លែងខ្លះមានសីតុណ្ហភាពសមល្មមរស់នៅ កន្លែងខ្លះក៏ត្រជាក់ និងកន្លែងខ្លះក៏ក្តៅខ្លាំងពិបាករស់នៅខ្លាំង។

នៅក្នុងនោះផងដែរ មានកន្លែងទាំង១០នៅលើលោកនេះដែលបានជាប់ឈ្មោះថាជាកន្លែងដែលក្តៅបំផុត និងពិបាករស់នៅជាងគេផងដែរដូចជា៖

១០.តំបន់ Death Valley រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិច

Death Valley គឺជាវាលខ្សាច់មួយដ៏ក្តៅបំផុតនៅក្នុងប៉ែកអាមេរិចខាងជើង ដោយសារតែវាជាតំបន់ដែលស្ងួតហួតហែង និងខ្វះខាតប្រភពទឹកផងដែរ។ តំបន់នេះបានជាប់កំណត់ត្រាជាទីកន្លែងដែលមានអាកាសធាតុក្តៅបំផុត ដោយស្ថិតនៅក្រោមប្រភពទឹកសមុទ្រដល់ទៅ ៨៥ម៉ែត្រ។ ប្រភពរ៉ែអំបិលនៅតំបន់នោះ ត្រូវបានគេដឹងផងដែរថា មានសារជាតិ Borax ជាច្រើន ថែមទាំងជាអំបិលដែលប្រៃជាងគេ និងខះ.កជាងគេផងដែរ ។ គួរឱ្យដឹងផងដែរថា នៅក្នុងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩១៣ តំបន់ Greenland Ranch នៅក្នុងវាលខ្សាច់ Death Valley មានកម្តៅឡើងដល់ទៅ 56.7 °C ដែលជាកម្តៅដែលក្តៅជាងគេក្នុងប្រវត្តិសាស្រ្តពិភពលោក។

តំបន់ Death Valley រដ្ឋកាលីហ្វ័ញ៉ា

៩. ទីក្រុង El-Azizia ប្រទេសលីប៊ី

ទីក្រុង El-Azizia ប្រទេសលីប៊ី ធ្លាប់បានកត់ត្រានៅក្នុងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩២២ ថាជាតំបន់ដែលក្តៅបំផុតនៅលើផែនដី គឺមានសីតុណ្ហភាពដល់ទៅ 136 °F ឬស្មើនឹង 57.77 °C តែវាប្រែក្លាយទៅជារឿងចម្រាំងចម្រូសដោយសារតែការភាន់ច្រលំ។ ក្រោយមកនៅខែកញ្ញា ឆ្នាំ ២០១២ នាយកដ្ឋានឧតុនិយមពិភពលោកបានប្រកាសថាសីតុណ្ហភាពដែលត្រឹមត្រូវនៅក្នុងតំបន់នេះគឺ 132,8 ° F ឬស្មើនឹង 56 °C ដែលវានៅតែជាទីកន្លែងមួយដ៏ក្តៅបំផុតនៅលើផែនដី។

ទីក្រុង El-Azizia ប្រទេសលីប៊ី

៨. តំបន់ Dallol ប្រទេស អេត្យូពី

Dallol បានជាប់កំណត់ត្រាថ្មី ដែលជាកន្លែងដែលមានសីតុណ្ហភាពខ្ពស់មួយផងដែរនៅលើផែនដី ដោយនៅចន្លោះពីឆ្នាំ ១៩៦០ ទៅឆ្នាំ ១៩៦៦ តំបន់នេះមានសីតុណ្ហភាពជាមធ្យម95 °F ឬស្មើនឹង 35°C ។ នៅក្នុងនោះផងដែរកន្លែងដែលក្តៅបំផុតនៅទីនោះ គឺវាលខ្សច់ Danakil ដែលជាតំបន់ដែលមានសីតុណ្ហភាពក្តៅរហូតស្ទើរពេញមួយឆ្នាំ ថែមទាំងជាតំបន់ដែលរាំងស្ងួតទៀតផង។ គួរឱ្យដឹងផងដែរថា Dallol ក៏ជាឈ្មោះបន្ទុះភ្នំភ្លើងដ៏ល្បីល្បាញមួយដែរនៅក្នុងតំបន់នោះ ដែលធ្លាប់បានផ្ទុះឡើងកាលពីឆ្នាំ ១៩២៦។

