គ្រប់ការងារទាំងអស់ សុទ្ធតែទាមទារការមានចំណេះដឹង និងជំនាញច្បាស់លាស់ ព្រមទាំងទំនួលខុសត្រូវខ្ពស់ផងដែរ។ សម្រាប់អ្នកដែលមានចំណូលចិត្តក្នុងការដើរកម្សាន្ត ចូលចិត្តការសប្បាយ និងមិនចូលចិត្តធ្វើការនៅមួយកន្លែងប្រហែលជាមានការពិបាកបន្តិចហើយក្នុងការជ្រើសរើសការងារដែលសាកសមសម្រាប់ខ្លួនឯង។

នៅក្នុងនោះផងដែរ ការពិតមានការងារដល់ទៅ ១២មុខធំៗដែលអាចឱ្យអ្នកសម្រេចក្តីប្រាថ្នាធ្វើដំំណើរកម្សាន្តផង មានការងារធ្វើផង ថែមទាំងមានប្រាក់ចំណូលសមរម្យផងដែរ ដែលមានដូចជា៖

១. អ្នកបម្រើការលើយន្តហោះ (អូតេស)

ការងារលើយន្តហោះមួយនេះ អាចឱ្យអ្នកធ្វើដំណើរបានគ្រប់កន្លែង ស្គាល់ពីទំនៀមទំលាប់ វប្បធម៌ និងការរស់នៅរបស់បណ្តាប្រទេសនីមួយៗជាច្រើនកន្លែង។ បន្ថែមពីនេះ អ្នកនឹងទទួលបានទាំងការហោះហើរ ការហូបចុក និងការស្នាក់ដោយឥតគិតថ្លៃផងដែរសម្រាប់ការងារមួយនេះ។ ទោះជាយ៉ាងនេះក្តីការងារនេះទាមទារឱ្យមានការសិក្សាខ្ពស់ រួមទាំងរូបសម្រស់ និងសមត្ថភាពផងដែរ។

អ្នកបម្រើលើយន្តហោះ

២. អ្នកបើកយន្តហោះ (ពីឡុត)

បើទោះបីជាការងារបើកយន្តហោះ អាចឱ្យអាចធ្វើដំណើរគ្រប់ទិសទីយ៉ាងណាក៏ដោយ តែការងារមិនងាយស្រួលដូចជាការគិតនោះទេ អ្នកត្រូវតែសិក្សាឱ្យមានជំនាញច្បាស់លាស់ជាមុនសិន ជាពិសេសមានស្មារតី ការប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានបទពិសោធន៍ផងដែរ ព្រោះថាអាយុជីវិតមនុស្សរាប់រយនាក់សុទ្ធតែស្ថិតនៅលើដៃអ្នកទាំងអស់។

អ្នកបើកយន្តហោះ

៣. អ្នកភូមិសាស្ត្រ

ការងារដែលទាក់ទងនឹងវិទ្យាសាស្រ្តរុករកភូមិសាស្រ្ត និងសណ្ឋានដី អាចនឹងមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មាននោះទេ ថែមទាំងមិនមែនជាការងារពេញនិយមផងដែរ។ តែការងារនេះអាចឱ្យអ្នកធ្វើដំណើរគ្រប់ទិសទី ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងស្វែងរកព័ត៌មានអំពីផែនដីទាក់ទងនឹងការងាររបស់អ្នក។ ទោះជាការងារដែលទាក់ទងនឹងការធ្វើដំណើរ ដើម្បីទទួលបានការងារនេះអ្នកត្រូវសិក្សានៅសាកលវិទ្យាល័យទាក់ទងនឹងជំនាញមួយនេះ ហើយត្រូវមានចំណង់ចំណូលចិត្តផងដែរនឹងមុខវិជ្ជា និងការងារនេះ។

