បរទេស៖ ពេញមួយប្រវត្តិសាស្រ្ត ក្រុមជនអន្ធពាលជាច្រើនត្រូវបានបង្កើតឡើង។ ក្រុមខ្លះចាប់ផ្តើមដោយមានរបៀបវារៈដ៏អស្ចារ្យ តែបែរជាជួបបញ្ហាពុករលួយ ហើយធ្លាក់ខ្លួនក្លាយជាមេរោគសង្គមដ៏អាក្រក់បំផុតទៅវិញ។ សព្វថ្ងៃ មានក្រុមបងធំជាច្រើនជុំវិញពិភពលោក ប៉ុន្តែក្រុមទាំង៩ ខាងក្រោមនេះបានធ្វើឱ្យប្រទេសជាច្រើនចាប់អារម្មណ៍ខ្លាំងបំផុតប្រចាំឆ្នាំ ២០១៨៖

៩. ក្រុម Bloods

ក្រុមដែលបង្កើតឡើងនៅឆ្នាំ ១៩៧២ ក្នុងរដ្ឋឡូសអ៊ែនជេលេសនេះ ជារឿយៗ បែងចែកជាក្រុមតូចៗបន្តទៀត ដើម្បីបំពេញតួនាទីជាក់លាក់ និងមានការរៀបចំភារកិច្ចសម្រាប់សមាជិកថ្មីៗ។ សមាជិកនៃក្រុមនេះអាចសម្គាល់ដោយកន្សែងបង់-កក្រហម និងការស្លៀកពាក់ក្រហមជានិច្ច។  សមាជិកនីមួយៗអាចដឹងអត្តសញ្ញាណគ្នាដោយភាសាកាយវិការ  ភាសានិយាយ  គ្រឿងអលង្ការ  និងសាក់លើខ្លួន។ ក្រុម Bloods បានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ហើយបានធ្វើឱ្យសហរដ្ឋអាមេរិកចាប់អារម្មណ៍ខ្លាំង ព្រោះតែឥទ្ធិពលរបស់ពួកគេលើសុវត្ថិភាពរបស់ពលរដ្ឋ។  

ក្រុម Bloods

៨. ក្រុម Los Zetas

ប្រិយមិត្តធ្លាប់ស្រមៃដល់ក្រុមបងធំដែលមានប្រវត្តិជាយោធា ហ្វឹកហាត់បានល្អ ប្រើបច្ចេកវិទ្យាទំនើប និងសម្ងាត់បំផុតទេ? គឺក្រុមនេះហើយ! Los Zetas ជាក្រុមដែលមានប្រភព និងប្រតិបត្តិការនៅម៉ិចស៊ីកូ។ វាត្រូវបានបង្កើតឡើងដោយសមាជិកនៃទ័ពម៉ិចស៊ីកូដែលរត់ចោលជួរ។ ដំបូងឡើយ ពួកគេជាផ្នែកមួយនៃក្រុមហ៊ុនអន្តរជាតិនៅឈូងសមុទ្រ ហើយក្រោយមកឡើងធ្វើជាចៅហ្វាយដោយខ្លួនឯង និងក្លាយជាក្រុមបងធំដែលរដ្ឋាភិបាលជាច្រើនខ្លាចរអា។ ជំនាញរបស់ពួកគេរួមមាន ការធ្វើឃាត ចាប់ជំរិត ជួញដូរថ្នាំញៀន ការគម្រាមទារប្រាក់ និងជំនាញច្រើនទៀត។ ពួកគេប្រើកាំភ្លើងបាញ់បេ និង គ្រាប់រ៉ុកកែតដើម្បីវាយប្រហារ ក៏ដូចជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិផងដែរ។  

ក្រុម Los Zetas

៧. ក្រុម Aryan Brotherhood ឬ AB

នេះជាក្រុមបងធំក្នុងគុកដ៏ព្រៃផ្សៃបំផុតក្នុងពិភពលោក និងធ្វើប្រតិបត្តិការក្រៅជញ្ជាំងគុកផងដែរ។ ក្រុមដែលបង្កើតឡើងនៅឆ្នាំ ១៩៦៤ នេះបានចាក់ឬសក្នុងប្រព័ន្ធពន្ធនាគារនៃសហរដ្ឋអាមេរិកទៅហើយ។ ក្រុមនេះមានសមាជិកប្រមាណ ២០,០០០ នាក់ ហើយបាវចនារបស់ពួកគេគឺ “ចូលក៏ឈាម ចេញក៏ឈាម” ដែលបង្ហាញពីការស្រេកឃ្លានឈាមគ្មានដែនកំណត់។ ២១% នៃឃាតកម្មទាំងអស់ដែលកើតឡើងនៅអាមេរិកជាស្នាដៃរបស់សមាជិកក្រុមនេះ។  

