«កុមារជាទំពាំងស្នងប្ញស្សី » ហើយប្រសិនជាចង់ឱ្យក្មេងៗជំនាន់ក្រោយក្លាយជាសសរទ្រូងនៃប្រទេសជាតិ មនុស្សធំៗ ឬអាណាព្យាបាលគប្បីប្រៀនប្រដៅ និងទូន្មានអប់រំពួកគេឱ្យដើរលើផ្លូវត្រឹមត្រូវជាមុនសិន ពោលគឺត្រូវចាប់ផ្តើមបណ្តុះបណ្តាលស្មារតីចាប់ពីនៅក្មេងៗតូចៗទៅទើបជាការប្រសើរ។ នោះក៏ដោយសារតែក្មេងៗប្រៀបបីដូចជាការក្រដាសពណ៌.ស.ស្អាត បើគ្រូបង្រៀនទីមួយដែលជាឪពុកម្តាយណែនាំ និងបង្រៀនមកកាន់ផ្លូវត្រឹមត្រូវ ភាគរយខ្ពស់ណាស់ដែលកូនៗរបស់លោកអ្នកនឹងក្លាយទៅជាមនុស្សមួយរូបនៅពេលដែលពួកគេធំធាត់ឡើង។

ដូច្នេះចង់ឱ្យកូនៗក្លាយជាមនុស្សល្អ និងស្ថិតក្រោមការអប់រំខ្ពស់ អ្នកដែលជាម្តាយឪពុក ឬអាណាព្យាបាលគួរគប្បីធ្វើអំពើជាគំរូល្អៗដល់ក្មេងៗឱ្យពួកគេធ្វើតម្រាប់តាម ដោយទង្វើទាំងអស់នេះ៖

១.មានទំនាក់ទំនងល្អក្នុងគ្រួសារ

ការមានទំនាក់ទំនងល្អរវាងឪពុកម្តាយ និងកូនៗជាទង្វើមួយដែលគ្រួសារគ្រប់រូបត្រូវតែធ្វើ ដើម្បីឱ្យកូនៗមានភាពកក់ក្តៅក្នុងចិត្ត ទទួលបានការស្រលាញ់ថ្នាក់ថ្នម រួមទាំងអាចតាមដានការរស់នៅប្រចាំថ្ងៃ និងអាចជួយដោះស្រាយបញ្ហារបស់ពួកគេផងដែរ។

មានទំនាក់ទំនងល្អក្នុងគ្រួសារ

២. រស់នៅក្នុងស្ថានភាពមួយដែលល្អ

មាន ឬក្រមិនមែនជាកត្តាសំខាន់ណាស់ណានោះទេ តែអ្វីដែលគួរតែគិតដល់នោះ គឺទង្វើ និងសកម្មភាពប្រចាំថ្ងៃរបស់អ្នកដែលជាអាណាព្យាបាល ឬឪពុកម្តាយទៅវិញទេ។ កូនៗនឹងមើលទៅលើទង្វើរបស់មនុស្សចាស់ និងសិក្សារៀនសូត្រដោយស្ងាត់ដោយការបញ្ជៀបនៅក្នុងខ្លួនពួកគេបន្តិចម្តងៗ។ ដូច្នេះចង់ឱ្យកូនៗរៀនចេះចំណេះដឹងថ្មីៗ ឬធ្វើទង្វើដែលត្រឹមត្រូវ អ្នកជាឪពុកម្តាយត្រូវតែធ្វើសកម្មភាពបែបនោះឱ្យពួកគេមើលជាមុនសិន មិនថាទាក់ទងនឹងរបបអាហារ ទម្លាប់រស់នៅល្អ ការប្រើពាក្យសម្តីប្រចាំថ្ងៃ រួមទាំងសកម្មភាពផ្សេងៗនោះទេ។

រស់នៅក្នុងស្ថានភាពមួយដែលល្អ

៣.បញ្ឈប់សកម្មភាពក្រេវក្រោធ (ខឹង)

