បរទេស៖ មនុស្សយើងច្រើនតែរកលេសដោះសារនៅពេលបរាជ័យក្នុងការសម្រេចក្តីស្រមៃ ឬ ធ្វើអ្វីមួយមិនបានផ្លែផ្កា សូម្បីតែពេលខ្លះកាលៈទេសៈមានអំណោយផលក៏ដោយ។ ប៉ុន្តែមនុស្សមួយចំនួនព្យាយាមជម្នះឧបសគ្គសព្វបែបយ៉ាង កែប្រែកាលៈទេសៈពីអាក្រក់ទៅល្អ ដើម្បីទទួលបានជោគជ័យ។ ក្នុងចំណោមនោះ អ្នកខ្លះចាប់កំណើតមកជាមួយពិការភាព ហើយក្លាយជាជនរងគ្រោះព្រោះព្រហ្មលិខិតដ៏គ្មានមេត្តា ឬ ធ្លាក់ខ្លួនពិការដោយគ្រោះថ្នាក់ណាមួយ ប៉ុន្តែពួកគេមិនចុះចាញ់ក្នុងការបង្កើតស្នាដៃទៅតាមជំនាញរបស់ខ្លួន ហើយជំរុញទឹកចិត្តមនុស្សជុំវិញពិភពលោកទៀតផង។ 

ខាងក្រោមនេះជាបុគ្គលទាំង៥ ដែលជោគជ័យបំផុតទោះពិការអវយវៈ៖

៥. Franklin D. Roosevelt 

Franklin D. Roosevelt

លោកធ្លាប់ជាមេធាវី និងអ្នកនយោបាយអាមេរិក ហើយក៏ធ្លាប់ជាប្រធានាធិបតីទី ៣២ នៃសហរដ្ឋអាមេរិកផងដែរ។ ខណៈធ្វើវិស្សមកាលនៅប្រទេសកាណាដាក្នុងឆ្នាំ ១៩២១ (មុនក្លាយជាប្រធានាធិបតី) គាត់បានធ្វើរោគវិនិច្ឆ័យឃើញរោគខួរឆ្អឹងខ្នង ហើយស្លាប់មួយកំណាត់ខ្លួនចាប់ពីចង្កេះចុះក្រោម។ ទោះយ៉ាងណា វាមិនអាចរារាំងឆន្ទៈរបស់គាត់ក្នុងការចូលកាន់តំណែងឡើយ។ គាត់បានប្រើវិធីព្យាបាលជាច្រើន រួមទាំងការហាត់ប្រាណក្នុងទឹក។ 

អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត គាត់បានធ្វើឱ្យប្រាកដថា ពិការភាពនេះមិនត្រូវបានសង្កត់ធ្ងន់ដោយសារព័ត៌មានឡើយ។ សមត្ថភាពរបស់គាត់ត្រូវបានទទួលស្គាល់ដោយពលរដ្ឋអាមេរិក ហើយត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតី។ គាត់បាននាំមកនូវកំណែទម្រង់សេដ្ឋកិច្ចជាច្រើន និងដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាមលោកលើកទីពីរផងដែរ។ គាត់ជាបុគ្គលជោគជ័យមួយរូប ក្នុងចំណោមបុគ្គលពិការជាច្រើនទៀតដែលបានស្ថាបនា វិទ្យាស្ថានស្តារនីតិសម្បទា Roosevelt Warm Springs Institute និងមូលនិធិជាតិសម្រាប់កុមារស្លាប់អវយវៈ ដើម្បីជួយមនុស្សពីពិការភាពប្រភេទនេះ។ 

