មធ្យោបាយធ្វើដំណើរ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក សុទ្ធតែអាចឱ្យយើងធ្វើដំណើរទៅគ្រប់ទិសទីយ៉ាងងាយស្រួល និងឆាប់រហ័សថែមទាំងអាចគយគន់ទេសភាពតាមដងផ្លូវផងដែរ ជាពិសេស គឺការធ្វើដំណើរតាមផ្លូវថ្នល់។

ជាក់ស្តែង ការធ្វើដំណើរតាមផ្លូវ អាចឱ្យអ្នកប្រទះនឹងទេសភាពស្រស់ត្រកាលដូចជា ព្រៃភ្នំ ដើមឈើតូចធំ រួមទាំងជ្រោះជ្រងជ្រលងដងអូរ ផ្ទាំងថ្ម និងទឹកបឹង ឬសមុទ្រជាច្រើនទៀត។

នៅក្នុងនោះផងដែរ នៅក្នុងប្រទេសមួយចំនួនមានដងវិថីដ៏ស្រស់ស្អាតជាងគេក្នុងលោក តែក៏ត្រូវបានគេដឹងថាគ្រោះថ្នាក់ផងដែរ ដែលទាមទារអ្នកដែលមានជំនាញបើកបរច្បាស់លាស់ទៀតផងដូចជា៖

១៦. Hana Hightway កោះហាវ៉ៃ សហរដ្ឋអាមេរិក

ស្ថិតនៅតាមរយៈចម្ងាយផ្លូវ ១០៣.៦គីឡូម៉ែត្រ Hana Hightway គឺជាដងផ្លូវដែលពោរពេញទៅដោយទេសភាពពណ៌បៃតងស្រស់ស្អាត រួមទាំងទឹកធ្លាក់ ឆ្នេរសមុទ្រ និងច្រាំងថ្ម។ អ្នកនឹងសោកស្តាយ ប្រសិនបើមិនបានធ្វើដំណើរតាមផ្លូវដ៏អស្ចារ្យមួយនេះ តែអ្នកក៏ត្រូវមានជំនាញបើកបរលើផ្លូវកាត់ភ្នំ កាត់ជ្រោះដ៏សែនគ្រោះថ្នាក់មួយនេះផងដែរ។

Hana Hightway កោះហាវ៉ៃ

១៥. Antrim Coast Road ប្រទេសអៀរ៉ង់ខាងជើង

Antrim Coast Road នេះមានឈ្មោះម្យ៉ាងទៀតថាផ្លូវ A2 ដែលមានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រ។ ក្នុងការធ្វើដំណើរលើដងផ្លូវនេះ អ្នកនឹងជួបប្រទះទេសភាពតាមដងផ្លូវដ៏ស្រស់ស្អាតប្លែកភ្នែកប្លែកអារម្មណ៍ ជាមួយនឹងការឆ្លងកាត់ភូមិអ្នកស្រុកស្អាតៗ និងឆ្នេរសមុទ្រដ៏អស្ចារ្យផងដែរ។

Antrim Coast Road ប្រទេសអៀរ៉ង់ខាងជើង

១៤. Columbia River Gorge សហរដ្ឋអាមេរិច

Columbia River Gorge គឺជាផ្លូវនៅតាមជ្រលងដងទន្លេកូឡុំប៊ី សហរដ្ឋអាមេរិកមួយដែលមានប្រវែង ១៣០គីឡូម៉ែត្រ។ ផ្លូវនេះមិនត្រឹមតែមានទេសភាពដងផ្លូវដ៏ស្រស់ស្អាតអមដោយជួរភ្នំ Cascade នៅចន្លោះរវាងទន្លេ Deschutes និងទន្លេ Sandy ប៉ុណ្ណោះទេ តែវាក៏ជាដងផ្លូវដែលពិបាកបើកបរ និងសែនគ្រោះថ្នាក់ផងដែរ។