រាល់ពេលមានបញ្ហា ស្ត្រេស និងមានកំហឹងផ្សេងៗ ជឿថាពេលខ្លះវាពិបាកនឹងអត់ទ្រាំមិនមួរម៉ៅមិនបានណាស់ តែវាជាមេរៀនដំបូងដែលជាឪពុកម្តាយត្រូវតែទ្រាំដើម្បីអនាគតកូនៗ។ មិនថាមានរឿងអ្វីនោះទេ អ្នកមិនត្រូវខឹង ច្រឡោត ជះកំហឹង ឬស្រែកគំហកឱ្យកូនៗនោះឡើយ ព្រោះវាអាចធ្វើឱ្យក្មេងភ័យខ្លាច និងអាចឆ្លងអត្តចរិតបែបនេះពីអ្នកបានដោយពួកគេគិតថាជាទម្លាប់ទៅហើយ។

បញ្ឈប់សកម្មភាពក្រេវក្រោធ (ខឹង)

៤. ក្លាហាន និងស្មោះត្រង់

នៅពេលម្តាយឪពុកបញ្ចេញភាពក្លាហាននៅក្នុងការធ្វើអ្វីមួយ ឬការសម្រេចចិត្តផ្សេងៗ នោះកូនៗនឹងរៀនតាមអ្នកនូវទង្វើបែបនេះដែរ។ អ្វីដែលសំខាន់ម្យ៉ាងទៀតគឺភាពស្មោះត្រង់ ប្រសិនជាអ្នកចេះកុហក កូនៗរបស់អ្នកនឹងចេះកុហកតាមអ្នក ដូច្នេះចង់ឱ្យកូនៗល្អៗអ្នកត្រូវបង្រៀន និងបង្ហាញពីភាពស្មោះត្រង់របស់អ្នកទៅកាន់កូនៗ ឬធ្វើទង្វើស្មោះត្រង់នេះដោយផ្ទាល់ឱ្យកូនៗអ្នកឃើញក៏ជាការល្អដែរ។

ក្លាហាន និងស្មោះត្រង់

៥.ហាមប្រើអំពើហិង្សា

ម្តាយឪពុកគ្រប់រូបតែងតែមានពាក្យមួយពោលថា « ស្រលាញ់កូនចៅឱ្យវាយ» ហើយពួកគេយល់ថា ដោយសារតែការវាយដំរាល់ពេលអាចធ្វើឱ្យកូនៗក្លាយជាមនុស្សល្អ។ តែការប្រើអំពើហិង្សាមានចំណុចអវិជ្ជមានច្រើនជាងវិជ្ជមាន ព្រោះការវាយដំប្រើនឹងធ្វើឱ្យកូនៗធ្លាក់ក្នុងសភាពភ័យខ្លាច និងដិតជាប់ទិដ្ឋភាពទាំងនេះ ដែលអាចឈានទៅរកការប្រើអំពើហិង្សានៅពេលធំឡើង ឬប្រើជាមួយមិត្តភក្តិ និងមនុស្សជុំវិញខ្លួនជាដើម។ ដូច្នេះអ្នកត្រូវរៀនដោះស្រាយបញ្ហាដោយសន្តិវិធី ដោយការនិយាយពន្យល់កូនៗដោយហេតុផលដែលសមសម្រប ប្រាប់កំហុសរបស់ពួកគេ និងធ្វើការប្រៀនប្រដៅដើម្បីកុំឱ្យមានបញ្ហាបែបនេះកើតឡើងទៀត។

