ប្រេស៊ីល៖ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានសម្រេចចិត្តផ្តល់កុងត្រាថ្មីដល់គ្រូបង្វឹក Tite ទោះបីជាលោកមិនបានដឹកនាំជម្រើសជាតិឲ្យបានជោគជ័យក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក៏ដោយ។

ក្រុមជម្រើសជាតិប្រេស៊ីលត្រូវបានអ្នកទស្សនាបាល់ទាត់រំពឹងទុកថាពួកគេអាចនឹងឈ្នះពាន World Cup ឆ្នាំ២០១៨ ដោយសារតែពួកគេមានកីឡាករល្អៗជាច្រើននៅក្នុងក្រុម ប៉ុន្តែសំណាងអាក្រក់ ពួកគេត្រូវក្រុមប៊ែលហ្ស៊ិកទម្លាក់នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ 

លោក Tite និងកីឡាករ Neymar

យ៉ាងណាមិញ អ្នកគាំទ្រជម្រើសជាតិប្រេស៊ីលដូចជាមិនសូវមានប្រតិកម្មអ្វីច្រើនទៅលើការដឹកនាំរបស់លោក Tite នោះទេ ទោះបីជាជម្រើសជាតិធ្លាក់មុនការរំពឹងក៏ដោយក្តី ដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះទទួលបានកុងត្រាថ្មីដែលធ្វើឲ្យលោកបង្វឹកក្រុមជម្រើសជាតិរហូតព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅនៅប្រទេសកាតា។

បើយោងតាមសម្តីរបស់គណៈកម្មធិការបាល់ទាត់ប្រេស៊ីល លោក Edu Gaspar បានបង្ហាញថា សហព័ន្ធពិតជាទុកចិត្តទៅលើការបង្វឹករបស់លោក Tite ហើយទោះបីជាព្រឹត្តិការណ៍ World Cup ឆ្នាំនេះក្រុមជម្រើសជាតិធ្វើមិនសូវបានល្អក្តី លោកសង្ឃឹមថា ពួកគេនឹងមានពេលគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនទៅលេងនៅ World Cup ២០២២ ខាងមុខនេះ។ 

លោក Edu Gaspar

គួរឲ្យដឹងថា បើលោក Tite នៅបន្តកាន់ដំណែងគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលដល់ឆ្នាំ២០២២ពិតមែន នោះលោកនឹងក្លាយទៅជាគ្រូបង្វឹកដែលកាន់ដំណែងបានរយៈពេលវែងជាងគេក្នុង៦៨ឆ្នាំចុងក្រោយនេះ (លោកបានឡើងកាន់ដំណែងពីឆ្នាំ២០១៦) ដោយតាំងពីឆ្នាំ១៩៥០មក ប្រេស៊ីលមិនដែលមានគ្រូបង្វឹកដែលកាន់ដំណែងជាប់បានច្រើនជាង៤ឆ្នាំនោះទេ៕

លោក Tite

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]