ពិភពលោក៖ ក្នុងលោកយើងនេះ មានអ្វីៗជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ឬតម្លៃខ្ពស់កប់ពពក។ វត្ថុមួយកាន់តែមានតម្លៃខ្ពស់អាស្រ័យលើភាពកម្រ ភាពចាំបាច់ និងរឿងរ៉ាវឬប្រវត្តិដ៏អស្ចារ្យនៃវត្ថុនោះ។ ដោយឡែក សត្វមួយចំនួនក៏មិនខុសគ្នាដែរ ឱ្យតែមានលក្ខខណ្ឌពិសេសដែលគេត្រូវការ ទោះតម្លៃខ្ទង់លានដុល្លារក៏មានអ្នកហ៊ានជះលុយទិញដែរ។ 

ជាក់ស្តែងគឺសត្វខាងក្រោមនេះទាំង១០៖ 

១០. កេងកង (Toucan)

តម្លៃ ៥,០០០ ដល់ ១០,០០០ ដុល្លារ 

កេងកង (Toucan)

សត្វដែលមើលទៅហាក់ដូចជាមានអំណាចខ្លាំងនេះអាចរកឃើញនៅទីតាំងជាច្រើនខុសៗគ្នារួមមាន អាមេរិកខាងត្បូង អាមេរិកកណ្តាល តំបន់ការីបៀន និងប៉ែកខាងត្បូងម៉ិចស៊ីកូ។ វាជាសត្វដែលគេពេញនិយមខ្លាំងដោយសារចំពុះដ៏ធំ និងចម្រុះពណ៌។ សព្វថ្ងៃ អំបូរកេងកងមានពូជ ៤០ ខុសៗគ្នា។

ថ្វីបើមានជើងខ្លីៗក៏ពិតមែន ប៉ុន្តែវាមានភាពរឹងមាំណាស់។ ម្រាមជើងមានបួន ដោយម្រាមទី១ និងទី៤ បែរបញ្ច្រាសទិសពីទី២ និងទី៣។ រីឯរោមរបស់សត្វដ៏អស្ចារ្យនេះ ជាធម្មតាមានពណ៌ខ្មៅលាយលឿង ក្រហមជាំ និងសដុំៗ។ 

៩. ស្វាដឺប្រាហ្សា (De Brazza’s Monkey)

តម្លៃ ៧,០០០ ដល់ ១០,០០០ ដុល្លារ 

ស្វាដឺប្រាហ្សា (De Brazza’s Monkey)

គេច្រើនសំដៅស្វាប្រភេទនេះថាជាពពួកស្វាវាលល្បាប់ និងត្រូវបានរកឃើញនៅតំបន់ដីសើមនៃអាហ្វ្រិកកណ្តាល។ គេដាក់ឈ្មោះវាតាមអ្នករុករកជនជាតិបារាំងម្នាក់ឈ្មោះ ព្យែរសាវ៉ង៉ាន់ ដឺ ប្រាហ្សា (Pierre Savorgnan de Brazza)។ បើចង់រកស្វានេះ មិនមែនជាការងាយឡើយ ព្រោះតែសមត្ថភាពខ្ពស់ពីកំណើតក្នុងការលាក់ខ្លួន។ ពួកវាមានអាយុរស់ជាមធ្យមប្រមាណ ២២ ឆ្នាំ។ 

៨. សេកហៃយ៉ាស៊ិន ម៉ាក់ខរ (Hyacinth Macaw)

តម្លៃ ១៤,០០០ ដុល្លារ 

សេកហៃយ៉ាស៊ិន ម៉ាក់ខរ (Hyacinth Macaw)

វាមិនត្រឹមតែជាពូជសេកដ៏ធំបំផុតទេ ថែមទាំងជាសេកចេះហោះធំបំផុតផងដែរ។ សេកហៃយ៉ាស៊ិន ម៉ាក់ខរ មានដើមកំណើតនៅតំបន់ភាគខាងជើង និងកណ្តាលនៃទ្វីបអាមេរិកខាងត្បូង។ ទោះយ៉ាងណា ដោយសារតែភាពពេញនិយមខ្លាំងក្នុងការយកមកចិញ្ចឹមតាមផ្ទះ ចំនួនរបស់វាក្នុងព្រៃបានធ្លាក់ចុះយ៉ាងគំហុក។ សេកប្រភេទនេះមានចំពុះដ៏ខ្លាំងក្លាដែលប្រើសម្រាប់ស៊ីចំណីដូចជាគ្រាប់ធញ្ញជាតិ និងសណ្តែកដីរឹងៗ ហើយថែមទាំងអាចចោះទម្លុះផ្លែដូងទៀតផង។ ក្រៅពីនេះ វាក៏ស៊ីបន្លែ និងផ្លែឈើផងដែរ ខណៈអ្នកចិញ្ចឹមតាមផ្ទះច្រើនតែឱ្យវាស៊ីគ្រាប់ស្រល់។ 