Columbia River Gorge សហរដ្ឋអាមេរិច

១៣. Cabot Trail ប្រទេសកាណាដា

Cabot Trail គឺជាផ្នែកមួយនៃខេត្ត Nova Scotia ហើយក៏ជាឈ្មោះដងវិថីដែលមានប្រវែង ២៩៨គីឡូម៉ែត្រនៃប្រទេសកាណាដា។ ផ្លូវនេះមានទេសភាព និងតំបន់ដ៏ស្រស់ស្អាតជាច្រើនដែលឆ្លងកាត់ព្រៃព្រឹក្សាពណ៌ខៀវស្រងាត់ រួមទាំងជ្រោះជ្រងដងភ្នំ និងនៅក្បែរជ្រលងមហាសមុទ្រដ៏សែនជ្រៅ តែក៏ទាមទារអ្នកដែលមានជំនាញច្បាស់លាស់នៅក្នុងការបើកបរផងដែរ។

Cabot Trail ប្រទេសកាណាដា

១២. Karakoram Highway ប្រទេសប៉ាគីស្ថាន និងចិន

Karakoram Highway គឺជាឈ្មោះដងផ្លូវអន្តរជាតិមួយ ដែលភ្ជាប់រវាងតំបន់ទីបេប្រទេសចិន និងប្រទេសប៉ាគីស្ថាន មានប្រវែងដល់ទៅ ១៣០០គីឡូម៉ែត្រ។ ផ្លូវមួយនេះគឺជាតំបន់ទេសចរណ៍មួយដ៏ល្បីល្បាញ ដែលមានទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវជាច្រើនដូចជា ដុំទឹកក ព្រៃភ្នំ រួមទាំងសិល្បៈចម្លាក់លើដុំថ្មតូចធំជាច្រើនទៀត តែក៏វាមានឈ្មោះថាជាដងផ្លូវដ៏សែនគ្រោះថ្នាក់ជាងគេផងដែរនៅក្នុងការធ្វើដំណើរ។

Karakoram Highway ប្រទេសប៉ាគីស្ថាន និងចិន

១១. Amalfi Drive ប្រទេសអ៊ីតាលី

Amalfi Drive មានឈ្មោះម្យ៉ាងទៀតថាផ្លូវ SS 163 ដែលស្ថិតនៅតាមឆ្នេរសមុទ្រ Amalfi ប្រទេសអ៊ីតាលី មានប្រវែង ៨០គីឡូម៉ែត្រ និងសាងសង់ដោយជនជាតិរ៉ូម៉ាំង។ ផ្លូវនេះគឺជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញមួយនៅក្នុងលោក ជាពិសេសនៅក្នុងរដូវក្តៅ និងរដូវរំហើយ ដែលមានទេសភាពតាមដងផ្លូវដ៏ស្រស់បំព្រង អមដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតសំដៅទៅកាន់មាត់សមុទ្រ Tyrrhenian។

Amalfi Drive ប្រទេសអ៊ីតាលី

១០. Overseas Highway,Miami to Key West សហរដ្ឋអាមេរិច

តំបន់សំខាន់រដ្ឋហ្លរីដា (Florida Keys) បង្កើតឡើងពីកោះតូចៗរាប់រយកោះ ដែលភ្ជាប់គ្នាដោយប្រើផ្លូវ Overseas Highway មួយនេះ។ ការធ្វើដំណើរលើដងផ្លូវដែលមានប្រវែង ២០០គីឡូម៉ែត្រនេះ ធ្វើឱ្យអ្នកទទួលអារម្មណ៍ថាប្លែកអារម្មណ៍ស្រស់ស្រាយដូចជាបើកបរកណ្តាលមហាសមុទ្រអ៊ីចឹង ជាពិសេសជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និងទឹកសមុទ្រពណ៌ខៀវស្រងាត់ផងដែរ។

Overseas Highway,Miami to Key West សហរដ្ឋអាមេរិច

៩. Stelvio Pass ប្រទេសអ៊ីតាលី

Stelvio Pass គឺជាដងវិថីដែលមានកម្ពស់ដល់ទៅ ៩០០០ហ្វីត ឬស្មើនឹងជាង ២៧៥០ម៉ែត្រ អមដោយសភាពផ្លូវខ្វាត់ខ្វែងព័ទ្ធចុះឡើងដូចអន្ទង់អាំងប្រមាណជា ៤៨ជុំ និងមានប្រវែង ៧៥គីឡូម៉ែត្រ។ ផ្លូវនេះពិតជាមានទេសភាពស្រស់ស្អាតមែនទែន តែជាផ្លូវដ៏សែនគ្រោះថ្នាក់ជាងគេផងដែរ ដែលទាមទារអ្នកបើកបរមានជំនាញច្បាស់លាស់។ 

