(ភ្នំពេញ)៖ បច្ចុប្បន្នទឹកជំនន់កំពុងតែ វាយលុកយ៉ាងខ្លាំង ដល់បណ្ដាខេត្តជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលនាំឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងជួបនូវបញ្ហា និងភាពលំបាកជាទម្ងន់ បន្ទាប់ពីផ្ទះសម្បែង ត្រូវបានជន់លិច ដោយសារទឹកឡើងខ្លាំង ជាពិសេសនោះ គឺខេត្តស្ទឹងត្រែង ដែលកំពុងតែទទួលរង និងកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារទឹកជំនន់ហូរមកពីប្រទេសឡាវ។ យ៉ាងណាមិញ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានសម្ដែងនូវក្ដីព្រួយបារម្ភ និងឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ដ៏ធំៗនេះ។

ជាក់ស្ដែង លោក ណុប បាយ៉ារិទ្ធ បានសម្ដែងនូវក្ដីព្រួយបារម្ភ ដោយលោកបានសរសេររៀបរាប់ បង្ហោះនៅក្នុងគណនីហ្វេសប៊ុក របស់លោកថា «សូមពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ដែលហូរចេញមក ពីប្រទេសឡាវ ពិសេសបងប្អូន ដែលរស់នៅតាមបណ្តាខេត្ត ដែលជាប់ព្រំប្រទល់ឡាវ និងសូមនាំគ្នាទៅរស់នៅជាបណ្តោះអាសន្ន នៅទីទួលខ្ពស់ ជាទីដែលជានាំមកនៅ សុវត្ថិភាពដល់បងប្អូន និងក្រុមគ្រួសារ និងកុំភ្លេចបង្កើន ការប្រុងប្រយ័ត្នបន្ថែម ទៅលើកូនតូចៗ កុំឲ្យលេងទឹក ហូបទឹកស្អាត បង្កើនអនាម័យ ការពារពីសត្វអសិរពិស គ្រប់ប្រភេទ» ។

លោកបានបន្តទៀតថា «សូមបងប្អូនបង្កើនការចេះជួយគ្នា ស្រឡាញ់គ្នា យកអាសារគ្នាក្នុងគ្រាមានអាសន្ន កុំរើសអើងគ្នា ចេះមើលថែគ្នា ដើម្បីឆ្លងផុតនៅការលំបាកទាំងអស់គ្នា។ សូមបួងសួង កុំឲ្យទឹកជំនន់មកយាយី ដល់ប្រទេសកម្ពុជាយើង ពិសេសកុំឲ្យបំផ្លាញដល់សេចក្តីសុខ ទ្រព្យសម្បត្តិ និងអាយុជីវិត ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋយើងបានសោះ»។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ដែលហូរចេញពីប្រទេសឡាវ កំពុងតែវាយលុកកាន់តែខ្លាំង ដល់ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺខេត្ត ដែលនៅជាប់នឹងព្រំប្រទល់ប្រទេសឡាវ ពោលគឺខេត្តស្ទឹងត្រែង ខណៈប្រជាពលរដ្ឋ រាប់រយគ្រួសារ រស់នៅទីនោះ បានធ្វើការជម្លៀសចេញ ពីផ្ទះសម្បែង ឲ្យទៅកាន់ទីទួលសុវត្ថិភាព ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតមានឡើង ពីទឹកជំនន់ដ៏ធំមួយនេះ៕

ណុប​ បាយ៉ារិទ្ធ
ណុប​ បាយ៉ារិទ្ធ
សារណុប​ បាយ៉ារិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