ក្រុម Aryan Brotherhood ឬ AB

៦. ក្រុម 14K Triad

ក្រុមបងធំមួយនេះមានប្រភពដើមនៅប្រទេសចិន ប៉ុន្តែបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅប្រទេសជាច្រើនទៀត។ វាជាការប្រមូលផ្តុំមនុស្សដែលគ្មានធម៌មេត្តា និងធ្វើអ្វីៗដែលនឹកស្មានមិនដល់ដើម្បីផ្គាប់ចិត្តចៅហ្វាយ និងបន្តសកម្មភាពរបស់ខ្លួន។ ក្រុមនេះត្រូវបានបង្កើតនៅឆ្នាំ ១៩៤៩ ក្រោយសង្គ្រាមស៊ីវិលក្នុងប្រទេសចិន ហើយកាន់តែរីកធំទៅៗរហូតដល់សព្វថ្ងៃ ដែលមានសមាជិកដ៏ស្មោះស្ម័គ្រចំនួន ២ ម៉ឺននាក់។ ពួកគេជាប់ពាក់ព័ន្ធជាមួយការជួញដូរផ្លូវភេទ ការប្លន់ប្រដាប់អាវុធ ការជួញដូរយានយន្ត ការជួញដូរមនុស្ស ការជួញដូរអាវុធ ការជួញដូរថ្នាំញៀន និងច្រើនជាងនេះទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់ទាំងក្រៀមក្រំនោះគឺ មានពាក្យចចាមអារ៉ាមថា ពួកគេមានជនបង្កប់ក្នុងកងកម្លាំងប៉ូលិសទៀតផង។ ដូច្នេះបើចង់ចាប់ គឺមិនអាចទៅរួចឡើយ។

ក្រុម 14K Triad

៥. ក្រុម Crips

ក្រុមបងធំ អាហ្វ្រិក-អាមេរិក នេះធ្លាប់មានឈ្មោះថា Baby Avenues និងមានទីតាំងនៅរដ្ឋឡូសអ៊ែនជេលេស។  ក្រុមដែលមានសមាជិកប្រមាណ ៣០,០០០ នាក់ ឬលើសនេះត្រូវបានគេស្គាល់ថាជាក្រុមដ៏ហិង្សាបំផុតមួយនៅអាមេរិក និងពិភពលោកបច្ចុប្បន្ន។ សកម្មភាពសំខាន់ៗរបស់ពួកគេរួមមាន ឃាតកម្ម ការជួញដូរថ្នាំញៀន ការប្លន់ និងការឆក់។

ក្រុម Crips

៤. ក្រុម Latin Kings

ក្រុមនេះមានទីតាំងនៅរដ្ឋឈីកាហ្គោ និងប្រមូលផ្តុំភាគច្រើនដោយប្រជាជនឡាទីន។ ដំបូងឡើយ គេបង្កើតក្រុមនេះក្នុងបំណងល្អទេ គឺដើម្បីលើកកម្ពស់វប្បធម៌ឡាទីន ក៏ដូចជាអភិរក្សវានៅទ្វីបអាមេរិក។ ទោះយ៉ាងណា គំនិតជាច្រើនដែលនាំឱ្យមានការដើរផ្លូវខុសបានកើតមាន និងបានបំផ្លាញគោលបំណងនោះ រួចក៏ក្លាយជាក្រុមដ៏ឃោរឃៅបំផុតមួយនាពេលបច្ចុប្បន្ន ព្រមទាំងមានសមាជិកសរុបប្រមាណ ៤៣,០០០ នាក់។ ពួកគេក៏បង្កើតកូដសម្ងាត់ក្នុងការទំនាក់ទំនង ដើម្បីឱ្យដឹងថាអ្នកណាជាមិត្ត ហើយអ្នកណាជាសត្រូវ។ ដោយសហការណ៍ជាមួយក្រុមភេរវជនដ៏ល្បីបំផុតមួយចំនួន ក្នុងរយៈពេលច្រើនឆ្នាំមកនេះ សកម្មភាពទាំងអស់របស់ពួកគេបានបញ្ចប់ដោយការបង្ហូរឈាមដ៏សម្បើម។ ប្រភពហិរញ្ញវត្ថុដ៏ធំរបស់ពួកគេគឺ ការជួញដូរថ្នាំញៀន និងបទល្មើសជាច្រើនទៀត។ រីឯរបៀបស្លៀកពាក់គឺត្រូវមានពណ៌ខ្មៅនិងពណ៌មាស។  