អ្នកភូមិសាស្ត្រ

៤. គ្រូបង្រៀនភាសាអង់គ្លេសសម្រាប់ជនបរទេស

ប្រសិនជាអ្នកជាជនជាតិដើមនិយាយភាសាអង់គ្លេស និងមានមូលដ្ឋានគ្រឹះនៅក្នុងការបង្រៀនផងនោះ ការចាប់ជំនាញជាគ្រូបង្រៀនអង់គ្លេសសម្រាប់ជនជាតិបរទេស គឺជាការងារដែលល្អបំផុតសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ ដូចដែលយើងបានដឹងហើយថា អង់គ្លេសគឺជាភាសាផ្លូវការ និងពេញនិយមមួយនៅលើពិភពលោក ដែលមានប្រទេសជាច្រើនកំពុងតែពេញនិយមសិក្សា និងប្រើប្រាស់ជារៀងរាល់ថ្ងៃ ជាពិសេសគឺប្រទេសអាស៊ាន។ នៅក្នុងប្រទេសអាស៊ាន មានតម្រូវការគ្រូបង្រៀនភាសាអង់គ្លេសពីជនជាតិដើមជាច្រើននាក់ ថែមទាំងទទួលបានប្រាក់ខែខ្ពស់ផងដែរ។

គ្រូបង្រៀនភាសាអង់គ្លេសសម្រាប់ជនបរទេស

៥. បុគ្គលិកលើកប៉ាល់កម្សាន្ត

បើអ្នកជាមនុស្សដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមសមុទ្រ ពីមហាសមុទ្រមួយទៅមហាសមុទ្រមួយ ការធ្វើាបុគ្គលិកលើកាប៉ាល់ ឬនាវាកម្សាន្តគឺជាម្រើសល្អបំផុត។ អ្នកអាចជ្រើសរើសមុខជំនាញណាមួយដែលទាក់ទងនឹងការងារនេះដូចជាផ្នែក កាស៊ីណូ ចុងភៅ អ្នកបម្រើសេវាកម្ម និងផ្នែកជាច្រើនទៀត។

បុគ្គលិកលើកាប៉ាល់កម្សាន្ត

៦. អ្នកបើករថយន្តធុនធំ

ការចំណាយពេលធ្វើការងារនេះមានរយៈពេលយូរបន្តិចនៅក្នុងមួយថ្ងៃៗ តែការងារនេះអាចឱ្យអ្នកធ្វើដំណើរបានគ្រប់កន្លែង ជួបនឹងទេសភាពស្អាតៗប្លែកៗ រួមទាំងមនុស្ស និងតំបន់ថ្មីៗផងដែរ។ ទោះជាយ៉ាងនេះក្តីការងារនេះទាមទារចំណេញ និងជំនាញបើកបរយ៉ាងស្ទាត់ជំនាញ ថែមទាំងត្រូវមានបណ្ណបើកបរ រួមទាំងបទពិសោធន៍មួយចំនួន។

អ្នកបើករថយន្តធុនធំ

៧. គិលានុបដ្ឋាយិកាចល័ត

សម្រាប់អ្នកដែលធ្វើការទាក់ទងនឹងវិស័យសុខាភិបាល និងការព្យាបាល ប្រសិនជាអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត និងមិនចេះនៅមួយកន្លែង អ្នកគូរតែជ្រើសរើសការងារចល័ត ដើម្បីធ្វើការចុះទៅកាន់តំបន់ដែលត្រូវការជំនួយ។ ការងារចុះបេសកកម្មទាំងនេះ ពិតជាមានការខ្វះខាត និងមានតម្រូវការច្រើនមែនទែន ថែមទាំងមានប្រាក់ខែសមរម្យផងដែរ។

គិលានុបដ្ឋាយិកាចល័ត

៨. មគ្គទេសក៏ទេសចរណ៍

ការងារនេះគឺជាការងារពេញនិយមមួយផងដែរ សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តផ្សេងៗ ដោយអ្នកអាចជាអ្នកនាំផ្លូវ អ្នកបកប្រែ ឬណែនៃតំបន់កម្សាន្ត និងកន្លែងទេសចរណ៍ផ្សេងៗ។ ដើម្បីធ្វើការងារនេះបានអ្នកត្រូវតែមានសញ្ញាបត្រ និងបានសិក្សាជំនាញខាងទេសចរណ៍ ប្រវត្តិសាស្រ្ត មានចំណេះខាងភាសា ដោយចេះភាសាកាន់តែច្រើនកាន់តែល្អ ជាពិសេសក៏ត្រូវមានការរួសរាយរាក់ទាក់ផងដែរ។

