បរទេស៖ តារាឆ្នើម Cristiano Ronaldo បានចាកចេញទៅកាន់ក្រុមសេះបង្គង់ Juventus ពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃ ១០០លានផោន ដែលធើ្វឲ្យអ្នកគាំទ្រ ជាពិសេសហ្វេនរបស់ក្រុមយក្សនៅអេស្ប៉ាញនេះ សោកស្ដាយមិនស្ទើរនោះទេ។

បញ្ហាកំពុងចោតឡើងទៅកាន់ក្រុមជើងឯក Champions League ១៣សម័យ ដោយប្រិយមិត្ដរបស់ក្លិបកំពុងតែតឿនថា ត្រូវរកកីឡាកររូបណាដែលមានសមត្ថភាពខ្លាំងដូច Ronaldo ដើម្បីមកជំនួសរូបគេ ខណៈដែលចំនុចនេះគឺជារឿងពិបាក ក្នុងការស្វែងរកកីឡាករលំដាប់ណាម្នាក់ ដើម្បីជំនួសតំណែងកីឡាករដែលពាក់អាវលេខ៧ នេះ។

ថៃ្ងនេះ Khmerload សូមបង្ហាញនូវកីឡាករទាំង១០ ដែលមានសមត្ថភាពក្នុងការជំនួសតំណែង Ronaldoនៅ Real Madrid៖  

១០. Leon Bailey

កីឡាករវ័យ ២០ឆ្នាំ ជនជាតិចាម៉ៃកា នេះ គឺជាកីឡាករដ៏មានទេពកោសល្យម្នាក់ ដោយទម្រង់លេងរបស់គេ គឺស្រដៀងទៅនឹង Ronaldo។ Bailey គិតត្រឹមពេលនេះ រកបាន១២គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមបានចំនួន៦ដងហើយ សម្រាប់ក្រុម Bayern Leverkusen រដូវកាលមុន។ ជាមួយនឹងល្បឿនរបស់គេ ធើ្វឲ្យគេងាយស្រួលក្នុងការអូសបាល់ដាច់ខែ្សការពារ។  

Leon Bailey

៩.Harry Kane

មតិជាច្រើនសម្រាប់ប្រិយមិត្ដដែលស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជាបានស្គាល់ច្បាស់ពីសមត្ថភាពរបស់ខែ្សប្រយុទ្ធ Kane របស់ក្រុម Tottenham Hotspur។ គិតត្រឹមពេលនេះ ខែ្សប្រយុទ្ធជម្រើសជាតិអង់គ្លេសនេះ បានស៊ុតបញ្ចូលទីចំនួន ១០៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនចំនួន ១៣៩ប្រកួត សម្រាប់ក្របខណ្ឌ Premier League ចាប់តាំងពីរដូវកាល ២០១៤-២០១៥ ហើយក៏បានឈ្នះជ័យលាភីស្បែកជើងមាសក្នុងព្រឹត្ដិការណ៍ World Cup កាលពីថ្មីៗនេះផងដែរ។  

Harry Kane

៨. Neymar

ជាការពិតណាស់ ទាំងចង្វាក់លេង ញាក់ ការបណ្ដើរបាល់ និងការស៊ុតបញ្ចូលទី គឺជាអ្វីដែល Neymar មាន ហើយក្រុម Real Madrid គឺពិតជាខ្លាំង ប្រសិនបើទិញបានកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ។  

Neymar

៧. Kylian Mbappe

កីឡាករវ័យ១៩ឆ្នាំ បានធើ្វព្យុះធើ្វភ្លៀងយ៉ាងខ្លាំង អំឡុងការប្រកួតព្រឹត្ដិការណ៍ World Cup ឆ្នាំ២០១៨ ខណៈរូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំបារាំង ឲ្យឈ្នះពានមួយនេះ ហើយរូបគេក៏បានជាប់ជាកីឡាករវ័យក្មេងឆ្នើមជាងគេក្នុងព្រឹត្ដិការណ៍នោះដែរ។ ដូច្នេះរូបគេ គឺជាបេក្ខភាពមួយដ៏សាកសមក្នុងការជំនួសតំណែង Ronaldo ត្បិតរូបគេនៅក្មេង ហើយមានអនាគតវែងឆ្ងាយទៀត។  

