មនុស្សមួយចំនួនប្រហែលជាត្រូវបានអ្នកផ្សេងមើលមកថាជាមនុស្សដែលចូលតួ ជាមនុស្សដែលទន់ខ្សោយ ឬមិនរឹងមាំ ដោយគ្រាន់តែមើលរឿង មើលភាពយន្តកម្សត់បន្តិចក៏ស្រាប់តែហូរទឹកភ្នែក ឬយំដោយមិនដឹងខ្លួន។ ជាការពិតណាស់ ការយំនៅក្នុងរោងកុន ឬរាល់ពេលមើលរឿងកម្សត់ម្តងៗ អាចនឹងត្រូវរងភាពអាម៉ាស់ ឬត្រូវបានគេនិយាយដើម តែការពិតទៅវាមានប្រយោជន៍ឱ្យអ្នកអាចបញ្ចេញអារម្មណ៍ឈឺចាប់ ក្រៀមក្រំ និងភាពទន់ខ្សោយបានតាមរយៈទឹកភ្នែក ជាពិសេសត្រូវបានគេដឹងថាអាចកាត់បន្ថយជំងឺស្ត្រេស ជំងឺទាក់ទងនឹងបេះដូង ថែមទាំងធ្វើឱ្យអ្នកកាន់តែរឹងមាំជាងមុនទៀតផង។

ហេតុអ្វីអ្នកដែលងាយយំរាល់ពេលមើលភាពយន្តម្តងៗបែរក្លាយទៅជាមនុស្សរឹងមាំ? យើងនឹងលើកឡើងពីហេតុផលធំៗចំនួន៣នេះមកបង្ហាញ៖

យំរាល់ពេលមើលភាពយន្ត

១.យល់ដឹងកាន់តែច្រើន

យើងដឹងរួចមកហើយថា រឿងដែលគេសម្តែងឱ្យយើងមើល សុទ្ធតែជារឿងប្រតិដ្ឋ និងលេងឱ្យយើងមើលកម្សាន្តអារម្មណ៍តែប៉ុណ្ណោះ។ ប៉ុន្តែខួរក្បាលរបស់មនុស្សយើងមិនមែនសុទ្ធតែដំណើរការល្អដោយមិនធ្វើការហ្វឹកហាត់ក្នុងការគិត ឬសម្រេចចិត្តផ្សេងៗនោះទេ ដែលពេលខ្លះអាចឱ្យយើងធ្វើការសម្រេចចិត្តខុសផងដែរ។ 

ការមើលភាពយន្ត អាចឱ្យអ្នកបញ្ចេញនូវអរម៉ូនអុកស៊ីតូស៊ីន (Oxytocin) ម្យ៉ាងដែលអាចឱ្យកាន់តែយល់ចិត្ត និងដឹងពីអារម្មណ៍អ្នកដទៃកាន់តែច្រើន តាមរយៈការមើលឃើញពីទឹកមុខរបស់អ្នកសម្តែង ទាំងភាពរីករាយ កើតទុក្ខ និងភាពឈឺចាប់។

ដូច្នេះការដែលអ្នកយំចេញមកបានន័យថាអ្នកយល់ និងជ្រួតជ្រាបនៃការឈឺចាប់ទាំងអស់នេះហើយ ហើយការយល់ចិត្តអ្នកដទៃទាំងនេះហើយ អាចជាមេរៀនឱ្យអ្នកកាន់តែមានភាពរឹងមាំក្នុងជីវិត និងយល់ដឹងពីបញ្ហាដែលបានកើតឡើងផងដែរ។

យំរាល់ពេលមើលភាពយន្ត

២.មិនខ្លាចនឹងបញ្ចេញអារម្មណ៍ពិត

អ្នកយំហើយ យំឡើងកម្សត់ចូលតួតាមសាច់រឿង ដែលគេសម្តែង ហើយអ្នកផ្សេងអាចនឹងមើលមកអ្នកថាជាមនុស្សចម្លែក ឬមនុស្សឆ្កួត តែកុំខ្វល់តែគេមើលអស់ចិត្តគេលែងមើលហើយ។ 

ការយំរាល់ពេលមើលភាពយន្តមិនមែនជារឿងអាក្រក់ ហើយក៏មិនមានច្បាប់ដាក់ទោសនោះឡើយ ព្រោះវាជាសិទ្ធរបស់អ្នកដែលអាចបង្ហាញអារម្មណ៍ពិតរបស់ខ្លួនឯងចេញមក។ ការយំរាល់ពេលមើលភាពយន្ត វាគឺជាការបង្ហាញភាពស្មោះត្រង់ចំពោះអារម្មណ៍ខ្លួនឯង បានន័យថា ជីវិតមនុស្សយើងពេលដែលរីករាយប្រាកដជាត្រូវសើច ហើយបើអ្នកកើតទុក្ខប្រាកដជាត្រូវយំហើយ វាគ្មានហេតុផលអ្វីដែលត្រូវលាក់លៀមអារម្មណ៍ខ្លួនឯងទេ ឯអ្នកដែលប្រឹងលាក់អារម្មណ៍ទៅវិញទេដែលជាមនុស្សទន់ខ្សោយនោះ។ 

ដូច្នេះអ្នកដែលយំទាំងអស់មិនប្រាកដថាសុទ្ធតែជាមនុស្សទន់ខ្សោយដែរ វាជាការបង្ហាញពីភាពក្លាហាន និងភាពរឹងមាំនៃជីវិត បានន័យថាការយំក៏ជាការដោះស្រាយបញ្ហា និងធ្វើឱ្យអារម្មណ៍ធូរស្រាលពីការលំបាកក្នុងចិត្តមួយផ្នែកតូចផងដែរ។ ហើយការមើលភាពយន្ត ហើយយំទៅតាមសាច់រឿង គឺជាការបញ្ជាក់ពីភាពរឹងមាំប្រាកដណាស់។

យំរាល់ពេលមើលភាពយន្ត

៣. ប្រឈមមុខរាល់បញ្ហា

ភាពយន្តទាំងអស់ នៅទីបញ្ចប់តែងតែមានដំណោះស្រាយដ៏ល្អមួយជានិច្ច ដែលអាចជួយឱ្យអ្នកប្រឈមមុខនឹងបញ្ហានានាបាន ថែមទាំងអាចរៀនដោះស្រាយបញ្ហាដោយខ្លួនឯងផងដែរ។ 

ដូច្នេះនៅពេលដែលអ្នកចូលតួតាមសាច់រឿង ហើយយំទៅតាមការសម្តែងនៅក្នុងរឿងនោះ វាកាន់តែធ្វើឱ្យអ្នកស្លុងអារម្មណ៍ទៅតាមរឿងនោះ ហើយទីបំផុតអ្នកនឹងបានរៀនពីមេរៀនជីវិតថ្មី គឺចេះរកដំណោះស្រាយ និងប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងផងដែរ។ ហើយអ្នកដែលយំតាមសាច់រឿងនឹងកាន់តែក្លាយទៅជាមនុស្សរឹងមាំ ដែលមនុស្សរឹងមាំមិនមែនជាមនុស្សដែលមិនចេះឈឺចាប់ ឬកើតទុក្ខទេ គឺជាមនុស្សដែលអាចប្រឈមមុខនឹងបញ្ហានៅចំពោះមុខដោយក្លាហានបំផុត៕

យំរាល់ពេលមើលភាពយន្ត

ចុះចំណែកមិត្តអ្នកអានយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]