តំបន់ Dallol ប្រទេស អេត្យូពី

៧. ទីក្រុង Wadi Halfa ប្រទេសស៊ូដង់

Wadi Halfa គឺជាទីក្រុងមួយដែលស្ថិតនៅភាគខាងជើងប្រទេសស៊ូដង់ និងមានប្រជាជនរស់នៅប្រមាណជា ១៥០០០នាក់។ ទោះជាយ៉ាងនេះក្តី ប្រជាជននៅក្នុងនេះបានចាកចេញពីភូមិស្ថានរបស់គេបន្តិចម្តងៗ ដោយសារតែជំងឺ និងបញ្ហាសុខភាពបណ្តាលមកពីកម្តៅថ្ងៃក្តៅខ្លាំងពេក។ ស្ថិតិសីតុណ្ហភាពប្រចាំឆ្នាំក្នុងរដូវក្តៅនៅទីក្រុងនេះជាមធ្យមគឺចន្លោះ 27 °C រហូតដល់ទៅ 40°C ថែមទាំងគ្មានធ្លាក់ភ្លៀងទៀតផង ដែលវាមិនមែនជារឿងចម្លែកទេ ដែលវាជាប់ឈ្មោះជាតំបន់ដែលក្តៅមួយនៅលើផែនដី និងមានបណ្តាប្រជាជនជម្លៀសចេញពីក្រុងដ៏សែនក្តៅមួយនេះ។

ទីក្រុង Wadi Halfa ប្រទេសស៊ូដង់

៦.ទីក្រុង Aghajari ប្រទេសអ៊ីរ៉ង់

Aghajari គឺជាទីក្រុងមួយរបស់ខេត្ត Khuzestan ប្រទេសអ៊ីរ៉ង់ ដែលមានប្រជាជនរស់នៅប្រមាណជា ១៣០០០នាក់។ កន្លែងនេះត្រូវបានគេដឹងថាមានរដូវក្តៅរយៈពេលយូរ និងមានរដូវត្រជាក់រយៈពេលខ្លីបំផុត ដោយសីតុណ្ហភាពអាចឡើងខ្ពស់រហូតដល់ទៅ 50°C ឯណោះ។ តំបន់នេះបានជាប់ជាកន្លែងដែលក្តៅបំផុតលើផែនដី និងមានសីតុណ្ហភាពជាមធ្យមពី 45 °C ទៅ 50°C ដែលជាសីតុណ្ហភាពក្តៅបំផុតស្ទើរតែមិនអាចទ្រាំរស់នៅបាន។

ទីក្រុង Aghajari ប្រទេសអ៊ីរ៉ង់

៥.ទីក្រុង Avaz ប្រទេសអ៊ីរ៉ង់

Avaz គឺជាទីក្រុងមួយរបស់រដ្ឋធានី Evaz ដែលជាខេត្តដែលឆ្ងាយបំផុតរបស់ប្រទេសអ៊ីរ៉ង់ និងមានប្រជាជនរស់នៅប្រមាណជា ១៦០០០នាក់ ស្មើនឹង ៣៣០០គ្រួសារ។ ទីក្រុងមួយនេះមានកម្ពស់ទឹកភ្លៀងច្រើនបំផុតត្រឹមតែ ៧.៥ម៉ែត្រតែប៉ុណ្ណោះ តែអាកាសធាតុឡើងទៅដល់សីតុណ្ហភាព 46°C ដែលធ្វើឱ្យវាជាកន្លែងដែលក្តៅបំផុតមួយនៅលើផែនដី។ ដោយសារតែវាជាតំបន់ដែលក្តៅហែង វាមានរដូវក្តៅរយៈពេលយូរបំផុត និងរដូវត្រជាក់រយៈពេលខ្លី តែពេលយប់បែរជាមានអាកាសធាតុរងាខ្លាំងទៅវិញ។

ទីក្រុង Avaz ប្រទេសអ៊ីរ៉ង់

៤.តំបន់ Tirat Zvi ប្រទេសអ៊ីស្រាអ៊ែល

តំបន់ Tirat Zvi ប្រទេសអ៊ីស្រាអ៊ែល គឺកន្លែងដែលប្រកបរបរកសិកម្មដាំដុះបានយ៉ាងល្អ និងជារោងចក្រកែច្នៃសាច់ដ៏ល្បីល្បាញផងដែរ។ តែកាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ១៩៤២ តំបន់នេះបានកើនឡើងសីតុណ្ហភាពដល់ទៅ 129 °F ឬស្មើនឹង 53°C ដែលជាកន្លែងក្តៅជាងគេបង្អស់ក្នុងតំបន់អាស៊ី។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជននៅក្នុងតំបន់នេះមានជីវភាព និងការរស់នៅយ៉ាងប្រសើរប្រកបដោយភាពឆ្លាតវៃ ដោយសារតែពួកគេមានវិធីជាច្រើនដើម្បីកាត់បន្ថយកកម្តៅដូចជា គ្រប់ផ្ទះតែងតែមានកូនអាងហែលទឹកតូចមួយ ហើយពួកគេតែងតែប្រើប្រាស់ក្រណាត់បិទបាំង ឬឧបករណ៍ការពារកម្តៅថ្ងៃជាដើម។