ហាមប្រើអំពើហិង្សា

៦.គោរពអ្នកដទៃ

ពាក្យចាស់ពោលថា ចង់ឱ្យគេគោរពយើង យើងត្រូវគោរពអ្នកដទៃជាមុនសិន។ ហើយការគោរពចំពោះមនុស្សនៅជុំវិញខ្លួនជាទម្លាប់ និងចរិតដ៏ល្អមួយដែលអ្នកត្រូវតែធ្វើការបង្រៀនកូនៗរបស់អ្នក។ ដូច្នេះត្រូវរៀនស្គាល់ពីតម្លៃរបស់មនុស្សជុំវិញ គោរពស្រលាញ់មនុស្សទាំងអស់គ្រប់ៗគ្នាដោយមិនធ្វើការរើសអើង ជាពិសេសមិនត្រូវពិចារណា ឬមើលមនុស្សណាម្នាក់ត្រឹមតែសម្បកក្រៅនោះឡើយ។ ការធ្វើទង្វើបែបនេះឱ្យកូនៗឃើញ នឹងធ្វើឱ្យពួកគេរៀនតាមអ្វីដែលអ្នកធ្វើ។

គោរពអ្នកដទៃ

៧.តស៊ូ និងខ្នះខ្នែងនូវអ្វីដែលខ្លួនស្រលាញ់

ចំណុចនេះមិនមែនឱ្យកូនៗធ្វើអ្វីដែលអ្នកចង់បាននោះទេ ផ្ទុយទៅវិញអ្នកត្រូវតែបង្រៀន និងបង្ហាញឱ្យកូនៗឃើញថា ឪពុកម្តាយគឺជាមនុស្សដែលព្យាយាមតស៊ូ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីជីវិត អនាគត ឬអ្វីដែលប៉ងប្រាថ្នាដោយមិនរាថយ។ ដូច្នេះនៅពេលដែលកូនៗឃើញឪពុកម្តាយជាមនុស្សបែបនេះ អាចបង្រៀនគេឱ្យចេះក្លាហាន តស៊ូ និងមានសេចក្តីព្យាយាមនៅក្នុងជីវិត ដើម្បីអ្វីដែលខ្លួនចង់បានឱ្យបានសម្រេចដូចជាម្តាយឪពុករបស់គេដែរ។

តស៊ូ និងខ្នះខ្នែងនូវអ្វីដែលខ្លួនស្រលាញ់

៨.សប្បាយរីករាយជានិច្ច

អ្នកជាឪពុកម្តាយត្រូវតែបង្ហាញភាពរីករាយ និងក្តីស្រលាញ់ចំពោះកូនៗគ្រប់រូប ឱ្យអស់ពីបេះដួង ដោយការនិយាយប្រាប់ លួងលោម ឱប និងថើបជាដើម។ ការបង្ហាញក្តីស្រលាញ់បែបនេះអាចធ្វើឱ្យកូនៗសប្បាយចិត្ត និងមានក្តីសុខ ហើយការមានក្តីសុខក្នុងគ្រួសារនេះអាចធ្វើឱ្យកូនៗរបស់អ្នកជាមនុស្សស្រស់ស្រាយ ថែមទាំងអាចចែករំលែកក្តីស្រលាញ់ចំពោះមនុស្សជុំវិញទៀតផង។

សប្បាយរីករាយជានិច្ច

៩.កុំខ្លាចទទួលស្គាល់កំហុស

គ្មានអ្នកណាម្នាក់កើតមកហើយមិនធ្លាប់ខុសសោះនោះទេ តែមនុស្សចាស់ភាគច្រើននៅចំពោះមុខក្មេងៗតែងតែសម្តែងទង្វើមិនចេះទទួលស្គាល់កំហុសខ្លួនឯង ថែមទាំងពេលខ្លះទម្លាក់ដាក់អ្នកផ្សេង ឬកូនៗថែមទៀតផង ដោយសារតែខ្លាចខ្លួនឯងអន់។ តែការពិតទៅការទទួលស្គាល់កំហុសរបស់ខ្លួនឯងជារឿងល្អទៅវិញទេ ដោយសារតែអ្នកអាចបង្ហាញប្រាប់ឱ្យកូនៗរបស់អ្នកចេះរៀនក្លាហានហ៊ានដឹងកំហុស ប្រឈមមុខនឹងបញ្ហា និងជាមេរៀនឱ្យពួកគេចៀសវាងការខុសឆ្គងនៅថ្ងៃក្រោយ៕

កុំខ្លាចទទួលស្គាល់កំហុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]