៧. សេកផាមខក់កាទូ (Palm Cockatoo)

តម្លៃ ១៦,០០០ ដុល្លារ  

សេកផាមខក់កាទូ (Palm Cockatoo)

គេស្គាល់សេកប្រភេទនេះថាមានពណ៌ខ្មៅ ឬ ប្រផេះចាស់ និងលើក្បាលមានពណ៌ក្រហមមួយដុំ។ វាជាពូជសេកតែមួយគត់ក្នុងអំបូរ Probosciger ដែលមានកម្ពស់ពី ៥៥ ទៅ ៦០ សង់ទីម៉ែត្រ និងទម្ងន់ប្រហែលជា ៩ ខាំ ទៅ ១ គីឡូ ២ ខាំ។ បក្សីដែលប្លែកខុសគេនេះ មានរោមបះច្រាងលើក្បាល និងចំពុះដ៏ធំផងដែរ។ 

៦. កញ្ចែឈ្មោល (Stag Beetle)

តម្លៃ ៨៩,០០០ ដុល្លារ 

កញ្ចែឈ្មោល (Stag Beetle)

កញ្ចែទាំងនេះជាពូជចម្លែក និងកម្រខ្លាំងណាស់ ទើបធ្វើឱ្យវារឹតតែមានតម្លៃថ្លៃ។ ភិនភាគរបស់វាគឺ ថ្គាមកោងពណ៌ក្រហមច្រាលដូចឈាម និងស្នែងលយចេញពីក្បាលពណ៌ខ្មៅ។ កញ្ចែនេះស្ថិតក្នុងអំបូរ Lucanidae ដែលបច្ចុប្បន្នមានសត្វល្អិត ១,២០០ ប្រភេទ។ កញ្ចែដែលមានទំហំមធ្យម មានប្រវែងពី ៥ ទៅ ៧.៥ សង់ទីម៉ែត្រ។ ទោះយ៉ាងណា កញ្ចែមួយក្បាលដែលយកទៅឱ្យអ្នកលក់រាយម្នាក់មានប្រវែង ៧.៥ សង់ទីម៉ែត្រ។ អ្នកបង្កាត់ពូជជនជាតិជប៉ុនម្នាក់បានលក់កញ្ចែរបស់គាត់ក្នុងតម្លៃដល់ទៅ ៨៩,០០០ ដុល្លារ។   

៥. កូនតោ-ស (White Lion Cubs)

តម្លៃ ១៣៨,០០០ ដុល្លារ  

កូនតោ-ស (White Lion Cubs)

កូនតោសម្បុរសកើតមកពីពូជដ៏កម្របំផុត ដែលអាចរកឃើញ ប៉ុន្តែកម្រនឹងឃើញ នៅព្រៃអភិរក្សអាហ្វ្រិកខាងត្បូង ក្នុងតំបន់ធីមបាវ៉ាទី។ អង្គការការពារតោ-សជាសាកល បានរាយការណ៍ថាបច្ចុប្បន្នមានតោប្រភេទនេះត្រឹមតែប្រមាណ ៣០០ ក្បាលប៉ុណ្ណោះទូទាំងពិភពលោក។ 

៤. ឆ្កែ Sir Lancelot Encore

តម្លៃ ១៥៥,០០០ ដុល្លារ 

ឆ្កែ Sir Lancelot Encore

Sir Lancelot Encore គឺជាលទ្ធផលនៃការចម្លងកោសិកាឆ្កែ។ Edgar និង Nina Otto ដែលជាប្តីប្រពន្ធរស់នៅរដ្ឋហ្វ្លរីដា និងជាម្ចាស់ឆ្កែ Lancelot ដ៏ល្បីល្បាញទូទាំងពិភពលោក បានសម្រេចចិត្តចម្លងឌីអិនអេរបស់ឆ្កែនោះ ក្រោយពីវាបានស្លាប់ដោយជំងឺមហារីក។ ជាលទ្ធផល គេបង្កើតបានឆ្កែ Sir Lancelot Encore នេះដែលធ្វើឱ្យពួកគេឈ្នះការដេញថ្លៃ ជីវ-សិល្បៈ ដែលធ្វើឡើងនៅរដ្ឋ សានហ្វ្រាន់ស៊ីស្កូ។ 