តំបន់ Tirat Zvi ប្រទេសអ៊ីស្រាអ៊ែល

៣.វាលខ្សាច់ Dasht-e Loot ប្រទេសអ៊ីរ៉ង់

ប្រទេសអ៊ីរ៉ង់គឺជាប្រទេសដែលក្តៅជាងគេ និង សម្បូរទៅដោយវាលខ្សាច់ ហើយវាលខ្សាច់ដែលក្តៅជាងគេមានឈ្មោះថា Dasht-e Loot ឬហៅម្យ៉ាងទៀតថា វាលខ្សាច់ Loot ។ វាលខ្សាច់ដែលសម្បូរទៅដោយជាតិអំបិលនេះស្ថិតនៅក្នុងខេត្ត Baluchistan ប្រទេសអ៊ីរ៉ង់ ហើយវាក៏ជាវាលខ្សាច់ធំបំផុតលំដាប់ទី 25 នៅលើពិភពលោកផងដែរ និងមានកម្តៅដីខ្សាច់ដល់ទៅ 159 ° F ឬស្មើនឹង 70°C ដែលអាចឱ្យរលាក ឬរងរបួសបាន។ វាលខ្សាច់ Loot នេះបានជាប់ឈ្មោះជា សម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូនៅក្នុងឆ្នាំ ២០១៦ និងមានសីតុណ្ហភាពរហូតដល់ 159 ° F ឬស្មើនឹង 70,7 °C ដែលត្រូវបានចាត់ទុកជាតំបន់ដែលក្តៅបំផុតចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០ ។

វាលខ្សាច់ Dasht-e Loot ប្រទេសអ៊ីរ៉ង់

២.ទីក្រុង Timbuktu ប្រទេសម៉ាលី

Timbuktu គឺជាទីក្រុងមួយរបស់ប្រទេសម៉ាលី និងស្ថិតនៅភាគខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។ ដោយសារតែបានជះឥទ្ធិពលពីសមុទ្រខ្សាច់ដ៏សែនធំ និងក្តៅ បានធ្វើឱ្យ ទីក្រុង Timbuktu មានអាកាសធាតុក្តៅហួតហែង និងពិបាករស់នៅបំផុត ដែលពេញមួយឆ្នាំ ទីក្រុងនេះមានអាកាសធាតុក្តៅ និងរាំងស្ងួតគ្រប់ពេល ថែមទាំងមានសីតុណ្ហភាពឡើងដល់ទៅ 104° F ឬស្មើនឹង 40°C ឯណោះ ជាពិសេសគឺក្នុងខែ មេសា ឧសភា និងមិថុនា។ សម្រាប់រដូវរងា សីតុណ្ហភាពនៅក្នុងទីក្រុងនេះធ្លាក់មកត្រឹម 86° F ឬស្មើនឹង 30°C ។ 

ទីក្រុង Timbuktu ប្រទេសម៉ាលី

១. ភ្នំភ្លើង ប្រទេសចិន

ភ្នំភ្លើង Flaming Mountains ស្ថិតនៅលើជួរភ្នំ Tian Shan តំបន់ Xinjiang ប្រទេសចិន គឺជាកន្លែងដ៏ក្តៅបំផុតមួយលើផែនដី ដោយតាមរយៈផ្កាយរយណបអង្គការណាសាបានរកឃើញ និងកត់ត្រាថា តំបន់នេះមានកម្តៅខ្ពស់បំផុតឡើងដល់ទៅ 152 °F ឬស្មើនឹង 66.66°C ឯណោះក្នុងឆ្នាំ ២០០៨។ គួរឱ្យដឹងផងដែរថា ភ្នំភ្លើងមួយនេះមានសីតុណ្ហភាពជាមធ្យមឡើងដល់ 122°F ឬស្មើនឹង 50°C ដែលបានជាប់ឈ្មោះជាកន្លែងដែលក្តៅជាងគេបំផុតនៅលើផែនដី៕ 

ភ្នំភ្លើង ប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]