ទីក្រុងស្អាត បរិស្ថានស្អាត ការរស់នៅល្អ គឺជាពាក្យស្លោកមួយដែលអាចបញ្ជាក់បានថា បរិយាកាសនៅក្នុងទីក្រុងដែលយើងរស់នៅ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងចំពោះសុខភាពមនុស្សយើងផងដែរ។ ហេតុដូច្នេះហើយបានជាប្រទេសជាច្រើននៅទូទាំងពិភពលោក បានចាប់ផ្តើមធ្វើការសម្អាតបរិស្ថាន និងរួមគ្នាកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាសដើម្បីទទួលបានទីក្រុងស្អាត និងទាក់ទាញមួយនៅក្នុងលោក។

នៅក្នុងនោះដែរ មានទីក្រុងក្រុងប្រទេសទាំង១០ ដែលបានជាប់ចំណាត់ថ្នាក់ថាជាទីក្រុងដែលមានបរិស្ថានស្អាត និងមានអនាម័យជាងគេបំផុតក្នុងលោកដូចជា៖

១០.ទីក្រុង Bern ប្រទេសស្វីស

ស្ថិតនៅភាគខាងជើងនៃប្រទេសស្វីស ទីក្រុង Bern គឺជាទីក្រុងដ៏ធំមួយ និងមានប្រជាជនរស់នៅយ៉ាងច្រើនដល់ទៅចំនួន ១,៨លាននាក់ ប៉ុន្តែទាំងរដ្ឋាភិបាល និងប្រជាជនបានរួមគ្នាថែរក្សា សម្អាតទីក្រុង រួមទាំងគ្រប់គ្រងសម្រាមបានល្អ ដែលជាហេតុធ្វើឱ្យទីក្រុងមួយនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្អាតមួយជាងគេ។

ទីក្រុង Bern ប្រទេសស្វីស

៩.ទីក្រុង Oslo ប្រទេសន័រវ៉េស

ទីក្រុង Oslo គឺជាទីតាំងមួយដែលសម្បូរទៅដោយមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យរដ្ឋាភិបាល នៅក្នុងប្រទេសន័រវ៉េស រួមទាំងមានលំនៅដ្ឋានចំនួនជាង ៦៣៤,០០០គ្រួសារ និងប្រជាជនប្រមាណជា ២.៥លាននាក់។ ទីក្រុងនេះ សម្បូរទៅដោយប្រជាជនដែលមានការយល់ដឹងខ្ពស់ពីការការពារ និងថែរក្សាបរិស្ថាន ដែលជាហេតុធ្វើឱ្យទីក្រុងនេះជាប់ឈ្មោះជាទីក្រុងស្អាត និងមានអនាម័យមួយផងដែរ។

ទីក្រុង Oslo ប្រទេសន័រវ៉េស

៨.ទីក្រុង Freiburg ប្រទេសអាល្លឺម៉ង់

មិនត្រឹមតែជាប់ឈ្មោះជាទីក្រុងដែលពោរពេញទៅដោយពណ៌បៃតង ទាំងសួនច្បារ សួនផ្កា និងមានទីកន្លែងនានាពោរពេញទៅដោយបរិស្ថានបៃតងល្អជាចម្បងនោះទេ តែទីក្រុង Freiburg ប្រទេសអាឡឺម៉ង់ ក៏បានក្លាយជាទីក្រុងដែលមានបរិស្ថានល្អ និងបរិយាកាសស្រស់ស្រាយជាងគេ ដោយសារតែទាំងប្រជាជន និងរដ្ឋាភិបាលបានរួមគ្នាខិតខំថែរក្សាការពារបរិស្ថានបានយ៉ាងប្រសើរ។

ទីក្រុង Freiburg ប្រទេសអាឡឺម៉ង់

៧.ទីក្រុង Brisbane ប្រទេសអូស្ត្រាលី

បើទោះបីជាទីក្រុង Brisbane មិនសូវមានចំនួនប្រជាជនរស់នៅច្រើនយ៉ាងណាក៏ដោយ តែទីក្រុងនេះគឺជាមណ្ឌលសេដ្ឋកិច្ចដ៏ធំ និងមានវប្បធម៌ទំនើប ថែមទាំងបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឱ្យមកលេងកម្សាន្តជារៀងរាល់ឆ្នាំ។ នោះក៏ដោយសារតែរដ្ឋាភិបាលនៅក្នុងទីក្រុងនេះតែងតែមានសកម្មភាពជម្រុញ និងធ្វើយ៉ាងណាឱ្យទីក្រុងនេះមានសភាពស្រស់ស្អាត រួមទាំងបរិយាកាសល្អ និងអនាម័យល្អផងដែរ។

ទីក្រុង Brisbane ប្រទេសអូស្ត្រាលី

៦.ទីក្រុង Kobe ប្រទេសជប៉ុន

ទីក្រុង Kobe មិនត្រឹមតែមានឈ្មោះថាជាទីក្រុងដែលល្បីល្បាញខាងបច្ចេកវិទ្យាទំនើប និងទាន់សម័យមួយប៉ុណ្ណោះទេ តែក្រុងនេះក៏មាននូវប្រព័ន្ធគ្រប់គ្រងកាកសំណល់បានល្អ និងមានតំបន់ពោរពេញទៅដោយពណ៌បៃតងយ៉ាងច្រើនកន្លែង ដែលជាហេតុធ្វើឱ្យទីក្រុងមួយនេះគឺជាទីក្រុងដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាត និងមានអនាម័យល្អជាងគេ។

