បណ្តាញទំនាក់ទំនងសង្គម ជាពិសេស គឺហ្វេសប៊ុក ដែលពេញនិយមបំផុតសម្រាប់សព្វថ្ងៃនេះ អ្នកណាៗក៏ប្រើប្រាស់វាដែរ មិនថាតែក្មេងៗជំទង់ ដល់មនុស្សវ័យចំណាស់នោះទេ។

ដោយសារតែ បណ្តាញសង្គមមួយនេះ ជាកម្មវិធីទូលំទូលាយ និងមានមនុស្សរាប់លាននាក់ទូទាំងប្រទេសប្រើប្រាស់វា អ្នកគួរតែគិតឱ្យបានដិតដល់មុននឹងធ្វើការសរសេរ ចែករំលែក ឬធ្វើអ្វីមួយនៅលើបណ្តាញសង្គមទាំងនោះ ដោយត្រូវគិតពីចំនុចអវិជ្ជមានជាមុនសិន។

ដូច្នេះយើងនឹងលើកយកចំណុចមិនល្អមួយចំនួន ដែលបណ្តាញទំនាក់ទំនងសង្គមអាចបំផ្លាញ និងប៉ះពាល់ដល់ជីវិតរស់នៅ ព្រមទាំងសុខភាពផ្លូវចិត្តរបស់អ្នកសព្វថ្ងៃបានដូចខាងក្រោមនេះ៖

១. មានការប្រៀបធៀប

ដោយសារតែ បណ្តាញទំនាក់ទំនងសង្គមមិនត្រឹមតែជាកន្លែងដែលចែករំលែកទូលំទូលាយនោះទេ តែវាក៏ជាកន្លែងដែលបើកបង្ហាញ ឬអូតអាងពីជីវិតរស់នៅប្រចាំថ្ងៃ និងការប្រើប្រាស់របស់របរផ្សេងៗផងដែរ។

នៅពេលដែលអ្នកបានឃើញពីការរស់នៅរបស់អ្នកផ្សេងល្អជាងអ្នក អ្នកអាចនឹងមានចិត្តគិតច្រណែន អន់ចិត្ត និងអស់សង្ឃឹមពីជីវិតខ្លួនឯងដែលមិនប្រសើរជាងគេ។ វាបានធ្វើឱ្យអ្នកចេះប្រៀបធៀបខ្លួនឯង ជាមួយមនុស្សជុំវិញ និងមិត្តភក្តិដទៃទៀត ហើយពេលខ្លះអ្នកក៏អាចត្រូវអ្នកនៅក្នុងបណ្តាញសង្គមមើលងាយស្ថានភាពរបស់អ្នកក៏ថាបាន។

មានការប្រៀបធៀប

២. ប៉ះទង្គិចដល់អតីតកាល

ដូចដែលបានរៀបរាប់មុនៗ បណ្តាញសង្គមជាកន្លែងទូលំទូលាយអ្នកណាចង់សរសេរអ្វី ចែករំលែករូបអ្វីក៏បាន ហើយពេលខ្លះអ្នកអាចនឹងបានឃើញនូវអ្វីដែលចង់ឃើញ ឬមិនចង់រំម្លឹកជាដើម។

បន្ថែមពីនោះ ការលោតពី Memory (រឿងពីមុនៗ) នៅក្នុងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម អាចធ្វើឱ្យអ្នកនឹកឃើញពីភាពឈឺចាប់ ឬរូបភាពដែលអ្នកចង់បំភ្លេចមួយចំនួនក៏ថាបាន។

ប៉ះទង្គិចដល់អតីតកាល

៣. ព័ត៌មានមិនច្បាស់ការណ៍

សព្វថ្ងៃនេះ មនុស្សភាគច្រើនបានផ្តោតសំខាន់ទៅលើកម្មវិធីបណ្តាញទំណាក់ទំនងសង្គមមួយនេះ។ ជាពិសេស គឺតាមដានព័ត៌មានតែម្តង ដោយសារតែពួកគេយល់ថាងាយស្រួល និងឆាប់រហ័ស។

ប៉ុន្តែមានភស្តុតាងជាច្រើនបានបង្ហាញថា បណ្តាញសង្គមគឺជាកន្លែងដែលប្រមូលផ្តុំព័ត៌មានគ្រប់យ៉ាង មិនថាតែព៍ត៌មានពិត និងព័ត៌មានក្លែងក្លាយនោះទេ ដែលជាហេតុធ្វើឱ្យអ្នកអាចទទួលបានដំណឹង មិនច្បាស់ការណ៍ ឬព័ត៌មានក្លែងបន្លំបានដោយងាយ។ នៅពេលខ្លះអ្នកថែមទាំងឈឺក្បាល និងច្របូកច្របល់ជាមួយនឹងព័ត៌មាន ដែលមិនដឹងថាមួយណាពិត ឬមួយណាមិនពិតផងដែរ។

