កើតមកជាមនុស្សល្អ និងមានចិត្តសប្បុរស បានន័យថាអ្នកចេះគិតពីតម្រូវការខ្លួនឯង ថែមទាំងចេះជួយអ្នកដទៃអស់ពីចិត្ត និងបេះដូងដោយមិនទាមទារការតបស្នងផងដែរ។ តែនៅពេលដែលអ្នកជាមនុស្សចិត្តទូលាយខ្លាំង និងធ្វើការលះបង់ជ្រុលហួសហេតុពេក វាបែរជាផ្តល់ទុក្ខទោសដាក់ខ្លួនទៅវិញ ដូចពាក្យចាស់ថា «ចិត្តល្អក្រខ្លួន» ជាដើម ថែមទាំងពេលខ្លះធ្វើល្អមិនមានន័យ ហើយត្រូវបានអ្នកដទៃនិយាយដើមថាអ្នកជាមនុស្សឆោតល្ងង់ទៀតផង ដែលអ្នកត្រូវតែធ្វើការកែប្រែ និងកាត់បន្ថយមកវិញឱ្យមានព្រំដែនទើបជាការល្អ។

ដូច្នេះចង់ដឹងថាអ្នកជាមនុស្សចិត្តល្អ និងចិត្តទូលាយជ្រុលឬក៏អត់មកតាមដានចំណុចទាំងអស់ខាងក្រោមនេះ៖

១.គ្មានពេលវេលាសម្រាប់ខ្លួនឯង

មនុស្សដែលមានចិត្តល្អជ្រុលហួសហេតុពេក តែងតែមិនសូវមានពេលសម្រាប់ខ្លួនឯងប៉ុន្មានទេ ដោយសារតែគេមានចិត្តចង់បំពេញបំណងជួយដល់អ្នកដទៃ និងធ្វើឱ្យអ្នកផ្សេងៗទៀតសប្បាយចិត្តរហូតដល់ភ្លេចគិតពីខ្លួនឯងជានិច្ច។ អ្នកត្រូវគិតថា មនុស្សម្នាក់ៗសុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន ពេលសម្រាកលំហែខួរក្បាល និងដើម្បីសេចក្តីសុខខ្លួនឯង។ ដូច្នេះកុំរវល់តែគិត ឬខ្វល់ពីអារម្មណ៍អ្នកដទៃខ្លាំងពេក ត្រូវចេះស្រលាញ់ខ្លួនឯង និងរកពេលវេលាសម្រាប់ឱ្យខ្លួនឯងសប្បាយចិត្តឱ្យបានច្រើន ដោយដាក់កំហិតថាត្រវរកពេលសម្រាកលំហែ និងធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ឬចង់ធ្វើ ឱ្យបានយ៉ាងហោច ១ ទៅ២ម៉ោងក្នុងមួយថ្ងៃ។

គ្មានពេលវេលាសម្រាប់ខ្លួនឯង

២.មិនដែលចេះបដិសេធ

មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិបដិសេធរាល់ពេលដែលគេមិនចង់ធ្វើ ឬក៏ធ្វើមិនបាន មិនមែនចាំតែត្រូវឆ្លើយយល់ព្រមគ្រប់ពេលវេលានោះទេ។ នៅក្នុងពេលដែលអ្នកជាមនុស្សដែលមិនចេះបដិសេធរាល់សំណើរ ឬការសុំជំនួយពីអ្នកដទៃ បានន័យថាអ្នកជាមនុស្សដែលចិត្តល្អជ្រុល និងពូកែខ្លាចចិត្តអ្នកដទៃណាស់។ ដូច្នេះអ្នកមិនគួរឆ្លើយយល់ព្រមគ្រប់រឿងទេ អ្នកអាចនិយាយថាមិនព្រមមិនអាចធ្វើបាននៅពេលដែលអ្នកគ្មានលទ្ធភាពនឹងធ្វើ ឬមិនចង់ធ្វើ ដោយមិនបាច់រៀបរាប់ហេតុផលវែងឆ្ងាយ។ កុំដោយសារតែមិនចង់បដិសេធអ្នកដទៃ ធ្វើឱ្យខ្លួនឯងជួបនឹងស្ថានការណ៍ពិបាក ឬធ្វើបាបខ្លួនឯងអី។

មិនដែលចេះបដិសេធ

៣.យកទុក្ខអ្នកដទៃមកដាក់ខ្លួន

ជាមនុស្សដែលចិត្តល្អ មានចិត្តជួយអ្នកដទៃគឺជារឿងមួយដ៏ប្រពៃណាស់តែអ្នកមិនគួរយកបញ្ហារបស់អ្នកដទៃមកគិត ឬលើកដាក់ជារបស់ខ្លួនឯងពេកនោះទេ ព្រោះវាមិនត្រឹមតែអាចធ្វើបាបខ្លួនឯង តែអ្នកអាចធ្វើឱ្យអ្នកដទៃដែលចាំតែហុចដៃឱ្យអ្នកជួយក្លាយជាមនុស្សទន់ខ្សោយ និងពូកែផ្តេកផ្តួលលើអ្នកដទៃបាន។ ដូច្នេះអ្នកគ្រាន់តែនៅជាមិត្តជួយជាយោបល់ ឬកម្លាំងចិត្តពីក្រោយខ្នង ដើម្បីឱ្យគេចេះដោះសា្រយបញ្ហារបស់គេដោយខ្លួនឯង ជាពិសេស ជួយពួកគេតាមលទ្ធភាពដែលអ្នកមាន ដោយមានព្រំដែនច្បាស់លាស់ទើបជាការល្អ។