ទីក្រុង Kobe ប្រទេសជប៉ុន

៥.ទីក្រុង Stockholm ប្រទេសស៊ុយអែត

Stockholm គឺជាទីក្រុងដែលសម្បូរទៅដោយមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ រួមទាំងវប្បធម៌ និងមានប្រជាជនរស់នៅប្រមាណជា ៣.៤លាននាក់។ ទីក្រុងនេះមានមធ្យោបាយដឹកជញ្ជូន និងការធ្វើដំណើរដែលមានស្តង់ដារចូលរួមធ្វើការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ទាំងការបំពុលបរិស្ថានផងដែរ។ បន្ថែមពីនេះដោយសារតែប្រជាជន និងរដ្ឋាភិបាលបានសហការរួមគ្នានៅក្នុងការសម្អាតទីក្រុងផងដែរនោះ បានធ្វើឱ្យទីក្រុង Stockholm ជាប់ឈ្មោះជាទីក្រុងស្អាតជាងគេមួយក្នុងលោក។

ទីក្រុង Stockholm ប្រទេសស៊ុយអែត

៤.ប្រទេសសិង្ហបុរី

សិង្ហបុរីមិនត្រឹមតែជាប្រទេសមានការអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាស៊ីនោះទេ តែក៏បានជាប់ឈ្មោះជាប្រទេសដែលមានស្តង់ដាការរស់នៅល្អ ជាទីក្រុងស្អាត និងមានបរិស្ថានល្អផងដែរ។ នោះក៏ដោយសារតែប្រជាជននៅក្នុងប្រទេសនេះបានរួមគ្នាថែរក្សាអនាម័យ ស្រលាញ់បរិស្ថាន ជាពិសេសក៏ដោយសារតែច្បាប់ និងវិន័យដ៏តឹងរ៉ឹងនៅក្នុងប្រទេសនេះផងដែរ ដែលជាហេតុធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាទីក្រុងស្អាតមួយនៅក្នុងពិភពលោក។

ប្រទេសសិង្ហបុរី

៣.ទីក្រុង Adelaide ប្រទេសអូស្ត្រាលី

Adelaide គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសអូស្រា្តលីក្បែរទន្លេ Torrens ដែលមានប្រជាជនរស់នៅប្រមាណជា ១.៣០លាននាក់។ ទីក្រុងនេះពោរពេញទៅដោយបរិស្ថានល្អ បរិយាកាសស្រស់ស្រាយ ថែមទាំងមានប្រព័ន្ធគ្រប់គ្រងសម្រាមបានល្អផងដែរ ដោយក្នុងចំណោម កាកសំណល់ប្រមាណជា ៨៥% ក្នុងក្រុងនេះត្រូវបានកែច្នៃជារបស់ប្រើប្រាស់មានប្រយោជន៍ថ្មីយ៉ាងជោគជ័យ ដែលជាហេតុធ្វើឱ្យក្រុងនេះជាប់ជាទីក្រុងស្អាត និងមានអនាម័យជាងគេ។

ទីក្រុង Adelaide ប្រទេសអូស្ត្រាលី

២.ប្រទេសលុច្សស៊ាំបួរ

ប្រទេសលុច្សស៊ាំបួរ មានទីក្រុងស្ថិតនៅប៉ែកខាងត្បូងប្រទេស ត្រង់ប្រជុំទន្លេ Petrusse និងទន្លេ Alzette ដែលមានឈ្មោះថាជាទីក្រុងបៃតងមួយ ថែមទាំងជាប់ឈ្មោះជាបេះដូងបៃតងប្រចាំទ្វីបអឺរ៉ុបផងដែរ។ នោះក៏ដោយសារតែប្រទេសនេះមានប្រព័ន្ធគ្រប់គ្រងកាកសំណល់បានល្អ ហើយប្រជាជនសុទ្ធតែរួមគ្នាសម្អាត និងថែរក្សាទីក្រុងឱ្យស្រស់ស្អាត ថែមទាំងមានបរិយាកាសរស់នៅល្អផងដែរ។

ប្រទេសលុច្សស៊ាំបួរ

១.ទីក្រុង Calgary ប្រទេសកាណាដា

ទីក្រុង Calgary ត្រូវបានគេឱ្យចំណាត់ថ្នាក់ថាជាទីក្រុងស្អាត និងមានបរិស្ថានល្អជាងគេបំផុតនៅក្នុងលោក ដោយមានទីតាំងស្ថិតនៅក្នុងខេត្ត Alberta ប្រទេសកាណាដា រួមទាំងមានប្រជាជនរស់នៅប្រមាណជា ២.៣លាននាក់។ រដ្ឋាភិបាលនៅក្នុងទីក្រុងនេះ មាននយោបាយទាក់ទងនឹងសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការធ្វើការ ថែរក្សា និងសម្អាតបរិស្ថាន រួមទាំងធ្វើការទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ ឬបំពុលបរិយាកាសផងដែរ៕   

ទីក្រុង Calgary ប្រទេសកាណាដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]