អង់គ្លេស៖ កីឡាករ Harry Maguire ជឿជាក់ថា រូបគេនឹងក្លាយជាកីឡាកររបស់ក្រុម Manchester United ក្នុងពេលឆាប់ៗនេះ។

ខ្សែការពារវ័យ២៥ឆ្នាំរូបនេះបានធ្វើឲ្យអ្នកតាមដានបាល់ទាត់ភ្ញាក់ផ្អើលមែនទែន ក្រោយពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយជម្រើសជាតិរបស់អង់គ្លេសនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ កន្លងទៅ ដោយសារតែអ្នកគាំទ្រខ្លះមិនស្គាល់ឈ្មោះកីឡាកររូបនេះមុនជម្រើសជាតិធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីផង។ 

កីឡាករ Harry Maguire

បើយោងតាមសារព័ត៌មានមួយបានឲ្យដឹងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបង្ហើបប្រាប់មិត្តភក្តិជិតស្និតរបស់គេថា រូបគេនឹងទៅលេងឲ្យក្រុម Manchester United នៅរដូវកាលក្រោយ ហើយរូបគេជឿជាក់ថាការផ្លាស់ប្តូរក្លិបនេះនឹងត្រូវគេប្រកាសជាសាធារណៈនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ខណៈនេះដែរ គ្រូបង្វឹករបស់ក្រុម Manchester United លោក Jose Mourinho ក៏បានជម្រុញឲ្យថ្នាក់គ្រប់គ្រងក្លិបឲ្យនាំយកខ្សែការពារយ៉ាងតិចមួយរូបទៀតមកកាន់ទឹកដី Old Trafford នារដូវកាលក្រោយ ក្រោយពីពួកគេបានលក់ខ្សែការពារ Daley Blind កាលពីប៉ុន្មានថ្ងៃមុន។ 

លោក Mourinho និងកីឡាករ Blind

គួរឲ្យដឹងថា Harry Maguire ទើបតែមកលេងឲ្យក្រុម Leicester City កាលពីរដូវកាលមុនប៉ុណ្ណោះ ដោយរូបគេបង្ហាញខ្លួនរាល់ប្រកួតរបស់ក្រុមនៅក្នុងក្របខ័ណ្ឌ Premier League ហើយទម្រង់លេងរបស់រូបគេត្រូវបានលោក Gareth Southgate មើលឃើញ នឹងបានកោះហៅរូបគេទៅចូលរួមជម្រើសជាតិបាន១២ដងផងដែរ៕

កីឡាករ Harry Maguire

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]