យកទុក្ខអ្នកដទៃមកដាក់ខ្លួន

៤.ខ្វល់ពីអារម្មណ៍អ្នកដទៃច្រើនពេក

វាជារឿងល្អដែលអ្នកចេះគិត និងចេះខ្វល់ពីការគិត ឬអារម្មណ៍អ្នកដទៃដែលនៅជុំវិញខ្លួន។ តែក្នុងពេលដែលអ្នកខ្វល់ពីមាត់មនុស្សនៅជុំវិញខ្លាំង និងគិតដល់អារម្មណ៍អ្នកដទៃជ្រុលពេកនោះ វានឹងធ្វើឱ្យអ្នកគ្មានសេចក្តីសុខ ខ្លាចនេះខ្លាចនោះ ខ្វល់ច្រើន ខ្លាចគ្រប់គ្នាមិនពេញចិត្ត និយាយដើមអ្នក ជាពិសេសមិនមានសេចក្តីក្លាហានធ្វើរឿងដែលខ្លួនឯងចង់ធ្វើជាដើម។ ដូច្នេះរឿងដែលគួរតែធ្វើ កុំខ្វល់ពីអ្នកផ្សេងនិយាយអីជ្រុលពេកអី រៀនធ្វើជាខ្លួនឯងខ្លះអ្នកនឹងមិនសូវមានសម្ពាធដូចមុននោះទេ។

ខ្វល់ពីអារម្មណ៍អ្នកដទៃច្រើនពេក

៥.ឱ្យអ្នកដទៃខ្សែលើ

នៅពេលដែលអ្នកជាមនុស្សចិត្តល្អ និងចូលចិត្តជួយអ្នកដទៃនោះ នឹងមានមនុស្សជាច្រើនតែងតែសុំឱ្យអ្នកជួយ ត្រូវការជំនួយពីអ្នក និងធ្វើអ្វីចង់បានផលប្រយោជន៍ពីអ្នកជាដើម។ អ្នកត្រូវចាំថា មិត្តពិតប្រាកដមិនដែលចង់បានអ្វីពីអ្នក ឬខ្សែលើអ្នកម្តងណាឡើយ មានតែអ្នកដែលសម្លឹងមើលពីផលប្រយោជន៍របស់អ្នកប៉ុណ្ណោះ ដែលចេះតែពឹងនេះពឹងនោះអ្នកគ្រប់តែពេលមិនឈប់នោះ។ ដូច្នេះកុំចេះតែដើរជួយគេផ្តេសផ្តាសច្រើនហួសហេតុពេក រឿងជួយបានចាំជួយ បើមិនអាចទេរៀនបដិសេធខ្លះទៅ ធ្វើបែបនេះនឹងគ្មានអ្នកណាហ៊ានដើរខ្សែលើអ្នក ឬលួចហៅអ្នកក្រោយខ្នងថាជាមនុស្សល្ងង់ទេ។

ឱ្យអ្នកដទៃខ្សែលើ

៦.ស្ត្រេស គិតច្រើន និងពូកែដ្រាម៉ា (Drama)

គេថាមនុស្សចិត្តល្អមានបេះដូង និងចិត្តថ្លើមធំធេង តែសេចក្តីទុក្ខសោករបស់គេក៏មានច្រើនលើសកម្រិតផងដែរ ដោយសារតែគេចេះតែដើរជួយអ្នកដទៃ និងផ្តល់យោបល់គ្រប់គ្នា តែបែរជាលាក់ទុក្ខសោកនៅក្នុងចិត្តម្នាក់ឯងទៅវិញ ដែលជាហេតុធ្វើឱ្យគេចេះតែគិតច្រើន កើតរោគស្ត្រេស ថែមទាំងសូវមានរឿងដែលសប្បាយចិត្តក្នុងខ្លួនដោយគ្មានមូលហេតុផងដែរ។ ដូច្នេះអ្នកត្រូវតែចេះគិត និងរៀនស្រលាញ់ខ្លួនឯងខ្លះ ជាពិសេសឈប់ធ្វើឱ្យខ្លួនឯងពិបាកតទៅទៀតដោយសារតែអ្នកដទៃទៅ។

ស្ត្រេស គិតច្រើន និងពូកែដ្រាម៉ា (Drama)

៧.ត្រូវបានគេប្រើប្រាស់ជាឈ្នាន់

ដោយសារតែអ្នកជាមនុស្សចិត្តល្អ និងតែងតែខ្វល់ ចង់ជួយអ្នកដទៃនោះ អ្នកនឹងត្រូវបានមនុស្សមិនល្អមួយចំនួនប្រើប្រាស់អ្នក និងត្រូវការពឹងផ្អែកលើអ្នកជាឈ្នាន់ ដោយសម្តែងឱ្យអ្នកអាណិត ដើម្បីសម្រេចបំណងរបស់គេអ្វីមួយជាមិនខាន។ ដូច្នេះនៅពេលដែលយល់ថាខ្លួនអ្នកកំពុងតែត្រួវបានគេប្រើប្រាស់ដោយបំណងមិនល្អអ្វីមួយនោះ គឺអ្នកគួរតែកាត់បន្ថយចរិតចិត្តល្អនេះចោលខ្លះទៅ៕

ត្រូវបានគេប្រើប្រាស់ជាឈ្នាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]