ក្រុម Latin Kings

៣. ក្រុម 18th Street Gang

គេស្គាល់ឈ្មោះក្រុមដ៏ល្បីនេះថា “Barrio 18” ខណៈអ្នកខ្លះទៀតស្គាល់ថាជាក្រុម “Marra-18”។ ក្រុមនេះមានសមាជិកប្រមាណ ៦៥,០០០ ពីជាតិសាសន៍ខុសៗគ្នា និងបង្កើតឡើងនៅឆ្នាំ ១៩៦០ ក្នុងរដ្ឋឡូសអ៊ែនជេលេស។ ច្រើនឆ្នាំមកនេះ វាបានរីករាលដាលដល់កន្លែងជាច្រើនក្នុងប្រទេសម៉ិចស៊ីកូ និងអាមេរិកកណ្តាល។ សកម្មភាពធំៗនៃក្រុមនេះជាប់ពាក់ព័ន្ធទៅនឹងពេស្យាចារ ឃាតកម្ម ជួញដូរថ្នាំញៀន ចាប់ជំរិត និងការគម្រាមយកប្រាក់។ វិធីដែលសមាជិកភាគច្រើនសម្គាល់គ្នាទៅវិញទៅមកគឺ មានលេខ១៨ លើសម្លៀកបំពាក់។ ក្នុងចំណោមក្រុមបងធំដែលប្រមូលផ្តុំដោយយុវជន ក្រុមនេះសាហាវបំផុត។

ក្រុម 18th Street Gang

២. ក្រុម Mara Salvatrucha

នេះជាក្រុមដ៏ព្រៃផ្សៃផុតលេខបំផុតមួយក្នុងពិភពលោកបច្ចុប្បន្ន ដែលមានទីតាំងនៅប្រទេស អែលសាលវ៉ាឌ័រ ហើយមានឥទ្ធិពលដល់ថ្នាក់គ្រប់គ្រងរដ្ឋាភិបាលទៀតផង។ វាពិតជាគួរឱ្យខ្លាចណាស់ ព្រោះបើពួកគេបញ្ជារដ្ឋាភិបាលទៅហើយ តើបានអ្នកណាការពារប្រជាជន? ក្រុមនេះត្រូវបានបង្កើតឡើងក្នុងរដ្ឋឡូសអ៊ែនជេលេស ដោយជនអន្តោប្រវេសន៍មកពីប្រទេស អែលសាលវ៉ាឌ័រ និងមានសមាជិកដ៏ស្មោះស្ម័គ្រប្រមាណ ៧០,០០០ នាក់ ហើយប្រមាណ ១ ម៉ឺននាក់មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ឈ្មោះដ៏ល្បីដែលគេច្រើនតែស្គាល់គឺ MS-13។ ក្រុមនេះមិនធ្វើអ្វីលំៗឡើយ ដែលសូម្បីតែសមាជិកចូលដំបូងក៏ត្រូវឆ្លងកាត់ការហ្វឹកហាត់យោធាដែរ។ ពួកគេប្រើផ្គាក់ និងគ្រាប់បែកដៃដើម្បីវាយប្រហារ។

ក្រុម Mara Salvatrucha

១. ក្រុម Yakuza

ក្រុមដែលចាក់ឬសយ៉ាងជ្រៅក្នុងប្រទេសជប៉ុននេះ មានភាពចំណាស់ខ្លាំង និងសមាជិកដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ១០២,០០០នាក់ ដែលបង្កការភ័យខ្លាចទូទាំងពិភពលោក។ ដើម្បីចូលក្រុមនេះ សមាជិកត្រូវកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារ ហើយស្មោះស្ម័គ្រចំពោះចៅហ្វាយតែម្នាក់គត់។ អ្វីដែលក្រុមនេះជំនាញបំផុតគឺ សម្លាប់គ្មានញញើត៕

ក្រុម Yakuza

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]