៣. ឆ្កែម៉ាស្ទីហ្វទីបេ (Tibetan Mastiff)

តម្លៃ ៥៨២,០០០ ដុល្លារ 

ឆ្កែម៉ាស្ទីហ្វទីបេ (Tibetan Mastiff)

វាជាពូជឆ្កែធំបំផុតមួយក្នុងលោក ដោយឆ្កែដែលធំបំផុតក្នុងពូជនេះត្រូវបានរាយការណ៍ថាឈរក្នុងកម្ពស់ជាង ៨១ សង់ទីម៉ែត្រ និងទម្ងន់ជាង ៦៨ គីឡូក្រាម។ ពណ៌របស់វាមានច្រើនខុសគ្នាដូចជា ខ្មៅ ត្នោត ក្រហម និង ប្រផេះ ខណៈពណ៌សក៏មានផងដែរ ប៉ុន្តែកម្របំផុត។

ខុសពីពូជផ្សេងទៀតជាច្រើន ឆ្កែនេះគ្មានក្លិនមិនល្អដែលម្ចាស់ឆ្កែជាច្រើនធ្លាប់ជួបនោះទេ។ តាមពិត ពួកវាត្រូវបានគេគោរពក្នុងនាមឆ្មាំដែលពូកែការពារសត្វកសិដ្ឋានជាទីបំផុតយូរណាស់មកហើយ ដោយធ្លាប់មានឆ្កែខ្លះ បានសម្លាប់ខ្លាដើម្បីការពារហ្វូងសត្វកសិដ្ឋានទៀតផង។  

២. គោបវរកញ្ញា (Miss Missy)

តម្លៃ ១,២០០,០០០ 

គោបវរកញ្ញា (Miss Missy)

វាជាគោក្នុងពូជ Holstein ពណ៌ស។ កាលពីឆ្នាំ ២០០៩ គោញីនេះបានឈ្នះជើងឯក នៃការប្រកួតសម្រស់នៃសត្វនៅអាមេរិកខាងជើង ដែលជាកម្មវិធីដ៏ល្បីបំផុតមួយទូទាំងពិភពលោក។ ដោយសារវាឈ្នះតំណែងជារាជនីសម្រស់ ទើបមនុស្សជាច្រើនដណ្តើមគ្នាទិញ។ ម្ចាស់របស់វាបានចំណាយដល់ទៅជាងមួយលានដុល្លារទើបយកមកចិញ្ចឹមនៅផ្ទះបាន។ 

១. សេះស្វាបៃតង (The Green Monkey)

តម្លៃ ១៦,០០០,០០០ ដុល្លារ 

សេះស្វាបៃតង (The Green Monkey)

គ្រាន់តែមើលឈ្មោះ អ្នកអាចនឹងច្រឡំស្មានថាជាសត្វក្នុងអំបូរស្វា ប៉ុន្តែតាមពិតវាជាសត្វសេះទេ។ សេះប្រណាំងនេះត្រូវបានទិញដោយលោក Demi O’Byrne នៅទីលានប្រណាំងសេះ Calder កាលដែលវានៅអាយុ ២ ឆ្នាំម្ល៉េះ។ ដោយវាជាកូនចៅនៃពូជសេះដែលឈ្នះជើងឯក Kentucky Derby ដូច្នេះវាជារឿងសមហេតុផលដែលអ្នកឈ្នះក្នុងការដេញថ្លៃ មានសង្ឃឹមខ្ពស់ចំពោះសេះនេះ។ ជាអកុសល សេះដែលមានតម្លៃរាប់លានដុល្លារនេះ មិនដែលឈ្នះការប្រកួតណាមួយឡើយ ហើយបានដាក់ឱ្យចូលនិវត្តន៍នៅថ្ងៃទី ១២ ខែកុម្ភៈ ២០០៨៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]