ចិន៖ និស្សិតពេទ្យស្រីវ័យក្មេងជនជាតិចិន មកពីទីក្រុង Jinzhou ខេត្ត Liaoning ប្រទេសចិនម្នាក់ ថ្មីៗនេះទទួលបានការកោតសរសើរជាខ្លាំង នៅលើបណ្តាញសង្គម ក្រោយក្លាហានចូលខ្លួនទៅជួយសង្គ្រោះបុរសវ័យចំណាស់ម្នាក់ ដែលបានខ្យល់គដួលសន្លប់ នៅឯស្ថានីយរថភ្លើង។

និស្សិតពេទ្យ នាង Ding Hui

ស្រីស្អាតរូបស្រស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ding Hui គឺជានិស្សិតពេទ្យម្នាក់ នៅសាកលវិទ្យាល័យ Jinzhou Medical University ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ ពោលគឺកាលពីចុងសប្តាហ៍មុននេះ Ding Hui នាងត្រូវបានគេរាយការណ៍ថា បានឈររង់ចាំរថភ្លើង នៅឯទីតាំងចំណតស្ថានីយរថភ្លើង Jinzhou South Railway Station ដើម្បីជិះធ្វើដំណើរត្រលប់ទៅផ្ទះរបស់នាងវិញ។

ខណៈពេលដែលកំពុងរង់ចាំជិះរថភ្លើង Ding នាងក៏ស្រាប់តែឭគេផ្អើលថា មានបុរសវ័យចំណាស់អាយុ៨១ម្នាក់ បានគាំងបេះដូង ដួលសន្លប់នៅតាមផ្លូវដើរក្បែរស្ថានីយ (បុគ្គលិកនៅស្ថានីយរថភ្លើងប្រកាសដាក់មេក្រូ ដើម្បីសុំជំនួយពីគ្រូពេទ្យ) ទើបដោយមិនបង្អង់យូរ Ding នាងក៏បានស្ទុះទៅមើលតែម្តង។ នេះបើយោងតាមការរាយការណ៍ពីកាសែត South China Morning ។

សកម្មភាពជួយសង្គ្រោះរបស់ នាង Ding Hui

ភ្លាមៗពេលទៅដល់ Ding នាងក៏បានជួយធ្វើចលនាបេះដូង ឬហៅថា CPR ដោយយកដៃសង្កត់ចុះឡើងៗ លើដើមទ្រូងលោកតារងគ្រោះ លក្ខណៈជាការជួយសង្គ្រោះបឋម និងបន្ទាប់មក នាងក៏បានផ្លុំខ្យល់ចូលមាត់លោកតារងគ្រោះ (មាត់ទល់មាត់) ដោយរយៈពេល១០នាទីក្រោយមក បុរសចំណាស់ខាងលើនេះ ក៏បានដឹងខ្លួនវិញ។

Ding ត្រូវបានគេរាយការណ៍ថា នាងបន្តនៅជាមួយនឹងលោកតារងគ្រោះខាងលើនេះ រហូតទាល់តែខាងក្រុមគ្រូពេទ្យមកដល់ ដើម្បីជួយមើលថែគាត់ជាបន្ត ហើយក៏ជាហេតុធ្វើឲ្យ Ding បានខកខានជើងរថភ្លើងធ្វើដំណើររបស់នាងផងដែរ។

ថ្លែងប្រាប់កាសែតក្នុងស្រុក និស្សិតពេទ្យស្រីចិត្តធម៌រូបនេះ បាននិយាយថា៖ «វាគឺជាកាតព្វកិច្ចរបស់ពួកយើង ក្នុងនាមជានិស្សិតពេទ្យ ឬបុគ្គលិកពេទ្យម្នាក់ ដើម្បីជួយសង្គ្រោះដល់អ្នកដែលកំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់»

សកម្មភាពជួយសង្គ្រោះរបស់ នាង Ding Hui

តាមការចុះផ្សាយពីសារព័ត៌មានចិន CGTN បានឲ្យដឹងផងដែរថា ក្រោយកើតហេតុ ដើម្បីជាការអរគុណ កូនប្រុសរបស់លោកតារងគ្រោះ ក៏បានជូនសគុណដល់នាង ២ ,០០០យ័ន (ឬប្រហែលជា ២៩៥ដុល្លារអាមេរិក) ចំពោះភាពក្លាហាន និងទឹកចិត្តដ៏ល្អរបស់នាង។ ប៉ុន្តែទោះជាយ៉ាងណាក្តី Ding នាងក៏បានបដិសេធ ដោយមិនទទួលយកលុយនោះឡើយ។

កូនប្រុសលោកតារងគ្រោះបាននិយាយថា៖ «ប្រសិនបើគ្មាននាងទេ ឪពុករបស់ខ្ញុំអាចនឹងស្លាប់ជាមិនខាន..... នាងមិនព្រមទទួលយកលុយដែលជាសគុណខ្ញុំជូននាង ហើយនាងថែមទាំងមិនបានបញ្ចេញឈ្មោះនាងប្រាប់ខ្ញុំទៀត»

គួរឲ្យដឹងផងដែរថា ទាល់តែវីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមទេ ទើបនៅទីបំផុតគេក៏អាចដឹងពីអត្តសញ្ញាណរបស់និស្សិតស្រីខាងលើនេះ។

អ្វីដែលរឹតតែរំភើបចិត្តចំពោះ Ding ផងដែរនោះ ខាងស្ថានីយរថភ្លើង ក៏បានផ្ញើលិខិតមួយទៅដល់សាកលវិទ្យាល័យរបស់នាង ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាសកម្មភាពសប្បុរសរបស់ Ding ជួយដល់អ្នករងគ្រោះពេលស្ថិតក្នុងស្ថានភាពលំបាក ឬគ្រោះថ្នាក់ផងដែរ។

ពិសេសជាងនេះទៅទៀតនោះ Ding នាងក៏ទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមថែមទៀតផង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]