៤. Helen Keller 

Helen Keller

លោកស្រី Helen Keller ធ្លាប់ជាកវីនិពន្ធ និងសកម្មជននយោបាយអាមេរិក។ ថ្វីបើកើតមកមានកាយសម្បទាធម្មតា ប៉ុន្តែនៅអាយុ ១ខួបកន្លះ គាត់បានកើតជំងឺដ៏ធ្ងន់ធ្ងរមួយប្រភេទដែលបណ្តាលឱ្យថ្លង់ និងពិការភ្នែក។ នាយកវិទ្យាស្ថាន Perkins Institute បានចាត់តាំងគ្រូបង្រៀនម្នាក់ឈ្មោះ Anne Sullivan សម្រាប់គាត់។ ក្រោយមក Anne Sullivan បានក្លាយជាគ្រូប្រៀនប្រដៅ និងសហជីវិនពេញមួយជីវិតជាមួយ Helen ហើយបង្រៀនគាត់ក្នុងការប្រាស្រ័យទាក់ទងគ្នា។

ជាមួយការប្តេជ្ញាចិត្តដ៏រឹងមាំ ភាពប៉ិនប្រសប់ក្នុងការរៀនសូត្រ និងមានជំនួយពី Anne ផងនោះ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Radcliffe និងជាមនុស្សថ្លង់-ខ្វាក់ដំបូងបំផុតដែលទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈ។ គាត់បានរៀននិយាយ និងចាប់ផ្តើមបង្រៀនយ៉ាងឆាប់រហ័ស។ គាត់ស្តាប់អ្នកដទៃដោយដាក់ដៃខ្លួនឯងលើមាត់របស់ពួកគេ រួចវិភាគពាក្យដែលគេនិយាយ។ មិនត្រឹមប៉ុណ្ណោះ គាត់ក៏បានរៀនសូត្រពីភាសាសម្រាប់មនុស្សពិការភ្នែក និងភាសាកាយវិការផងដែរ។

ក្រោយមក គាត់បានក្លាយជាសកម្មជនសម្រាប់ជនពិការ និងធ្វើដំណើរដើម្បីរៃអង្គាសថវិកាជួយដល់ពួកគេ។ គាត់បានស្ថាបនាអង្គការអន្តរជាតិ Helen Keller International ដែលជួយស្រាវជ្រាវផ្នែក ចក្ខុ សុខភាព និងសារជាតិបំប៉ន។ ក្រៅពីនេះ គាត់ក៏ជួយក្នុងការបង្កើត សហជីពសេរីស៊ីវិលអាមេរិក និងជួយប្រមូលថវិកាជួយអង្គការ មូលនិធិអាមេរិកសម្រាប់ជួយជនពិការភ្នែក ផងដែរ។ 

៣. John Milton 

John Milton

លោក John Milton ជាកវីជនជាតិអង់គ្លេសដ៏ល្បីឈ្មោះ និងជាបុគ្គលដ៏ជោគជ័យម្នាក់ដែលមានពិការភាព។ គាត់បានធ្វើដំណើរស្ទើរគ្រប់ទិសទី ដែលឆ្លុះបញ្ចាំងពីស្នាដៃរបស់ខ្លួន។ ដោយត្រូវបានចាត់ទុកជាកវីអង់គ្លេសដ៏លេចធ្លោបំផុតមួយ ស្នាដៃល្អបំផុតរបស់គាត់គឺកំណាព្យ “Paradise Lost”។ គួរឱ្យដឹងថា ការមើលឃើញរបស់គាត់បានធ្លាក់ចុះជាច្រើនឆ្នាំ លុះដល់ឆ្នាំ ១៦៥៤ គាត់ពិការភ្នែកទាំងស្រុងតែម្តង។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ស្នាដៃដ៏ល្បីបំផុតរបស់គាត់ Paradise Lost ត្រូវបាននិពន្ធក្រោយបញ្ហាភ្នែកនេះកើតឡើង។ គាត់មានទស្សនៈរឹងមាំចំពោះនយោបាយ និងតស៊ូមតិចំពោះសេរីភាពនៃការបញ្ចេញមតិ ហើយនិងសារព័ត៌មាន។ គាត់គឺជាមនុស្សគម្រូ និងបំផុសទឹកចិត្តដល់មនុស្សជាច្រើន ព្រមទាំងជាគម្រូនៃអ្នកដែលមិនចុះចាញ់នឹងកង្វះខាតកាយសម្បទា ប៉ុន្តែបន្តបង្កើតស្នាដៃឆ្នើមៗបំផុតជាច្រើន សូម្បីក្រោយធ្លាក់ក្នុងហេតុការណ៍អភ័ព្វ។ 