មគ្គទេសក៏ទេសចរណ៍

៩. អ្នកនិពន្ធ ឬសរសេរអត្ថបទខាងដំណើរកម្សាន្ត

សម្រាប់អ្នកស្រលាញ់ខាងការសរសេរ និងតែងនិពន្ធ រួមទាំងចូលចិត្តធ្វើដំណើរកម្សាន្តផងដែរនោះ ការធ្វើជាអ្នកសរសេរអត្ថបទ ឬព័ត៌មានទាក់ទងនឹងការធ្វើដំណើរជាការដែលល្អបំផុត។ អ្នកអាចជ្រើសរើសគ្រឹះស្ថានការងារណាដែលទាក់ទងការសរសេរអត្ថបទដំណើរកម្សាន្ត ឬក៏អ្នកអាចបង្កើតគេហទំព័រផ្ទាល់ខ្លួន (Blog, VBlog) ដែលមិនត្រឹមតែអាចធ្វើដំណើរកម្សាន្តថែមទាំងអាចរកប្រាក់ចំណូលបានច្រើនថែមទៀតផង។

អ្នកនិពន្ធ ឬសរសេរអត្ថបទខាងដំណើរកម្សាន្ត

១០. អ្នកជំនាញថែទាំក្មេង (Au pairs)

អ្នកមើលថែទាំក្មេង Au pairs គឺជាស្ត្រីដែលមិនទាន់រៀបការ ហើយធ្វើការផ្នែកមើលថែទាំងក្មេងៗនៅក្នុងគ្រួសារក្រៅប្រទេស។ ជាធម្មតាការងារនេះជាអ្នកដែលមានជំនាញច្បាស់លាស់ ក្នុងការមើលក្មេង និងថែទាំផ្ទះសម្បែង ថែមទាំងត្រូវបានជួលពីគ្រួសារបរទេសដែលជាហេតុធ្វើឱ្យអ្នកធ្វើការនេះ នឹងធ្វើដំណើរឆ្លងប្រទេសជាច្រើនផងដែរ។

អ្នកជំនាញមើលថែទាំក្មេង (Au pairs)

១១. ជាងថតរូប

ការថតរូបមិនមែនចេះតែនៅមួយកន្លែងទេ ព្រោះភាគច្រើនតែងតែត្រូវទទួលការងារក្រៅទៅតាមទីកន្លែងផ្សេងៗ និងតាមការចង់បានរបស់ភ្ញៀវ។ ហើយការថតរូបនៅតំបន់ផ្សេងៗបានក្លាយទៅជាពេលដែលអាចលំហែរកាយ និងដើរលេងផងដែរ។ ដូច្នេះហើយឈ្មោះជាអ្នកថតរូបអាជីពមិនសូវជានៅមួយកន្លែងទេ ហើយថែមទាំងអាចរកប្រាក់ចំណូលបានច្រើនផងដែរ ជាពិសេសអាចបង្កើនប្រាក់ចំណូលតាមរយៈការលក់រូបថតទៅក្នុងបណ្តាវែបសាយធំៗទៀតផង។

ជាងថតរូប

១២. អ្នកបកប្រែ

ការងារដែលអាចឱ្យអ្នកធ្វើដំណើរចុះឡើងៗគ្រប់តំបន់ ជាពិសេសបណ្តាប្រទេសផ្សេងៗនោះ គឺជាការងារបកប្រែភាសា។ ប៉ុន្តែការងារនេះត្រូវការឱ្យអ្នកចេះជំនាញភាសាឱ្យបានច្បាស់លាស់ គឺចេះភាសាកាន់តែច្រើនកាន់តែល្អ យ៉ាងហោចណាស់ក៏ត្រូវចេះ២ភាសាដែរ។ ការងារនេះអាចឱ្យអ្នកធ្វើការនៅក្នុងក្រុមហ៊ុនទេសចរណ៍ ឬ ធ្វើការបកប្រែសម្រាប់ការងារមុខជំនួញ ឬកិច្ចការផ្សេងៗក៏បាន៕

អ្នកបកប្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]