Stelvio Pass ប្រទេសអ៊ីតាលី

៨. Great Ocean Road ប្រទេសអូស្ត្រាលី

Great Ocean Road ដែលត្រូវបានចុះបញ្ជីនៅក្នុងបេតិកភណ្ឌជាតិអូស្ត្រាលីមួយនេះ បានកសាងឡើងតាំងពីសត្សវត្សទី ១៩ ដើម្បីឧទ្ទិសដល់ការបូជារបស់ទាហានកាលសម័យសង្រ្គាមលោកលើកទី ១ និងមានប្រវែងផ្លូវ ២៤៣គីឡូម៉ែត្រ។ ផ្លូវដ៏ស្រស់ស្អាតមានទេសភាពជុំវិញអមដោយព្រៃព្រឹក្សា រួមទាំងច្រាំងថ្ម និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ ក៏ជាទីកន្លែងដែលពេញនិយមសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទីផងដែរ។

Great Ocean Road ប្រទេសអូស្ត្រាលី

៧. Garden Route អាហ្វ្រិកខាងត្បូង

Garden Route គឺជាដងវិថីដែលមានប្រវែង ២០០គីឡូម៉ែត្រ និងជាផ្លូវដែលមានទេសភាពស្រស់ស្អាតមួយផងដែរនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង។ ផ្លូវនេះពោរពេញទៅដោយ ព្រៃភ្នំ ដើមឈើខៀវស្រងាត់ រួមទាំងបឹង និងបឹងទឹកប្រៃជាច្រើនកន្លែងអមតាមដងផ្លូវ ដែលបានផ្តល់ទស្សនីយភាពដ៏អស្ចារ្យផងដែរ សម្រាប់អ្នកទេសចរណ៍ដែលបានធ្វើដំណើរកាត់តាមផ្លូវមួយនេះ។

Garden Route អាហ្វ្រិកខាងត្បូង

៦. The Dalton Highway រដ្ឋអាឡាស់កា សហរដ្ឋអាមេរិក

Dalton Highway គឺជាផ្លូវដាច់ស្រយាលមួយរបស់រដ្ឋអាឡាស់ការ សហរដ្ឋអាមេរិក និងមានប្រវែង ៦៦៦គីឡូម៉ែត្រ។ ការធ្វើដំណើរលើផ្លូវនេះត្រូវឆ្លងកាត់ព្រៃភ្នំ រួមទាំងសត្វព្រៃ និងធម្មជាតិដ៏ស្រស់បំព្រងជាច្រើនទៀត ដែលអាចធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយបាន។

The Dalton Highway រដ្ឋអាឡាស់កា សហរដ្ឋអាមេរិក

៥. Milford Road ប្រទេសណូវែលសេឡង់

Milford Road គឺជាដងផ្លូវដែលធ្វើការតភ្ជាប់រវាងទីក្រុង Te Anau ទៅកាន់ទីក្រុង Milford មានប្រវែង ១១៩គីឡូម៉ែត្រ។ ផ្លូវនេះមានទេសភាពស្រស់ស្អាតជាច្រើនដែលត្រូវឆ្លងកាត់ដូចជា បឹង សមុទ្រ រួមទាំងជ្រោះជ្រងដងភ្នំដ៏សែនខ្ពស់ៗ តែក៏ជាប់ឈ្មោះជាដងផ្លូវដ៏សែនគ្រោះថ្នាក់បំផុតក្នុងលោកផងដែរ។ 