២. Nicholas James Vujicic

Nicholas James Vujicic

លោក Nicholas James គឺជាវាគ្មិនជំរុញទឹកចិត្តជនជាតិអូស្ត្រាលីម្នាក់ ដែលកើតមកជាមួយនឹងអាការដ៏កម្រមួយហៅថា Phocomelia ដែលខ្វះអវយវៈទាំងដៃទាំងជើងតាំងពីកំណើត។ តាំងពីកុមារភាពមក គាត់គឺជាគោលដៅនៃការធ្វើបាប និងបំបាក់ទឹកចិត្តនៅសាលា។ ទោះយ៉ាងណា គាត់បានទទួលស្គាល់ការពិត និងចាប់ផ្តើមបំពេញមុខងារដោយឯករាជ្យ។ 

ថ្វីបើឆ្លងកាត់រឿងរ៉ាវបែបនេះ គាត់បានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មជាមួយឯកទេសរៀបផែនការហិរញ្ញវត្ថុ។ បច្ចុប្បន្នគាត់ជាវាគ្មិនបំផុសទឹកចិត្តដ៏ល្បីល្បាញក្នុងពិភពលោក ដែលមានគោលដៅបណ្តុះក្តីសង្ឃឹមដល់មនុស្សក្នុងការជម្នះឧបសគ្គនានា។ ក្នុងឆ្នាំ ១៩៩០ គាត់បានឈ្នះពានរង្វាន់ ពលរដ្ឋវ័យក្មេងអូស្ត្រាលី (Australian Young Citizen) និងបន្តជំរុញទឹកចិត្តមនុស្សទូទាំងពិភពលោក។ គាត់ពិតជាមនុស្សដ៏ជោគជ័យម្នាក់ដែលមានពិការភាព។ 

១. Stephen Hawkings 

Stephen Hawkings

គាត់ជារូបវិទូអង់គ្លេស និងអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបក្នុងពិភពលោក។ ស្នាដៃនិងទ្រឹស្តីល្បីៗរបស់គាត់រួមមាន តំបន់ប្រហោងខ្មៅក្នុងលំហ ការបកស្រាយពីពហុពិភពលោក លោកធាតុវិទ្យា រលកទំនាញ យន្តការបរិមាណ និង ទ្រឹស្តីពាក់ព័ន្ធទូទៅ។ សៀវភៅដ៏ល្បីបំផុតរបស់គាត់គឺ “A brief history of time (ប្រវត្តិសង្ខេបនៃពេលវេលា)” បានជាប់ជាសៀវភៅលក់ដាច់បំផុត។ 

ជាអកុសល គាត់ទទួលរងអាការដ៏កម្រមួយដែលធ្វើឱ្យស្លាប់អវយវៈ អស់រយៈពេលជាច្រើនឆ្នាំ។ វិធីក្នុងការប្រាស្រ័យទាក់ទងគ្នារបស់គាត់គឺ ប្រើសាច់ដុំថ្ពាល់តែមួយ ភ្ជាប់ទៅនឹងឧបករណ៍បញ្ចេញសំឡេង។ ទោះយ៉ាងណា ស្ថានភាពកាយសម្បទានេះមិនអាចរារាំងគាត់ពីការទទួលកិត្តិយស និងចែករំលែកគំនិតជាច្រើនទៅកាន់ពិភពលោកឡើយ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងនោះគឺ បញ្ជីពានរង្វាន់ និងសមិទ្ធផលដ៏វែងអន្លាយរបស់គាត់រួមមាន Albert Einstein Award, Albert Medal និង Presidential Medal of Freedom ។ល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]