ព័ត៌មានមិនច្បាស់ការណ៍

៤. រាំងស្ទះគោលដៅជីវិត

បណ្តាញទំនាក់ទំនងសង្គម តម្រូវឱ្យមនុស្សរស់នៅ និងសម្តែងភាពឥតខ្ចោះបំផុតដើម្បីបង្ហាញទៅកាន់មនុស្សរាល់គ្នា ដែលនាំឱ្យយើងភ្លេចថាជីវិតពិតរបស់ខ្លួនឯងជាអ្វី យើងកំពុងតែរស់នៅក្នុងស្ថានភាពបែបណា។ ហើយពេលខ្លះអាចធ្វើឱ្យរាំងស្ទះដល់កិច្ចការដែលអ្នកត្រៀមនឹងធ្វើផងដែរ ព្រោះតែរវល់តែសម្របខ្លួនឱ្យត្រូវនឹងសង្គមអ៊ីនធើណែត ថែមទាំងអាចកើតជំងឺញៀនកម្មវិធីសង្គមអនឡាញ ដែលជាហេតុធ្វើឱ្យអ្នកអាចមានបញ្ហាផ្លូវចិត្តបាន។

រាំងស្ទះគោលដៅជីវិត

៥. មនុស្សច្រើនណាស់តាមដានអ្នក

ជឿថាអ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះតែចង់មានមិត្ត ឬមានទំនាក់ទំនងផ្សេងៗជាមួយមនុស្សជុំវិញខ្លួន។ តែអ្នកមិនបានដឹងទេថា អ្នកណាជាមនុស្សល្អ អ្នកណាជាមនុស្សមិនល្អ ហើយអ្នកណាខ្លះដែលកំពុងតែតាមដានអ្នកនោះទេ។

ដូច្នេះការសរសេរ ចែករំលែករូបភាព និងបង្ហាញស្ថានភាពការរស់នៅប្រចាំថ្ងៃ ព្រមទាំងទីតាំងដែលអ្នកកំពុងតែស្ថិតនៅ នៅក្នុងបណ្តាញសង្គម អាចធ្វើឱ្យអ្នកប្រឈមមុខនឹងមនុស្សដែលមានបំណងមិនល្អផ្សេងៗ ថែមទាំងអាចកើតមានអំពើចោរកម្មផងដែរ។

អ្វីដែលសំខាន់អាចមានមនុស្សមួយចំនួន ដែលមានបំណងមិនល្អ ចែករំលែកសារ ​ឬយករូបភាពរបស់អ្នកទៅបង្ហោះចែកចាយបន្ត ដែលអាចប៉ះពាល់ដល់ជីវិត ការរស់នៅ និងរឿងផ្ទាល់ខ្លួនរបស់អ្នកបាន។ មានមនុស្សច្រើនណាស់ដែលមានបញ្ហាដោយសារតែបណ្តាញសង្គម។ ​ពេលខ្លះអាចមានរឿងទាក់ទងនឹងគ្រួសារ ជម្លោះជាមួយមនុស្សជុំវិញជាពិសេសមិត្តភក្តិ ឬមនុស្សជាទិស្រលាញ់ និងពេលខ្លះធ្ងន់ធ្ងរដល់កើតបញ្ហាធ្វើអត្តឃាតក៏មាន។ 

មនុស្សច្រើនណាស់តាមដានអ្នក

៦. កើតមានអារម្មណ៍ធុញថប់ និងឯកា

បណ្តាញសង្គម បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រលាញ់ និងមនុស្សនៅជុំវិញផងដែរ។ នោះក៏ដោយសារតែម្នាក់ៗញៀននឹងការប្រើប្រាស់បណ្តាញសង្គមខ្លាំងពេក រហូតដល់ចំណាយពេលវេលា និងឱ្យតម្លៃគ្រឿងអេឡិចត្រូនិចជាជាងមនុស្សដែលនៅជិតខ្លួន ថែមទាំងភ្លេចថាខ្លួនកំពុងតែនៅជាមួយអ្នកណាទៀតផង។

ទង្វើបែបនេះធ្វើឱ្យកើតមានបញ្ហាធុញទ្រាន់នឹងគ្នា អាក់អន់ចិត្តនឹងគ្នា ថែមទាំងធ្វើឱ្យភាគីម្ខាងទៀតកើតមានអារម្មណ៍ឯកាផងដែរ។

កើតមានអារម្មណ៍ធុញថប់ និងឯកា

៧. ចំណាយពេលវេលាឥតប្រយោជន៍ច្រើន

តាមការសិក្សាបានបង្ហាញថា មនុស្សគ្រប់រូបបានចំណាយពេលវេលារបស់ខ្លួនឯងច្រើនណាស់ ជាមួយនឹងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ជាពិសេសគឺវ័យជំទង់ ដល់វ័យកណ្តាល។ ការចំណាយពេលវេលានៅក្នុងសង្គមអនឡាញហួសកម្រិតច្រើនពេក ធ្វើឱ្យអ្នកខកខានបានធ្វើកិច្ចការជាច្រើនដែលត្រូវបំពេញ អាចកើតរោគញៀនអនឡាញដោយប្រើប្រាស់ច្រើនម៉ោងដោយមិនដឹងខ្លួន ជាពិសេស អ្នកអាចនឹងកើតបញ្ហាផ្លូវចិត្ត និងប៉ះពាល់ដល់សុខភាពខួរក្បាលផងដែរ៕   

ចំណាយពេលវេលាឥតប្រយោជន៍ច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]