ជប៉ុន៖ លោកតា Masazo Nonaka ត្រូវបានគេស្គាល់ និងចាត់ទុកថា ជាបុរសដែលមានវ័យចំណាស់ជាងគេបង្អស់លើពិភពលោក បានធ្វើខួបឈានចូលវ័យ១១៣ឆ្នាំ កាលពីថ្ងៃពុធ ទី២៥ កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកតា Masazo Nonaka បានប្រារព្ធធ្វើពិធីខួបកំណើតរបស់គាត់ ជាមួយនឹងគ្រួសារកូនចៅ នៅឯស្រុកកំណើត ក្នុងទីក្រុង Ashoro កោះ Hokkaido ប្រទេសជប៉ុន។

ទន្ទឹមនឹងការធ្វើខួបឈានចូលវ័យ១១៣ឆ្នាំនេះដែរ លោកតា Nonaka ក៏ធ្លាប់បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ពី Guinness World Records ឬឯតទគ្គកម្មពិភពលោក កាលពីកំឡុងខែមេសា កន្លងទៅនេះ ដែលជាមនុស្សមានវ័យចំណាស់ជាងគេបង្អស់លើពិភពលោក ស្នងតំណែងបន្ត បន្ទាប់ពីការស្លាប់របស់លោកតា Francisco Núñez Olivera សញ្ជាតិអេស្ប៉ាញ ត្រឹមអាយុ១១៣ឆ្នាំ កាលពីដើមឆ្នាំ២០១៨នេះ។

លោកតា Masazo Nonaka

ជាទម្លាប់ប្រចាំថ្ងៃ លោកតា Nonaka ត្រូវបានគេរាយការណ៍ថា គាត់គឺជាមនុស្សចាស់ម្នាក់ ដែលនិយមចូលចិត្តទស្សនាកីឡាស៊ូម៉ូ ឬបោកចំបាប់ (Sumo) តាមទូរទស្សន៍ និងអានកាសែត។

ដោយឡែក ដើម្បីទទួលបានអាយុវែង និងសុខភាព វាគឺជារឿងងាយៗបំផុតសម្រាប់លោកតា Naonaka ព្រោះជាក់ស្ដែង លោកតាតែងទទួលទានអាហារដែលមានជាតិផ្អែម និងងូតឬត្រាំទឹកក្តៅតែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា លោកតា Nonaka កើតនៅថ្ងៃទី២៥ កក្កដា ឆ្នាំ១៩០៥ ដោយមានបងប្អូនប្រុសចំនួន៦នាក់ និងបងប្អូនស្រីម្នាក់។ នៅក្នុងឆ្នាំ១៩៣១ លោកតាបានរៀបការជាមួយនឹងលោកយាយ Hatsuno ដោយទទួលបានចំណងដៃកូនៗចំនួន៥នាក់ផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងសារព័ត៌មាន ABC News ចៅស្រីរបស់លោកតា Nonaka ម្នាក់ បាននិយាយថា ការរស់នៅសព្វថ្ងៃរបស់លោកតា Nonaka គឺបែប Lifestyle ដោយមិនខ្វល់ពីអ្វីទាំងអស់។ សេរីភាពគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់លោកតា Nonaka ។ គាត់រស់នៅតាមអ្វីដែលគាត់ចង់បាន ហើយគាត់ក៏តែងតែធ្វើអ្វី តាមដែលគាត់ចង់ធ្វើដែរ។

ចៅស្រីខាងលើបន្តថា៖ «ពួកយើងគឺជាគ្រួសារមួយ ដែលមានភាពជិតស្និទ្ធនឹងគ្នា ហើយគ្រួសារទាំងមូលគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់លោកតា Nonaka ។ នៅក្នុងខួប ១១៣ឆ្នាំ ឆ្នាំនេះ លោកតាក៏ទទួលបានអាហារផ្អែម (នំ ស្ករគ្រាប់...) និងអំណោយជាច្រើនផ្សេងទៀត ពីកូនចៅសាច់ញាតិផងដែរ»

ទស្សនាវីដេអូខាងក្រោម៖

លោកតា Masazo Nonaka

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]