អាមេរិក៖ អាគារខ្ពស់កប់ពពក The Space Needle (រាងដូចម្ជុលនៅក្នុងលំហ) ដែលមានទីតាំងនៅរដ្ឋ Seattle នៃសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៦២ មកម្ល៉េះ ត្រូវបាននឹងកំពុងកែលម្អដោយចំណាយទឹកប្រាក់ខ្ទង់ ១០០ លានដុល្លារអាមេរិក។ 

អាគារ The Space Needle

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែសីហា ម្សិលមិញនេះ អាគា​រខ្ពស់រាងស្តួចនេះ បានបង្ហាញចំណុចបន្ថែមចុងក្រោយគឺ កម្រាលកញ្ចក់វិលដំបូងបំផុត និងមានតែមួយគ្មានពីរក្នុងពិភពលោក ដែលគេឱ្យឈ្មោះថា «The Loupe»

កម្រាលកញ្ចក់វិលដំបូងបំផុត

ដោយស្ថិតនៅកម្ពស់ជាង ១៥០ ម៉ែត្រ ឬស្មើនឹង ៥០ ជាន់ពីលើដងវិថី ជាន់ដែលក្រាលកញ្ចក់មើលធ្លុះថ្មីនេះ ផ្តល់លទ្ធភាពឱ្យភ្ញៀវមើលទេសភាពជុំវិញខ្លួនបាន ៣៦០ ដឺក្រេ ពេញភ្នែកតែម្តង ពីលើក្រុងធំបំផុតក្នុងតំបន់ប៉ាស៊ីហ្វិកប៉ែកពាយព្យ នៃសហរដ្ឋអាមេរិក ដោយក្នុងមួយជុំប្រើរយៈពេល ៤៥ នាទី។ 

ទិដ្ឋភាពជុំវិញអាគារ The Space Needle

កម្រាលនេះវិលដោយកម្លាំងម៉ូទ័រចំនួន ១២ ហើយដើម្បីធានាដល់អ្នកដែលខ្វះភាពក្លាហាន ឬអ្នកខ្លាចមានបញ្ហាបច្ចេកទេសផ្សេងៗ ជាន់នេះត្រូវបានសង់ពីកញ្ចក់ស្វិតដល់ទៅ ១០ ស្រទាប់ឯណោះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ អាគារដែលមានរាងស្រួចនេះ ទទួលភ្ញៀវទេសចរឱ្យចូលទស្សនាជាង ១ លាននាក់ជារៀងរាល់ឆ្នាំ ហើយជាមួយចំណុចទាក់ទាញថ្មីដ៏អស្ចារ្យដូច្នេះ ច្បាស់ជារឹតតែអន្ទងចិត្តអ្នកចូលចិត្តស្វែងរកភាពរំជើបរំជួលជាក់ជាមិនខាន។  

អាគារ The Space Needle ដែលមានម៉ូតបែបអនាគតនិយម

គួរឱ្យដឹងថា វាត្រូវបានសាងសង់អស់រយៈពេល ៥៦ ឆ្នាំមកហើយ តាំងពីពិព័រណ៍ពិភពលោកឆ្នាំ ១៩៦២ ហើយអាគារដែលមានម៉ូតបែបអនាគតនិយមនេះ រឹតតែលើកមុខមាត់របស់ខ្លួនដោយបង្ហាញបច្ចេកវិទ្យាកាន់តែទំនើប ក្រោមការណែនាំចង្អុលផ្លូវពីលោក Olson Kundig ។

គួរឲ្យដឹងផងដែរថា ជញ្ជាំង រនាំង និងកម្រាលទាំងស្រុងត្រូវបានជំនួសដោយកញ្ចក់ថ្លា ដើម្បីពង្រីកផ្ទាំងទស្សនីយភាពលើទីក្រុងទាំងមូល៕

តើសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]