ភ្នំពេញៈ ក្រុមសមាគមន៍បាល់ទះ ក្រសួងមហាផ្ទៃកម្ពុជា បានប្រកួតឈ្នះលើក្រុមបាល់ទះ ឡុង អាន (Long An) របស់ប្រទេសវៀតណាម ក្នុងលទ្ធផលបច្ចេកទេស ៣សិតទល់នឹង១ នៅក្នុងជំនួបប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ កាលពីថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ម្សិលមិញនេះ នៅក្នុងតារាងបាល់ទះពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ។

នៅក្នុងការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិរវាងក្រុម ក្រសួងមហាផ្ទៃ និងក្រុម ឡុង អាន ខាងលើនេះ គឺធ្លាប់ជួបគ្នាចំនួន ២ដងមកហើយ កាលពីឆ្នាំ២០១១ ដោយទទួលបានលទ្ធផលឈ្នះម្ដងម្នាក់ ។ ចំណែក នៅក្នុងជំនួបលើកទី៣នេះវិញ ក្រសួងមហាផ្ទៃ បានបន្ដឈ្នះម្ដងទៀត ។ ដូច្នេះ នេះគឺជាលើកទី២ហើយ ដែលក្រុមបាល់ទះក្រសួងមហាផ្ទៃកម្ពុជា បានយកឈ្នះលើក្រុមបាល់ទះ ឡុង អាន វៀតណាម ។

ចំពោះលទ្ធផលនៅក្នុងពេលប្រកួត គឺក្រុមក្រសួងមហាផ្ទៃ ចាញ់ក្រុម ឡុង អាន មួយសិតដំបូង ក្នុងលទ្ធផល ២០ទល់នឹង២៥ ។ ចំណែកនៅសិតទី២ ទី៣ និងទី៤ ក្រុមក្រសួងមហាផ្ទៃបានយកឈ្នះ ៣សិតជាប់ៗគ្នា ក្នុងលទ្ធផលបច្ចេកទេស ២៥ទល់១៧, ២៥ទល់២២ និង២៥ទល់២១ ។

លោក ប៉ោ សារ៉ាក អនុប្រធានសមាគមន៍បាល់ទះក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានក្រោយពីបានបញ្ចប់ប្រកួតថា នៅក្នុងជំនួបមិត្តភាពនេះ គឺគ្រាន់តែជាការប្រកួតមួយ ដើម្បីដក់ស្រង់យកបទពិសោធន៍ និងបច្ចេកទេសគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតក្រុមទាំង២នេះ ក៏ធ្លាប់ជួបគ្នា ២ដងមកហើយ  នៅឆ្នាំ២០១១ ដោយជួបលើកទី១ នៅក្នុងក្រុង ឡុង អាន ប្រទេសវៀតណាម គឺក្រុមក្រសួងមហាផ្ទៃ ចាញ់ ២សិតទល់៣ និងលើកទី២ ជួបគ្នានៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រសួងមហាផ្ទៃ បានយកឈ្នះវិញ ៣សិតទល់១ ។

លោក ប៉ោក សារ៉ាក បានបន្ដទៀតថា ក្រុមក្រសួងមហាផ្ទៃរបស់កម្ពុជា នឹងចេញដំណើរទៅក្រុមទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ ដើម្បីធ្វើការប្រកួតលក្ខណៈ មិត្តភាពជាមួយក្រុមបាល់ទះខេត្ត ភូថង របស់វៀតណាមជាបន្ដទៀត ។ លោកបន្ថែមទៀតថា ការចេញដំណើរ ទៅប្រកួតនៅវៀតណាមនេះ មិនមែនជាការប្រកួតយកឈ្នះចាញ់នោះទេ គឺគ្រាន់តែជាការប្រកួត ដកស្រង់យក បទពិសោធន៍ និងបច្ចេកទេសគ្នាទៅវិញទៅមកប៉ុណ្ណោះ ដើម្បីយកទៅចូលរួមប្រកួតកីឡា ស៊ី ហ្គេម ២០១៣ នៅប្រទេសមីយ៉ាន់ម៉ាផងដែរ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]