Kylian Mbappe

៦. Paulo Dybala

ខែ្សប្រយុទ្ធជម្រើសជាតិអាហ្សង់ទីននេះ មិនត្រឹមតែមានទេពកោសល្យនោះទេ រូបគេក៏មានអត្ដចរិកចាស់ទុំនៅក្នុងក្រុមផងដែរ។ កីឡាករជំនាញជើងឆ្វេងនេះ បានណែនាំប្រាប់ពិភពលោកទាំងមូលពីភាពខ្លាំងរបស់គេ ក្នុងរដូវកាល ២០១៦-២០១៧ គ្រាដែល Juventus យកឈ្នះ Barcelona ក្នុងពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ ខណៈ Dybala នេះ គឺបានដើរតួនាទីយ៉ាងសំខាន់។  

Paulo Dybala

៥. Goncalo Guedes

កីឡាករជម្រើសជាតិព័រទុយហ្គាល់ នេះ គឺមានរបៀបលេង ក៏ដូចជាតាក់តិចដូចទៅនឹងរៀបច្បងរួចសញ្ជាតិ Cristiano Ronaldo អ៊ីចឹង។ រូបគេអាចលេងក្នុងតំបន់បម្រើស្លាប ជាមួយនឹងភាពវែឆ្លាតក្នុងការគ្រប់គ្រងបាល់ ក៏ដូចជាការចែកបាល់ឲ្យដៃគូរ។ របៀបនៃការលេងរបស់គេ ធើ្វឲ្យគេនឹងឃើញនូវទម្រង់លេងយ៉ាងល្អទៅនឹង Cristiano កាលពីនូវក្មេង។  

Goncalo Guedes

៤. Timo Werner

ក្រុមអធិរាជស Real Madrid មានម្ដង ធ្លាប់បានទាក់ទងទៅលើខែ្សប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់នេះ កាលពីខែមករា ប៉ុន្ដែមិនទាន់ត្រូវរ៉ូវគ្នា។ កីឡាករវ័យ ២២ឆ្នាំនេះ បានចូលលេងក្នុងលីកកំពូលអាល្លឺម៉ង់ដំបូងនៅអាយុ១៧ឆ្នាំ ដោយបច្ចុប្បន្ន រូបគេស៊ុតបញ្ចូលទីបាន៣៤គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៦៣ប្រកួតនៃលីក Bundesliga នេះ។ 

Timo Werner

៣. Robert Lewandowski

ខែ្សប្រយុទ្ធរបស់ក្រុម Bayern Munich នេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏គ្រោះថ្នាក់ខ្លាំងចំពោះខែ្សការពារ ក៏ដូចជាអ្នកចាំទី។ នេះក៏ព្រោះតែភាពប៉ិនប្រសប់ក្នុងការបញ្ចប់ទីរបស់ប្រធានក្រុមជម្រើសជាតិប៉ូឡូញនេះ។ រូបគេបានជាប់ទាក់ទងទៅនឹងការផ្ទេរទៅកាន់ក្រុមយក្សរបស់អេស្ប៉ាញកាលពីប៉ុន្មានរដូវកាលមុនមកហើយ។  

Robert Lewandowski

២. Mauro Icardi

ប្រសិនបើក្រុម Real Madrid កំពុងតែសម្លឹងរកមើលកីឡាករដែលអាចលេងដោយគ្មានការអាណិតអាសូរ ពោលគឺលេងរាងកាចនោះ គឺប្រាកដណាស់ថា Icardi គឺជាជម្រើសដ៏ល្អ។ ខែ្សប្រយុទ្ធរបស់ក្រុម Inter Milan នេះ បានជាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌ Seria A របស់អ៊ីតាលីរដូវកាលមុន ដែលធើ្វឲ្យក្រុមធំៗក្នុងតំបន់អឺរ៉ុបព្យាយាមចង់បានរូបគេ មកចូលរួមក្រុម។  

Mauro Icardi

១. Eden Hazard

នេះអាចជាកីឡាករដែលមានភាគរយច្រើនជាងគេហើយ ដែលក្រុមមានមូលដ្ឋានក្នុងរដ្ឋធានី Madrid អាចទិញយកបានមុនពេលបើករដូវកាលថ្មី។ ប្រធានក្រុមជម្រើសជាតិបែលហ៊្សិកនេះ បានក្លាយជាប្រធានបទយ៉ាងក្ដៅគកុករបស់អ្នកសារព័ត៌មាន ជុំវិញការដោះដូរនេះ។ Hazard វ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០១២ ដោយរយៈពេលប៉ុន្មានឆ្នាំនេះ រូបគេបានជួយក្រុមឈ្នះពានជាច្រើន ហើយថ្មីៗនេះ រូបគេក៏បានជួយក្រុមជម្រើសជាតិឲ្យជាប់លេខ៣ ក្នុងព្រឹត្ដិការណ៍ World Cup ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះដែរ៕  

Eden Hazard

ប្រភព៖ fourfourtwo|sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]