Milford Road ប្រទេសណូវែលសេឡង់

៤. Icefields Parkway ប្រទេសកាណាដា

ផ្លូវនេះជាផ្លូវដ៏ស្រស់ស្អាតមួយនៅក្នុងខេត្ត Alberta ប្រទេសកាណាដាមានឈ្មោះម្យ៉ាងទៀតថា Hightway 93 និងមានប្រវែង ២៣០គីឡូម៉ែត្រ។ ការធ្វើដំណើរលើដងផ្លូវនេះនឹងធ្វើឱ្យអ្នកប្លែកអារម្មណ៍ជាខ្លាំងដោយសារតែវាជាផ្លូវដែលឆ្លងកាត់ដុំទឹកកករាប់រយឆ្នាំដូចជា Crowfoot glaciers និង Columbia Icefield រួមទាំងដងទន្លេដ៏ស្រស់ស្អាតផងដែរ។ តែផ្លូវនេះត្រូវបានគេដឹងថាជាផ្លូវធ្វើដំណើរដ៏គ្រោះថ្នាក់ ដែលទាមទារអ្នកបើកបរដែលស្ទាត់ជំនាញ។

Icefields Parkway ប្រទេសកាណាដា

៣. Leh-Manali Route ភ្នំហិមាល័យ

Leh-Manali Highway គឺជាផ្លូវដែលមានកម្ពស់ខ្ពស់ជាងគេលើលោកស្ថិតនៅលើភ្នំហិមាល័យកម្ពស់ ៤០០០ម៉ែត្រ និងភ្ជាប់ពីទីក្រុង Leh ទៅកាន់ក្រុង Manli ប្រទេសឥណ្ឌា ក្នុងប្រវែងផ្លូវ ៤៧៩គីឡូម៉ែត្រ។ ផ្លូវនេះទើបតែបើកដំណើរការជាផ្លូវការប្រមាណជាជាង១ឆ្នាំតែប៉ុណ្ណោះ ដែលជាផ្លូវដែលឆ្លងកាត់ភ្នំទឹកកក និងដុំទឹកកកតូចធំ រួមទាំងទេសភាពប្លែកភ្នែកជាច្រើនទៀត តែវាក៏ជាប់ឈ្មោះជាដងវិថីដ៏មហាគ្រោះថ្នាក់ជាងគេក្នុងលោកផងដែរ។

Leh-Manali Route ភ្នំហិមាល័យ

២. Transfagarasan ប្រទេសរ៉ូម៉ានី

Transfagarasan គឺជាដងផ្លូវប្រវែង ៩០គីឡូម៉ែត្រ តភ្ជាប់រវាងភ្នំ Moldoveanu និងភ្នំ Negoiu ដែលជាភ្នំមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេសរ៉ូម៉ានី។ ផ្លូវនេះគឺជាផ្លូវដែលមានកម្ពស់ខ្ពស់ និងធំជាងគេនៅក្នុងលោក ថែមទាំងអមដោយទេសភាពដ៏ស្រស់ត្រកាល និងផ្លូវអន្ទង់អាំងមានសភាពបត់បែននៅតាមដងផ្លូវផងដែរ។

Transfagarasan ប្រទេសរ៉ូម៉ានី

១. The Atlantic Road ប្រទេសន័រវ៉េស

Atlantic Road គឺជាដងវិថីលើមហាសមុទ្រអាត្លង់ទិច ដែលភ្ជាប់ និងឆ្លងកាត់កោះតូចៗជាច្រើន នៅក្នុងប្រទេសន័រវែស មានប្រវែង ៨.៣គីឡូម៉ែត្រ។ ផ្លូវនេះផងដែរគឺជាផ្លូវទេសចរណ៍ដ៏អស្ចារ្យ និងស្រស់ស្អាតបំផុតមួយ ដែលអាចឱ្យយើងធ្វើដំណើរទៅកាន់ប្រទេសន័រវេស និងទ្វីបអឺរ៉ុបទាំងមូល។

ផ្លូវនេះត្រូវបានរក្សាទុកជាតំបន់សម្បត្តិបេតិកភណ្ឌវប្បធម៌ និងជាផ្លូវទេសចរណ៍ជាតិ ដែលជាផ្លូវល្អជាងគេបំផុតនៅក្នុងពិភពលោក តែវាក៏ជាផ្លូវដ៏សែនគ្រោះថ្នាក់ជាងគេផងដែរ៕ 

The Atlantic Road ប្រទេសន័រវ៉េស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]